ភូមា

របបសឹក​ភូមា​អនុញ្ញាត​ឲ្យ​ប្រេសិត​អាមេរិក​ជួប​លោកស្រី​អ៊ុង សាន ស៊ូជី

លោកស្រី​អ៊ុង សាន ស៊ូជី មេដឹកនាំ​ប្រឆាំង​ភូមា
លោកស្រី​អ៊ុង សាន ស៊ូជី មេដឹកនាំ​ប្រឆាំង​ភូមា ©AFP

ប្រេសិតពិសេស​របស់​អាមេរិក បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ភូមា នៅ​ថ្ងៃ​អាទិត្យនេះ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ភូមា និង​ជួបជាមួយ​លោកស្រី​អ៊ុង សានស៊ូជី។ ដំណើរទស្សនកិច្ចនេះ​ធ្វើ​ឡើង នៅ​ពេល​ដែល​ភូមា​កំពុង​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ជាតិ នាពេលឆាប់ៗ​ខាងមុខ ដោយ​លោកស្រី​មេដឹកនាំប្រឆាំង​ត្រូវ​បាន​របបសឹក​​ហាម​ឃាត់​មិន​ឲ្យ​ឈរឈ្មោះ​។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​មន្រ្តី​រដ្ឋាភិបាល​ភូមា លោកឃើត ឃែមប៊ែល​ (Kurt Campbell) អនុរដ្ឋមន្រ្តី​ការបរទេស​​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​លោកស្រី​អ៊ុង សានស៊ូជី នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​លើក​នេះ។

ចំណែក​ខាង​មន្រ្តី​របប​សឹកភូមា​វិញ លោក​ឃែមប៊ែល នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​​ក្រសួង​ព័ត៌មាន និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេងទៀត។ ក៏ប៉ុន្តែ លោក​ទំនង​ជា​មិនបាន​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ភូមា ឬ​ក៏​ឧត្តមសេនីយ៍​ ថាន់ ស្វេ នោះទេ។

កាល​ពី​ថ្ងៃ​សុក្រ នៅមុន​ពេល​ដែល​លោក​ ឃែមប៊ែល ធ្វើ​ដំណើរ​ទៅ​ភូមា មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​បង្ហើប​ឲ្យដឹង​ថា ជំនួប​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី គឺជា​ល័ក្ខខ័ណ្ឌ​មិនអាច​ខ្វះបាន នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឃែមប៊ែល ។ ប្រសិន​បើ​របប​សឹក​មិន​អនុញ្ញាត​ឲ្យ​ជួប​លោកស្រី​មេដឹកនាំ​ប្រឆាំង​រូបនេះ​ទេ  ​លោក​ឃែមប៊ែល​​​ក៏នឹង​មិន​ធ្វើ​ដំណើរ​ទៅភូមា​ដែរ។

លោកស្រី​អ៊ុង សានស៊ូជី ដែល​មាន​អាយុ ៦៤​ឆ្នាំ នៅពេលនេះ កំពុងតែ​បន្តជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ដដែល។ កាល​ពី​ឆ្នាំ​២០០៩ លោក ឃែមប៊ែល ធ្លាប់​បាន​ជួបលោកស្រី​ម្តងរួចមកហើយ។ លោក ឃែមប៊ែល គ្រោង​ជួបលោកស្រី​ម្តងទៀត នៅថ្ងៃ​ចន្ទ​ស្អែក នៅទីក្រុង​រ៉ង់ហ្គូន។
គួរ​រំឭកថា គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី បាន​​សម្រេច​ធ្វើ​ពហិការ​មិនចូលរួម​បោះឆ្នោត ដោយ​ហេតុតែ​ច្បាប់​បោះឆ្នោត​ថ្មីនេះ ហាម​ឃាត់​​​លោកស្រី​អ៊ុង សានស៊ូជី មិន​ឲ្យ​ឈរឈ្មោះ។ របបសឹកភូមា​ក៏បាន​សម្រេច​រំលាយ​គណបក្ស​នេះ​ចោល​តែម្តង។
អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​នាំ​គ្នា​រិះគន់​ច្បាប់​បោះឆ្នោត​ថ្មីនេះ​ថា គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​ឲ្យ​មេដឹកនាំ​យោធា​ភូមា ពង្រឹងអំណាច​របស់​ពួក​គេ​តែប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា មេដឹកនាំ​យោធា​បាន​រៀបចំ​តាក់តែង​រដ្ឋធម្មនុញ្ញថ្មីមួយ ដោយ​ក្នុង​នោះ​បាន​ចែង​ថា អាសនៈ​សភា​ចំនួន ២៥% ត្រូវ​​​គេ​បម្រុងទុក​ជាស្រេច​​ឲ្យ​មេដឹក​នាំ​យោធា ដោយ​មិនចាំ​បាច់​មាន​ការ​បោះឆ្នោត។ មេដឹកនាំ​យោធា​ខ្លះ​ទៀត បាន​នាំ​គ្នា​លាឈប់​ពី​តំណែង​ទ័ព ដើម្បី​នាំ​គ្នា​ទៅ​ឈរឈ្មោះ​ដណ្តើម​អាសនៈ ដែល​នៅសេសសល់។ ចំណែក​មេបក្ស​ប្រឆាំង ដែល​ធ្លាប់​ដណ្តើម​ជ័យជំនះ​​ភ្លូកទឹកភ្លូកដី​ ក្នុង​ការបោះឆ្នោត កាល​ពី​ឆ្នាំ​​១៩៩០ ​នោះ ក៏ពួកមេដឹកនាំ​យោធា​ភូមា​ព្យាយាម​រារាំង​មិន​ឲ្យ​ឈរឈ្មោះ​សាជាថ្មី​ទៀត​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI