វៀតណាម

វៀតណាម ផ្តន្ទា​ទោស​មនុស្ស​៣នាក់​ពី​បទ​ប្រឆាំង​ផល​ប្រយោជន៍​ជាតិ

វៀតណាម​ជាប់លេខ ១៧៥​ ក្នុងចំណោម ១៨០ប្រទេស​ ទាក់ទិន​ទៅនឹង​ការ​គោរព​សិទ្ធិ​សេរីភាព​​សារព័ត៌មាន
វៀតណាម​ជាប់លេខ ១៧៥​ ក្នុងចំណោម ១៨០ប្រទេស​ ទាក់ទិន​ទៅនឹង​ការ​គោរព​សិទ្ធិ​សេរីភាព​​សារព័ត៌មាន @rsf

តុលាការ​វៀតណាម ​បាន ​បើក​សាវនាការ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​កុម្ភៈ ផ្តន្ទាទោស​មនុស្ស​៣នាក់ ដែល​ជា​សកម្មជន​ ធ្លាប់​បាន​និយាយ​រិះគន់ ​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ។ អ្នក​ទាំង​បី ត្រូវ​បាន​គេ​កាត់ក្តី​ ឲ្យ​ជាប់​ទោស ម្នាក់ ១៨ខែ ម្នាក់​ទៀត ១៤ខែ ​និង​ម្នាក់​ទៀត ១២ខែ។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​រដ្ឋាភិបាល​វៀតណាម ​ធ្វើការ​បិទ​សិទ្ធិ​សេរីភាព ​លើ​ចលនា​ប្រឆាំង​រិះគន់ និង​បាន​ចាប់​អ្នក​ហ៊ាន​រិះគន់​ទាំងអស់​ ដាក់​គុក។

ផ្សាយពាណិជ្ជកម្ម

ប្រជាជន​វៀតណាម​បី​នាក់ ម្នាក់​ឈ្មោះ ផាំ មិញវូ  ម្នាក់​ទៀត ឈ្មោះ ដូ ណាំទ្រុង  ​និង​ម្នាក់​ទៀត ឈ្មោះ ឡឺ​ធីភៀងអាញ់ ​ត្រូវ​បាន​តុលាការ​ខេត្ត ដុងណៃ  ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម កាត់​ទោស​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​ទី  ១២ កុម្ភៈ  ​ឲ្យ​ជាប់​ពន្ធនាគារ  ម្នាក់​១៨ខែ ១៤ខែ និង​ម្នាក់​ទៀត​១២ខែ។ តុលាការ​បាន​ចោទ​ប្រកាន់ ​ជន​ទាំង​បី​នាក់ ​ពី​បទ​ធ្វើ​សកម្មភាព​ប្រឆាំង​ នឹង​ផល​ប្រយោជន៍​ជាតិ។

ជន​ទាំងបី​នាក់ ​ត្រូវ​គេ​ស្គាល់​ថា  ​ជា​សកម្មជន​សិទ្ធិមនុស្ស  ​និង​ជា​អ្នក​ប្រឆាំង​នូវ​ការ​វាតទី របស់​នយោបាយ​ចិន​កុម្មុយនីស្ត​នៅ​វៀតណាម។ សកម្មជន​ទាំង​បី  ​ធ្លាប់​បាន​ធ្វើ​ចលនា​រិះគន់ ទៅ​លើ​នយោបាយ​ការទូត​ របស់​រដ្ឋាភិបាល​វៀតណាម​ ទាក់ទិន​ទៅ​នឹង​ជម្លោះ​ ជាមួយ​ប្រទេស​ចិន ​កន្លង​មក។ ដោយសារ​តែ​សកម្មភាព​ប្រឆាំង​តវ៉ា​នេះ​ហើយ  ​អាជ្ញាធរ​វៀតណាម​ បាន​ចាប់​ខ្លួន​ពួក​គេ ​កាល​ពី ​ខែ ឧសភា ឆ្នាំ​២០១៤ ​ កន្លង​ទៅ  ​ពី​បទ​បង្ក​ចលាចល ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​​ ដល់​ចរាចរណ៍​សាធារណៈ។ ប៉ុន្តែ​ក្រោយ​មក  ​តុលាការ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ បទ​ចោទ​ប្រកាន់​​ឡើង​វិញ​ ដោយ​បាន​ចោទ​អ្នក​ទាំង​បី ​ពី​បទ​ប្រឆាំង​ទៅ​នឹង​នយោបាយ និង​ផល​ប្រយោជន៍​របស់​រដ្ឋ ​ដោយ​យោង​លើ​មាត្រា ២៥៨ នៃ​ក្រម​ព្រហ្មទណ្ឌ វៀតណាម។

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ  ​ដែល​វៀតណាម ​ប្រើ​ប្រាស់​មាត្រា​ច្បាប់​នេះ  ដើម្បី​បំបិទ​មាត់​និង សម្លេង​រិះគន់​ប្រឆាំង។ តាម​រយៈ​ របាយការណ៍​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ​ដែល​ទើប​តែ​ចេញ​ផ្សាយ ​ស្តី​អំពី​ចំណាត់​ថ្នាក់​ប្រទេស​ដែល​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ  ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៨០ ​ វៀតណាម​ជាប់​លេខ ១៧៥។ អង្គការ​ដដែល​នេះ  ក៏​បាន​ផ្សាយ​ផងដែរ​ថា  ​បច្ចុប្បន្ន ​នៅ​វៀតណាម ​មាន​អ្នក​គ្រប់គ្រង​ទំព័រ Blog ​តាម​អ៊ីនធឺនែត ​ចំនួន​៣៤នាក់ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់​ដាក់​គុក។

រដ្ឋាភិបាល ​កុម្មុយនីស្ត​វៀតណាម  ​កន្លង​មក  ​មិន​ដែល​ពេញចិត្ត​ នឹង​ការ​រិះគន់  ​ហើយ​តែងតែ​ព្យាយាម​គ្រប់​វិធី ​ដើម្បី​បំបិទ​សម្លេង​ប្រឆាំង​ និង​រិះគន់​ ដល់​របៀប​គ្រប់គ្រង​ បែប​ផ្តាច់ការ​របស់​ខ្លួន។ សកម្មជន​សិទ្ធិ​មនុស្ស ​ព្រមទាំង​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន  ​ធ្លាប់​បាន​បរិហារ​អំពី​នយោបាយ​រំលោភ​សិទ្ធិ​មនុស្ស  ​ជា​ពិសេស​លើ​ជនជាតិ​ភាគតិច ​ម៉ុងតាញ៉ា។

ថ្មីៗនេះ  ​ដើម្បី​លួង មតិ​សាធារណៈ និង​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម  ​អាជ្ញាធរ​វៀតណាម  ​បាន​ធ្វើ​ការ​ដោះលែង  ​ជា​បណ្តោះ​អាសន្ន ដល់​អ្នក​និពន្ធ​វៀតណាម​ ដ៏​ល្បី​ម្នាក់  គឺ​លោក ង្វៀន គ័ងឡាប់   ​និង​អ្នក​គ្រប់គ្រង់​ទំព័រ Blog ដ៏​ល្បី​ម្នាក់​ទៀត ឈ្មោះ ហុង ឡឺថូ។ អ្នក​ទាំងពីរ​ ត្រូវ​បាន​តុលាការ​វៀតណាម​ ចាប់​ដាក់​ឃុំ​ ពី​បទ​បង្ក​ចលាចល និង​ប្រឆាំង​ផល​ប្រយោជន៍​ជាតិ ​ដូច​អ្នក​ទាំងបី​​ ខាង​លើ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI