អានតួអត្ថបទ
ថៃ

ថៃ​បើក​សវនការ​ទ្រង់ទ្រាយ​ធំ កាត់ទោស​ក្រុមជួញដូរ​មនុស្ស

ជនសង្ស័យ​ជួញដូរ​មនុស្ស​ចំនួន​៨៨​នាក់​ត្រូវ​បាន​នំា​ខ្លួន​ចូល​តុលាការ​ដែល​ចាប់​បើកសវនការ នៅថ្ងៃ​ទី ១០​វិច្ឆិកា ២០១៥
ជនសង្ស័យ​ជួញដូរ​មនុស្ស​ចំនួន​៨៨​នាក់​ត្រូវ​បាន​នំា​ខ្លួន​ចូល​តុលាការ​ដែល​ចាប់​បើកសវនការ នៅថ្ងៃ​ទី ១០​វិច្ឆិកា ២០១៥ ©REUTERS/Athit Perawongmetha
ដោយ៖ ឈាង បុប្ផា
1 នាទី

តុលាការ​ថៃ កាលពី​ថ្ងៃ អង្គារ ទី ១០​វិច្ឆិកា បាន​បើក​សវនការ​កាត់ទោស​ក្រុមជួញ​មនុស្ស ដែល​អាជ្ញាធរ​ថៃ ទើប​ចាប់ខ្លួន បាន​នៅក្នុង​យុទ្ធនាការ​បង្រ្កាប​បណ្តាញ​ជួញដូរ​មនុស្ស​កាលពី​ពាក់កណ្តាល​ឆ្នាំនេះ។ គឺ​ការរកឃើញ រណ្តៅ​កប់សាកសព នៅក្នុង​ព្រៃ ក្បែរ​ព្រំដែន​ថៃ ម៉ាឡេស៊ី ដែល​ជំរុញ​ឲ្យ​របបសឹក​ថៃ បើក​ប្រតិបត្តិការ​ចាប់​ក្រុមជួញដូរ​មនុស្ស ដែល​នៅក្នុង​នោះ មាន​ជាប់ពាក់ព័ន្ធ​ផងដែរ មន្រ្តីយោធា​ជាន់ខ្ពស់ និង​អ្នកជំនួញ​ថៃ។ 

ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​ជួញដូរ​មនុស្ស ដែល​តុលាការ​ថៃ ទើប​ចាប់​បើក​ដំបូង កាលពី​ថ្ងៃ​អង្គារ មាន​ជនសង្ស័យ​ដល់​ទៅ ៨៨​នាក់ ហើយ​និង​សាក្សី ប្រមាណ ៥០០​នាក់។ តាម​មន្រ្តី​តុលាការ​ថៃ គេ​ត្រូវការ​ពេលវេលា​យ៉ាងតិច​២​ឆ្នាំ ដើម្បី​ពិនិត្យ សំណុំរឿង និង​សាកសួរ​សាក្សី​ប្រមាណ​២០០​នាក់។ ចង់ ឬ​មិនចង់ សវនការ​ជំនុំជម្រះ​ក្រុមជួញដូរ​មនុស្ស នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល យូរ មុន​នឹង​ចៅក្រម​ប្រកាស​សាលក្រម ផ្តន្ទាទោស​ក្រុម​ជួញដូរ​មនុស្ស។

 
តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្នុង​ចំណោម​ជនសង្ស័យ​ជួញដូរ​មនុស្ស ទាំង ៨៨​នាក់ ដែល​លេច​មុខ​នៅ​តុលាការ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​ខ្លះ​និយាយ​ភាសា​ថៃ ភាសា ម៉ាឡេ ឬ​ភាសា​រ៉ូហ៊ីងយ៉ា របស់​ជនជាតិ​ភាគតិច​ដែល​រស់នៅ​ប្រទេស​ភូមា។ ពួកគេ​ត្រូវ​បាន​តុលាការ​ថៃ ចោទ​ប្រកាន់​ថា បាន​ចូលរួម ឬ​មាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស ដែល​ប្រព្រឹត្ត​ឡើង ចន្លោះ​ឆ្នាំ​២០១១ និង​ឆ្នាំ ២០១៥។ ក្នុង​ចំណោម​ជនសង្ស័យ​មាន​ផងដែរ មន្រ្តី​យោធា​ថៃ ៤នាក់ ដែល​ក្នុង​នោះ មាន​លោក​ម៉ាណាស់ គង់ព័ន្ធ មេបញ្ជាការ​យោធា​ថៃ​ដែល​ត្រូវ​គេ​ចាត់ទុក​ថា មេជំហរ​បណ្តាញ​ជួញដូរ​មនុស្ស​នៅ​ថៃ។ តាម​មេធាវី របស់​លោក​ម៉ាណាស់ កូនក្តី​របស់​លោក​បាន​និយាយ​ការពារ​ខ្លួន​ជា​ជនស្អាតស្អំ។

 
ចៅក្រម​ថៃ​ម្នាក់ បាន​និយាយ​ថា ជន​ចោទប្រកាន់​ទាំង ៨៨​នាក់ បាន​បណ្តោយ​ឲ្យ​ជនរងគ្រោះ​ស្លាប់ ដោយ​ការអត់ឃ្លាន និង​គ្មាន​ថ្នាំ​ព្យាបាល។ លើសពីនោះ ពួកគេ​បាន​លាក់​កប់​សាកសព​ជនរងគ្រោះ កណ្តាល​ព្រៃភ្នំ។

ប្រទេស​ថៃ ជាច្រក​ឆ្លងកាត់​សំខាន់​របស់​ក្រុម​ឈ្មួញ​ជួញដូរ​មនុស្ស។ កាលពី​ខែ​ឧសភា របបសឹក​ថៃ បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​ក្រុមមេខ្យល់ ដែល​នាំ​ជនជាតិ​បង់ក្លាដែស និង​រ៉ូហ៊ីងយ៉ា ឆ្លងកាត់​ទឹកដី​ភាគខាងត្បូង​ថៃ សំដៅ​ប្រទេស​ម៉ាឡេស៊ី។ វិធានការ​របស់​រដ្ឋាភិបាល​ថៃ បាន​ឈាន​ទៅ​ដល់​ការរកឃើញ រណ្តៅ​សាកសព​ជនអន្តោប្រវេសន៍ និង​ការបំផ្លាញ​បណ្តាញ​ជួញដូរ​មនុស្ស ដែល​សកម្មខ្លាំង នៅ​ប្រទេស​ថៃ ដោយសារ​តែ​ការបិទ​ភ្នែក ពី​រដ្ឋាភិបាល ឬ​ការចូលរួម​ពាក់ព័ន្ធ​របស់​មន្រ្តី​យោធា​ថៃ។

អ្នកតំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch អបអរ​នឹង​ការបើក​សវនការ​កាត់ទោស​ក្រុមជួញដូរ​មនុស្ស ប៉ុន្តែ បាន​អំពាវនាវ​ឲ្យ​មាន​ការការពារ​សន្តិសុខ​ដល់​សាក្សី។ គេ​បារម្ភ​ផង​ដែរ ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុមជួញដូរ​មនុស្ស ឲ្យ​ដល់​ឫសគល់ បន្ទាប់​ពី​ប្រធាន​ក្រុមស៊ើបអង្កេត​ការជួញដូរ​មនុស្ស​បាន​លាឈប់​ពីតំណែង ដោយសារ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន។ ឧត្តមសេនីយ៍​ទោ ប៉ាវីន ពង់ស៊ីរិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា ​លោក​បាន​រំលាយ​ចោល​អង្គភាព​របស់ខ្លួន កាលពី​ចុង​សប្តាហ៍​មុន ហើយ ការផ្ទេរ​រូបលោក​ផ្លាស់ទៅ​ធ្វើការ​នៅភាគខាងត្បូង​ថៃ គឺ​ដូចជា​បញ្ជូន​រូបលោក​ទៅ​ឲ្យ​ក្នុងដៃ​របស់​បណ្តាញ​ក្រុមជួញដូរ​មនុស្ស​ដែល​កំពុង​សកម្ម​នៅ​ភាគខាងត្បូង និង​កំពុង​រង់ចាំ​សងសឹក។ និយាយ​សាមញ្ញ គឺ​ដូចជា​បញ្ជូន​ទៅ​ឲ្យ​ខ្លាចាប់​ហែកស៊ី យ៉ាង​ដូច្នេះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ