ចិន

ចិន៖​កំណើន​សេដ្ឋកិច្ច​នៅ​ក្រោយ​ឆ្នាំ ២០១៦ នឹង​មិន​អាច​មាន​លើស​ពី ៦,៥%

ចិន៖​កំណើន​សេដ្ឋកិច្ច​នៅ​ក្រោយ​ឆ្នាំ ២០១៦ នឹង​មិន​អាច​មាន​លើស​ពី ៦,៥%
ចិន៖​កំណើន​សេដ្ឋកិច្ច​នៅ​ក្រោយ​ឆ្នាំ ២០១៦ នឹង​មិន​អាច​មាន​លើស​ពី ៦,៥% REUTERS/Jason Lee TPX

នៅ​ក្នុង​ប្រទេស​ចិន ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​នៅ​បន្ត​ផុសស្រួយ​ក្នុង​ថ្ងៃ​ទី១ នៃ​សប្តាហ៍​ថ្មី។ នៅ​ថ្ងៃ​ចន្ទ​នេះ តម្លៃ​ភាគហ៊ុន​នៅ​ផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​សៀងហៃ​បាន​បន្ត​ធ្លាក់​ចុះ នោះ​បើ​ទោះ​បី​ជា​មាន​អន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​តម្លៃប្រាក់​យ័ន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ​ថា កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្រោយ​ឆ្នាំ ២០១៦ ក៏​មិន​អាច​មាន​លើស​ពី ៦,៥% ដែរ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បាត់បង់​តម្លៃ​អស់ ១០% នា​សប្តាហ៍​កន្លង​ទៅ និង​ក្រោយ​ពី​បាន​ងើប​ឡើង​វិញ​បន្តិច​ក្នុង​ថ្ងៃ​សុក្រ ទី៨ មករា​ដោយសារ​តែ​​មាន​អន្តរាគមន៍​របស់​រដ្ឋាភិបាល​មក តម្លៃភាគហ៊ុន​នៅ​ផ្សារ​ភាគហ៊ុន​ចិន​ធ្លាក់​ថ្លៃ​ជា​ថ្មី​នា​ថ្ងៃទី១ សប្តាហ៍​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​ធ្លាក់​ថ្លៃ​នៅ​មាន​កម្រិត​ទាប​ដែល​មិន​បាន​ឈាន​ដល់​ការ​ផ្អាក​ទិញ លក់ ឬ​ការ​បិទ​ផ្សារ​ភាគហ៊ុន​ដូច​សប្តាហ៍​កន្លង​ទៅ​ទេ។ គួរ​ជម្រាប​ជូន​ថា មាន​វិធានការ​សំខាន់​ចំនួន​ពីរ​ដែល​រដ្ឋអំណាច​ចិន​បាន​អនុម័ត​តាំង​ពី​ថ្ងៃ​ចន្ទ ទី៤ មករា​ដើម​សប្តាហ៍ ទី១ ផ្អាក​ការ​ទិញ ដូរ​រយៈពេល ១៥នាទី ប្រសិន​បើ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ថ្លៃ​ត្រឹម ៥% និង​ទី២ បិទទ្វារ​ផ្សារ​ភាគហ៊ុន​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ប្រសិន​បើ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ថ្លៃ​ដល់​ទៅ ៧%។

ក្នុង​សប្តាហ៍​កន្លង​ទៅ ធនាគារកណ្តាល​ចិន​បាន​សម្រេច​អន្តរាគមន៍​លើ​តម្លៃ​ប្រាក់​យ័ន​ដើម្បី​កាត់​បន្ថយ​ភាព​រំជើបរំជួល​នៅ​លើ​ទីផ្សារ​ភាគហ៊ុន តែ​ក្រុម​អអ្នកវិនិយោគ​ដែល​កំពុង​បារម្ភ​ពី​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ចិន​បាន​ចោទ​សួរ​ពី​វិធានការ​នយោបាយ​រូបិយវត្ថុ​របស់​ទីក្រុង​ប៉េកាំង​សម្រាប់​រយៈពេល​វែង។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​វិនិយោគ​ក៏​បាន​បារម្ភ​ពី​អត្រា​អតិផរណា​នៅ​មាន​កម្រិត​ទាប​ខ្លាំង​ដែល​រដ្ឋាភិបាល​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នា​ចុង​សប្តាហ៍​កន្លង​ទៅ ព្រម​ទាំង​ចោទ​សួរ​ពី​សមត្ថភាព​របស់​ចិន​ក្នុង​ទប់​ស្កាត់។

នៅ​ក្នុង​បរិបទ​នេះ កាសែត​ចិន​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ​បាន​ស្រង់​សម្តី​របស់​លោក​លី វ៉េ ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ដែល​បាន​សារភាព​ថា កំណើន​សេដ្ឋកិច្ច​ចិន​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២០ នឹង​មិន​អាច​មាន​លើស​ពី ៦,៥% បាន​ឡើយ។ យោង​តាម​លោក​លី វ៉េ មាន​កត្តា​សំខាន់​ចំនួន ៣​ដែល​ពន្យឺត​កំណើន​សេដ្ឋកិច្ច​របស់​ចិន ទី១ ដំណើរ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ទី២ កំណើន​តម្លៃ​ពលកម្ម​ដែល​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស​ចិន​បាត់បង់​ភាព​ប្រកួតប្រជែង និង​ទី៣ គឺ​បញ្ហា​បរិស្ថាន​ផ្សេងៗ​ដែល​បាន​ពន្យឺត​ដំណើរការ​ឧស្សាហូបនីយកម្ម។

យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃទី១៩ មករា​ខាង​មុខ ចិន​នឹង​ផ្សព្វផ្សាយ​តួលេខ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រចាំ​ឆ្នាំ ២០១៥។ ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ប្រមើលមើល​ទុក​ជាមុន​ថា គឺ​មាន​ក្នុង​រង្វង់ ៧% ដែល​ជា​អត្រា​មួយ​ដ៏​ទាប​ដែល​ចិន​មិន​ធ្លាប់​មាន​ទេ​គិត​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI