កូរ៉េខាងត្បូង

អាណាព្យាបាល​ជនរង​គ្រោះ​លិច​សាឡាង​នៅ​កូរ៉េ ធ្វើ​ការ​កោរសក់​ជា​សាធារណៈ​

អាណាព្យាបាល​ជនរងគ្រោះ​ដោយសារគ្រោះថ្នាក់​លិច​សាឡាង​នៅកូរ៉េ​ខាង​ត្បូង ធ្វើការ​កោរសក់​ជាសារធារណៈ ថ្ងៃ​ទី​២ មេសា ២០១៥
អាណាព្យាបាល​ជនរងគ្រោះ​ដោយសារគ្រោះថ្នាក់​លិច​សាឡាង​នៅកូរ៉េ​ខាង​ត្បូង ធ្វើការ​កោរសក់​ជាសារធារណៈ ថ្ងៃ​ទី​២ មេសា ២០១៥ afp.com/Ed Jones

គ្រោះថ្នាក់​លិច​សាឡាង​ នៅ​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៤​ ​នៅ​មិន​ទាន់​ដាច់​ស្រាច់​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២ ​មេសា​នេះ ​អាណា​ព្យាបាល​​របស់​​ជន​រង​គ្រោះ​​ប្រហែល​ជា​​ជាង​​៥០​​នាក់ ​បាន​​ធ្វើ​​ការ​​កោរ​សក់​ ជា​​សាធារណៈ​ នៅ​​កណ្តាល​​ក្រុង​​សេអ៊ូល ​ដើម្បី​​ទាមទារ​ឲ្យ​​មាន​​តម្លាភាព​ ក្នុង​​ការ​​ស៊ើប​​អង្កេត ដើម្បី​​ស្វែង​រក​​មូលហេតុ ​ដែល​បណ្តាល​​ឲ្យ​​មាន​គ្រោះថា្នក់ ​ដ៏​​អកុសល​​នេះ។ ក្នុង​​ចំណោម​​ជន​​រង​គ្រោះ​​ទាំង ​៣០៤​​នាក់ ​មាន​​២៥០​​នាក់​ សុទ្ធ​សឹង​​តែ​​ជា​​សិស្ស​​សាលា។

ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ទីលាន​ដ៏​ធំមួយ ​ចំ​កណ្តាល​ក្រុង​សេអ៊ូល ​រដ្ឋធានី​កូរ៉េ​ខាងត្បូង ​មាន​ប្រជាជន​កូរ៉េ​ប្រុស​ស្រី​ បាន​មក​ជួបជុំ​គ្នា​ ហើយ​ប្រមាណ​ជា​ជាង​៥០នាក់ ​មាន​ពាក់​ក្រណាត់​រុំ​ ដូច​នៅ​ក្នុង​ហាង​កាត់សក់​ដូច្នោះ​ដែរ។ មនុស្ស​ទាំង​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អាណាព្យាបាល ​ក្មេង​សិស្ស​សាលា​ ដែល​បាន​ស្លាប់​ ក្នុង​ហេតុការណ៍​លិច​សាឡាង ​កាល​ពី​ថ្ងៃ​ទី​ ១៦ ​មេសា ​ឆ្នាំ ​២០១៤។ ដោយ​មាន​ដាក់​បដា​សរសេរ​ពាក្យ​ថា “ការ​ពិត​មិន​អាច​លិច​បាត់​ជា​ដាច់​ខាត” ​អ្នក​តវា​ទាំងអស់​ បាន​មក​ជួបជុំ​គ្នា ​ដើម្បី​ធ្វើ​ការ​កោរសក់​ជា​សាធារណៈ ​កាន់ទុក្ខ​ដល់​សព​ជន​រង​គ្រោះ​ ដែល​ជា​កូនៗ​របស់​ពួក​គេ ​និង​ទាមទារ ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ ប្រកប​ដោយ​តម្លាភាព។

 
សូម​រំលឹក​ថា ​ហេតុការណ៍​លិច​សាឡាង ​បាន​កើតឡើង​ជិត​មួយ​ឆ្នាំ​មក​ហើយ ​ដែល​ក្នុង​គ្រោះថ្នាក់​នេះ ​មាន​មនុស្ស​ស្លាប់ ​ទាំង​អស់ ​៣០៤​នាក់ ​ហើយ​ក្នុង​ចំណោម​នោះ​ មាន ២៥០​ នាក់​ សុទ្ធសឹង​ជា​ក្មេង​សិស្ស​សាលា។ តុលាការ ​កូរ៉េ​ខាង​ត្បូង ​បាន​ផ្តន្ទាទោស ​មេការ​បើក​សាឡាង​នោះ ​ឲ្យ​ជាប់​គុក ​៣៦​ឆ្នាំ​ ​ហើយ​មនុស្ស​៣នាក់​ផ្សេង​ទៀត ​ដែល​មាន​ទួនាទី​លើ​សាឡាង​ដែរ​ ​ឲ្យ​ជាប់​គុក​ ពី ​១៤​ទៅ ​៣០​ឆ្នាំ។ ដោយឡែក​ រដ្ឋសភា​កូរ៉េ​ខាងត្បូង ​បាន​សម្រេច​ ឲ្យ​បង្កើត​ជា​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ ​ដែល​បង្ក​ឲ្យ​សាឡាង​លិច។

ប៉ុន្តែ​អាណាព្យាបាល​ជន​រង​គ្រោះ​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ​មាន​ចេតនា​លូកដៃ​ទៅ​ក្នុង​ការ​ស៊ើប​អង្កេត​ ​ដោយ​បាន​តែងតាំង​ដៃជើង​របស់​ខ្លួន​ មួយ​ចំនួន ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ក្រុម​ស៊ើប​អង្កេត។ ​ការ​ធ្វើ​បែប​នេះ ​ក៏​ដោយសារ​តែ​រដ្ឋាភិបាល ​ខ្លាច ​មិន​ហ៊ាន​ប្រឈមមុខ​នឹង​ការ​ពិត ​ទាក់ទិន​ទៅ​នឹង ​ការ​ធ្វេស​ប្រហែស​ របស់​អាជ្ញាធរ ​ដែល​បណ្តោយ​ឲ្យ​គ្រោះថ្នាក់​នេះ​កើត​ឡើង​បាន។

សូម​បញ្ជាក់​ថា​ ដោយ​ផ្អែក​លើ​ការ​សន្និដ្ឋាន ​សាឡាង​ដែល​លិច ​អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​បី​ធំៗ​​គួប​ផ្សំ​គ្នា ​ទីមួយ​គឺ​ការ​ផ្ទុក​ទំងន់​លើស​ចំណុះ​ ​ទី​ពីរ​គឺ​​អសមត្ថភាព​របស់​ក្រុម​ការងារ​បើកបរ​សាឡាង​ ហើយ​ទីបី​ គឺ​ការ​ពង្រីក​បន្ថែម​ នៅ​បាត​ទូក​របស់​សាឡាង ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ​និង​មិន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស។ អ្នក​តំណាង​ជន​រងគ្រោះ ​ក៏​បាន​ស្តី​បន្ទោស​ថា ក្រុម​សង្គ្រោះ បាន​ធ្វើការ​យឺតយ៉ាវ​ពេក ​ហើយ​នឹង​ខ្វះ​ការ​សហការ​គ្នា​ឲ្យ​បាន​ល្អ ​ដែល​ធ្វើឲ្យ​ការ​ជួយ​សង្គ្រោះ​មិន​បាន​ទាន់​ពេល​វេលា ​ហើយ​ចំនួន​អ្នក​ស្លាប់​កាន់​តែ​កើន​ឡើង។

ទាក់ទិន​ទៅ​នឹង​សំណង​ជម្ងឺចិត្ត​ ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ សន្យា​ថា​នឹង​ផ្តល់​ប្រាក់ ​ចំនួន​៣៨​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​គ្រួសារ ​ក៏​ត្រូវ​បាន​គេ​រិះគន់​ផងដែរ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​បាន​រិះគន់​ថា ​រដ្ឋាភិបាល​មាន​បំណង​យក​លុយ​មក​បំបិត​មាត់ ​ពួកគេ​មិន​ឲ្យ​តវា។ រដ្ឋាភិបាល​គួរណា​តែ ​ប្រញ៉ាប់​ ស្រង់​យក​នាវា​ដែល​លេច ​ចេញ​ពី​ទឹក​សមុទ្រ ​ហើយ​និង​ស្វែងរក​សាកសព​មនុស្ស​៩នាក់​ទៀត​ ដែល​បាត់​មិន​ទាន់​រក​ឃើញ ​ដើម្បី​ឲ្យ​គ្រួសារ​គេ​ បាន​អស់ចិត្ត។ អ្វី​ដែល​គេ​ចង់​បាន ​មិនមែន​ប្រាក់​សំណង​នោះ​ទេ ​ប៉ុន្តែ​គឺ​ការ​ទទួល​ស្គាល់​ការ​ពិត ​ពី​ការធ្វេសប្រហែស​របស់​អាជ្ញាធរ ​ហើយ​ ជា​ពិសេស  ​ត្រូវ​បន្តឹង​ការ​អនុវត្តន៍​ច្បាប់ ​និង​ការ​ត្រួត​ពិនិត្យ ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​គ្រោះថ្នាក់​បែប​នេះ​ ​កើតឡើង​ជា​ថ្មី​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI