កូរ៉េខាងត្បូង-អាមេរិក៖លោកចន ឃ៊ែរីព្រមានដាក់ទ័ណ្ឌកម្មថ្មីប្រឆំាងនឹងកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីប្រទេសចិន លោកប្រមុខការទូតអាមេរិកចន ឃ៊ែរីបានទៅបំពេញទស្សនកិច្ចក្នុងទឹកដីកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី១៨ ឧសភានេះ។ នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីកូរ៉េខាងត្បូងលោកយុន យ៉ុងសេ លោកឃ៊ែរីបានព្រមានដាក់ទ័ណ្ឌកម្មថ្មីប្រឆំាងនឹងកូរ៉េខាងជើង ប្រសិនបើរបបក្រុងព្យុងយ៉ាងបន្តធ្វើការសាកល្បងនុយក្លេអ៊ែរជាថ្មី។ ទន្ទឹមគ្នានេះ ប្រមុខការទូតអាមេរិកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តចាត់វិធានការលើទង្វើរំលោភសិទ្ធិមនុស្សយ៉ាងកម្រោលរបស់មនុស្សខ្លំាងកូរ៉េខាងជើង គីម ជុនអ៊ុន។
វត្តមានរបស់លោកប្រមុខការទូតអាមេរិកចន ឃ៊ែរីក្នុងទឹកដីកូរ៉េខាងត្បូងពេលនេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលចេញពីនាវាមុជទឹក និងការប្រហារជីវិតរដ្ឋមន្រ្តីការពារជាតិឧត្តមសេនីយ Hyon Yong-Chol។ លោកឃ៊ែរីបានយល់ឃើញថា បើកូរ៉េខាងជើងអាចអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលបាញ់ចេញពីនាវាមុជទឹកបាន ១០០% នោះ ការគំរាមនុយក្លេអ៊ែរមិនត្រឹមមានតែចំពោះកូរ៉េខាងត្បូងក្បែរខាងប៉ុណ្ណោះទេ តែអាចនឹងឆ្លងរាតត្បាតផុតពីឧបទ្វីបកូរ៉េទៅទៀត។ សម្រាប់លោកចន ឃ៊ែរី ទង្វើបាញ់សាកល្បងគ្រាប់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ថា របបក្រុងព្យុងយ៉ាងមិនបានត្រៀមខ្លួនដើម្បីរួមរស់ជាមួយសហគមន៍អន្តរជាតិទេ និងថា វាជាទង្វើរំលោភលើច្បាប់អន្តរជាតិ។
អ៊ីចឹងហើយបានជាលោកឃ៊ែរីបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តដាក់គំនាបលើកូរ៉េខាងជើងដើម្បីឲ្យរបបកុម្មុនិស្តស្តាលីននិយមមួយនេះផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន។ អ្វីដែលលោកឃ៊ែរីចង់បាននៅចំពោះមុខ គឺការដាក់ទ័ណ្ឌកម្មថ្មីប្រឆំាងកូរ៉េខាងជើង ឬមួយក៏វិធានការផ្សេងទៀត។ នាពេលបំពេញទស្សនកិច្ចក្នុងប្រទេសចិន លោកឃ៊ែរីបានលើកឡើងពីក្តីសង្ឃឹមក្នុងការយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៅធ្វើជាគំរូសម្រាប់ដំណោះស្រាយនុយក្លេអ៊ែរកូរ៉េខាងជើង ដោយបានជម្រុញឲ្យមានការចាប់ផ្តើមជាថ្មីនូវកិច្ចចរចា ៦ភាគី។ កិច្ចចរចាដែលសំដៅឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងជំនួយសេដ្ឋកិច្ច ព្រមទំាងការធានាសន្តិសុខ។ តែកិច្ចចរចាត្រូវបានផ្អាកតំាងពីខែធ្នូ ឆ្នំា ២០០៨ មកម្ល៉េះ។
ក្រៅពីបញ្ហានុយក្លេអ៊ែរ លោកឃ៊ែរីក៏បានលើកឡើងពីបញ្ហារំលោភសិទ្ធិមុនុស្សនៅកូរ៉េខាងជើងដែរ ពិសេសទាក់ទងនឹងការប្រហារជីវិតរដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីៗនេះ។ ព័ត៌មានផ្តល់ដោយក្រសួងស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងឲ្យដឹងថា បើគិតតំាងពីដើមឆ្នំា ២០១៥ នេះមក មានមន្រ្តីកូរ៉េខាងជើងសរុប ១៥នាក់ត្រូវបានគេសម្លាប់ចោលពីបទមានគំនិតក្បត់នឹងអគ្គមគ្គុទេសក៍វ័យក្មេងគីម ជុងអ៊ុន។ លោកឃ៊ែរីបានបញ្ជាក់ថា វាជារឿងចំាបាច់ និងបន្ទាន់បំផុតដែលសហគមន៍អន្តរជាតិត្រូវស្វែងយល់ពីទង្វើរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ គួររម្លឹកជូនថាថ្មីៗនេះ របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងដែលចេញផ្សាយដោយអង្គការសហប្រជាជាតិបានទាមទារឲ្យបញ្ជូនកូរ៉េខាងជើងទៅកាត់ទោសនៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិក្រុងឡាអេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ