កូរ៉េខាងត្បូង

កូរ៉េ​ខាង​ត្បូង​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ការ​លិច​នាវា​ចម្បាំង

被打捞上来的部分韩国海军天安舰。韩国政府正式公布由美国、澳大利亚、英国、瑞典等国组成的调查团调查结果,确认韩国海军“天安舰”是被朝鲜潜艇发射的鱼雷击沉。
被打捞上来的部分韩国海军天安舰。韩国政府正式公布由美国、澳大利亚、英国、瑞典等国组成的调查团调查结果,确认韩国海军“天安舰”是被朝鲜潜艇发射的鱼雷击沉。 ©Reuters

នៅថ្ងៃ​អង្គារនេះ កូរ៉េ​ខាង​ត្បូង​បាន​បិទបញ្ចប់​ការ​ស៊ើបអង្កេត​លើ​ករណី​លិចនាវា​ចម្បាំង​​ របស់​ខ្លួន នៅ​តំបន់​ព្រំដែន​ទឹក​ជាប់​នឹង​កូរ៉េ​ខាង​ជើង។ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​​យ៉ាងពេញទំហឹង​ចំពោះ​​​រាល់​ ចំណាត់ការ​របស់​កូរ៉េ​ខាង​ត្បូង​ ក្រោយ​​ពី​ដឹង​លទ្ធផល​ស៊ើបអង្កេត​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​លើ​ការលិចនាវា​ចម្បាំង​ នឹង​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​អង្គារនេះ។ នៅ​ថ្ងៃ​ស្អែក រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​នឹង​​យក​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​ទៅ​បង្ហាញ​ជូន​ដល់​​តំណាង​រដ្ឋាភិបាល​ចិន ជប៉ុន និង​រុស្ស៊ី មុន​នឹង​ផ្សព្វផ្សាយ​ជាសាធារណៈ នៅ​ថ្ងៃ​ព្រហស្បតិ៍។

 
ក៏ប៉ុន្តែ នៅពេលនេះ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​​កូរ៉េ​ខាង​ត្បូង​ខ្លះ​បាន​​​បង្ហើប​ឲ្យ​ដឹង​​​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​ខ្លះៗ​ទៅហើយ។ យោងតាមសេចក្តីរាយការណ៍​ទាំងនេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​រកឃើញ​ភស្តុតាង​​ច្បាស់លាស់ ដែល​អាច​បញ្ជាក់ថា កូរ៉េ​ខាង​ជើង​ជា​អ្នក​បាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េ​ខាង​ត្បូង។ មន្រ្តី​ជាន់ខ្ពស់​ខ្លះ​​ក្នុង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​​​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​អ្នក​ទទួលខុស​ត្រូវ​ក្នុង​​រឿង​លិច​នាវា​ចម្បាំង​នេះ។
 

លោក​លី ម្យ៉ុងបាក់ ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​អូបាម៉ា
លោក​លី ម្យ៉ុងបាក់ ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​អូបាម៉ា ©Reuters

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​អង្គារ​នេះ លោក​អូបាម៉ា​​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​​លោក លី ម្យ៉ុងបាក់ (Lee Myung-bak)។ នៅ​សប្តាហ៍​ក្រោយ​នេះ លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្ហាញ​​នូវ​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។

ជួនចំពេល​ដែល​កូរ៉េ​ខាង​ត្បូង​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ការលិចនាវា កូរ៉េ​ខាង​ជើង​​​បាន​ប្រកាស​កោះ​ប្រជុំ​សភា​នៅ​ខែ​ក្រោយ។ គួរ​បញ្ជាក់ថា កូរ៉េ​ខាង​ជើង​មិនចេះ​តែ​កោះប្រជុំ​សភា​​ដោយ​​គ្មាន​កិច្ចការ​អ្វី​សំខាន់​នោះទេ។ អ្នកវិភាគ​ជាច្រើន​​យល់​ថា កិច្ចប្រជុំ​សភា​នេះ​ទំនង​ជា​ធ្វើ​ឡើង ដើម្បី​ជជែក​អំពី​​រឿង​លិចនាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​នេះ​ឯង។

នៅ​ពេលនេះ​កូរ៉េ​ខាង​ត្បូង​កំពុង​ត្រៀមរៀបចំ​ចាត់វិធានការ​តបត​នឹង​កូរ៉េ​ខាង​ជើង ក្រោយ​ពី​​លទ្ធផល​ស៊ើបអង្កេត​ត្រូវ​ប្រកាស​ជា​ផ្លូវការ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​​បង្ហើប​ឲ្យ​ដឹង​ថា គេ​​ផ្តោត​លើ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ជាជាង​ការ​ប្រើ​កម្លាំង​យោធា។ កូរ៉េ​ខាង​ត្បូង​ក៏​គ្រោង​នឹង​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ផង​ដែរ។ ក៏ប៉ុន្តែ គេ​មិនដឹង​ថា​ តើ​ចិន​ ដែល​មាន​សិទ្ធិវ៉េតូ​ នឹង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ​ ឬ​ក៏​យ៉ាងណា​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI