ក្តីសង្ឃឹមចុងក្រោយរបស់អ្នកទោសប្រហារជីវិតជនជាតិបារំាងក្នុងប្រទេសឥណ្ឌូណេស៊ី
នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្តីសង្ឃឹមចុងក្រោយអាចនឹងមានចំពោះអ្នកទោសជនជាតិបារំាងលោក Serge Atlaoui។ លោក Serge Atlaoui ដែលត្រូវបានតុលាការឥណ្ឌូណេស៊ីកាត់ទោសប្រហារជីវិតកាលពីឆ្នំា ២០០៥ ពីបទរត់ពន្ធគ្រឿងញាន។ តែលោកធ្លាប់បានចេញមុខប្រកាសថា លោកមិនបានប្រព្រឹត្តរឿងរត់ពន្ធគ្រឿងញានអ្វីទេ។ កន្លងមក លោក Serge Atlaoui ធ្លាប់បានសុំការលើកលែងទោសពីលោកប្រធានាធិបតីឥណ្ឌូណេស៊ីយូកូ វីដូដូ តែត្រូវបានលោកវីដូដូបដិសេធ។ ឥឡូវនេះ តុលាការឥណ្ឌូណេស៊ីបានយល់ព្រមយកសំណុំរឿងរបស់លោក Serge Atlaoui ទៅពិនិត្យមើលឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
គេនៅមិនទាន់ដឹងទេថា តើជោគវាសនារបស់លោក Serge Atlaoui នឹងមានដំណើរការទៅមុខយ៉ាងម៉េចទេ អ្វីដែលគេអាចនិយាយបានគឺថា ការដែលតុលាការទីក្រុងហ្សាការតាបានយល់ព្រមលើកយកសំណុំរឿងរបស់គាត់ទៅពិនិត្យមើលឡើងវិញពេលនេះ អាចជាក្តីសង្ឃឹមចុងក្រោយមួយដើម្បីឲ្យលោកគេចផុតពីការប្រហារជីវិតនៅថ្ងៃខាងមុខ។ លោក Richard Sedillot មេធាវីការពារលោក Serge Atlaoui បានបញ្ជាក់ថា ប្រសិនបើតុលាការយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ដែលអាចនឹងសម្រាលទោសលោក Serge Atlaoui បាន នោះតុលាការទីក្រុងហ្សាការតានឹងបញ្ជូនសំណុំរឿងនេះទៅឲ្យតុលាការកំពូល ហើយពេលនោះ គឺតុលាការកំពូលជាអ្នកសម្រេចចិត្តចុងក្រោយថាត្រូវ ឬមិនត្រូវបន្ធូរបន្ធយទោសលោក Serge Atlaoui។
យ៉ាងណាក៏ដោយ នេះជាដំណឹងថ្មីមួយដែលលោក Serge Atlaoui បានប្រកាសទទួលយកយ៉ាងប្រយ័ត្នប្រយែង ដោយមិនទាន់ហ៊ានទះដៃសាទរនៅឡើយទេ។ លោកមេធាវី Richard Sedillot បានអះអាងបន្ថែមថា កូនក្តីរបស់លោកកំពុងព្រួយបារម្ភជាពន់ពេក តែនៅមានស្មារតីក្លាហានដដែល និងថា លោក Serge Atlaoui បានទទួលទោសប្រហារជីវិតពីបទជួញដូរគ្រឿងញាននៅឥណ្ឌូណេស៊ីដែលជាប្រទេសមួយមានច្បាប់តឹងតែងខ្លំាងណាស់ទាក់ទងនឹងការជួញដូរគ្រឿងញាន។ សម្រាប់លោកមេធាវី នេះជាសំណុំរឿងមួយដែលពិបាកដោះស្រាយ តែគេនៅតែមានសង្ឃឹមជានិច្ច។
កាលពីថ្ងៃអង្គារ ទី១៧ កុម្ភៈកន្លងទៅក្នុងទីក្រុងប៉ារីស ប្រទេសបារំាង លោកប្រមុខការទូតបារំាង Laurent Fabius បានកោះហៅឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចំាក្រុងប៉ារីសឲ្យចូលជួប។ នៅក្នុងជំនួបនោះ លោក Laurent Fabius បាននិយាយប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីពីក្តីបារម្ភរបស់រដ្ឋាភិបាលបារំាងចំពោះលោក Serge Atlaoui។ គឺប្រហែលជានៅក្រោយជំនួបនោះហើយដែលតុលាការឥណ្ឌូណេស៊ីបានយល់ព្រមលើកយកសំណុំរឿងលោក Serge Atlaoui មកពិនិត្យឡើងវិញពេលនេះ។
គួររម្លឹកជូនថា ក្រៅពីអ្នកទោសប្រហារជីវិតជនជាតិបារំាង ក៏នៅមានអ្នកទោសប្រហារជីវិតជនបរទេសផ្សេងទៀតនៅឥណ្ឌូណេស៊ី ពិសេសជនជាតិអូស្រា្តលីពីរនាក់ដែលកំពុងរង់ចំាថ្ងៃព្យួរ ក។ ថ្មីៗនេះ រដ្ឋាភិបាលអូស្រ្តាលីក៏បានព្រមានសងសឹកឥណ្ឌូណេស៊ីវិញ បើរដ្ឋអំណាចឥណ្ឌូណេស៊ីហ៊ានសម្លាប់ជនជាតិអូស្រា្តលីទំាងពីរនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ