អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​ពិតជា​ចាំបាច់​ក្នុងការ​បញ្ចប់​សង្រ្គាម​មែនឬ?

សំឡេង ០៤:០៣
ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ដោយ៖ សេង ឌីណា
២៦ នាទី

កាលពីចុងសប្តាហ៍​កន្លងទៅនេះ ជប៉ុន​បាន​ធ្វើការ​រំឭកខួប ៧០ឆ្នាំ នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី កាល​ពី​ខែ​សីហា ឆ្នាំ​១៩៤៥។ នៅ​អាមេរិក គេតែងតែ​អះអាង​ថា ការប្រើ​អាវុធ​ប្រល័យលោកនេះ គឺ​ជា​រឿងចាំបាច់ ដើម្បី​បញ្ចប់​សង្រ្គាម​ និង​បញ្ចៀស​កុំ​ឲ្យ​មាន​អ្នក​ស្លាប់​កាន់តែ​ច្រើន​ថែមទៀត។ ក៏ប៉ុន្តែ ៧០ឆ្នាំក្រោយ​មក មាន​មនុស្ស​ជាច្រើន​នៅតែ​បន្ត​ចោទសួរ​ថា តើ​ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​សម្លាប់​ជនស៊ីវិល​រាប់​ម៉ឺននាក់​បែបនេះ វា​ពិតជា​រឿងចាំបាច់​ដូចការ​អះអាង​របស់​អាមេរិក​នេះ​មែន​ឬទេ?

ផ្សាយពាណិជ្ជកម្ម

កាលពី ៧០ឆ្នាំមុន នៅ​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៩៤៥ វេលាម៉ោង ៨ និង​១៥នាទី​ព្រឹក ម៉ោង​ក្នុងស្រុក គ្រាប់បែក​នុយក្លេអ៊ែរ​ទីមួយ​ (ដែល​គេ​ឲ្យឈ្មោះ​ថា « Little Boy ») ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពីលើ​យន្តហោះ ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ ​៣ថ្ងៃក្រោយ​មក នៅថ្ងៃ​ទី៩ សីហា ​​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​មួយគ្រាប់ទៀត (ដែល​គេ​ឲ្យឈ្មោះ​ថា « Fat Man ») ទៅលើ​ទីក្រុង​ណាកាសាគី។ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​ទាំងពីរ​គ្រាប់នេះ បានបណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ប្រមាណ ១២ម៉ឺននាក់​ត្រូវ​ស្លាប់​ភ្លាមៗ (ដោយ​មិន​ទាន់​រាប់​អ្នក​ស្លាប់​ក្រោយៗ​មក​ទៀត ដោយសារធាតុ​វិទ្យុសកម្ម) ហើយ​នៅថ្ងៃ​ទី១៥ សីហា អធិរាជ​ហ៊ីរ៉ូហ៊ីតូ​ក៏​បាន​ប្រកាស​​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ។

តាមការពិត នៅមុន​ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី សង្រ្គាម​លោកលើកទី២ បាន​ឈាន​ជិតមក​ដល់​ទីបញ្ចប់​រួចជាស្រេច​ទៅហើយ ដោយ​​អាល្លឺម៉ង់​បាន​ចុះចាញ់​សង្រ្គាម តាំងពីខែ​ឧសភា គឺ​នៅសល់​តែ​ជប៉ុន​មួយ​ប៉ុណ្ណោះ​ដែល​នៅ​ចចេស​មិន​ព្រម​ចុះចាញ់។ នៅពេលនោះ អ្នកណា​ក៏​ដឹង​យ៉ាងច្បាស់ដែរ​ថា ជប៉ុន​តែឯង​មិន​អាច​ទប់ទល់​នឹង​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​បាន​នោះទេ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ អាមេរិក​នៅតែ​សម្រេចចិត្ត​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ​​វាយប្រហារ​លើ​ជប៉ុន។

មេដឹកនាំ​អាមេរិក​បាន​ធ្វើការ​ពន្យល់​ថា ការ​សម្រេច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅលើ​ជប៉ុន​នៅពេលនោះ គឺ​ដើម្បី​អាច​បញ្ចប់​សង្រ្គាម​ឲ្យ​បាន​ឆាប់ ដោយ​មិន​ចាំបាច់​បញ្ជូន​កម្លាំង​ទ័ព​ធម្មតា​ឲ្យ​ចូល​ឈ្លានពាន​ប្រទេស​ជប៉ុន ដែល​គេ​ព្យាករ​ថា​អាច​នឹង​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​រហូតដល់​ទៅ​១លាន​នាក់ ដោយសារ​តែ​គេមើលឃើញ​ពី​ភាព​ប្តូរផ្តាច់​របស់​ទាហាន​ជប៉ុន នៅ​ក្នុង​សមរភូមិ​មុនៗ ជាពិសេស នៅ​កោះ​អ៊ីវ៉ូជីម៉ា និង​អូគីណាវ៉ា ដែល​កងទ័ព​ជប៉ុន ថ្វីដ្បិត​តែ​ទទួលបរាជ័យ តែ​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​កងទ័ព​អាមេរិក។

ក៏ប៉ុន្តែ​ហេតុផល​ដែល​មេដឹកនាំ​អាមេរិក​បានលើកឡើង​នេះ​មិនបាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ទទួល​យក​នោះទេ ដោយ​មានមនុស្សជាច្រើន រួមទាំង​ប្រជាជន​អាមេរិក​ខ្លួនឯងផង​យល់ថា ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​សម្លាប់​ជនស៊ីវិល​រាប់ម៉ឺននាក់ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី វា​មិនមែន​ជា​រឿងចាំបាច់។

ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្រ្ត​មួយចំនួន​បង្ហាញ​ថា ថ្វីដ្បិត​តែ​ជាសាធារណៈ​ជប៉ុន​​ចចេស​មិនព្រម​ចុះចាញ់​សង្រ្គាម តែ​នៅក្រោយ​ឆាកវិញ ជប៉ុន​បាន​ព្យាយាម​​​ចរចា​​សុំ​ចុះចាញ់​សង្រ្គាម​ជាមួយ​អាមេរិក​តាំង​ពី​មុន​ខែ​សីហា គឺ​មុនការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​ទៅទៀត ក៏ប៉ុន្តែ អាមេរិក​មិនព្រម​ចរចា ដោយ​ទទូច​ទាមទារ​​ឲ្យ​ជប៉ុន​ចុះចាញ់​​ដោយ​គ្មាន​លក្ខខណ្ឌ។

ចំណែក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្លះ​ទៀត​បង្ហាញ​ថា ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅហ៊ីរ៉ូស្ហ៊ីម៉ា​ និង​ណាហ្កាសាគី ក៏​មិនមែន​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​ជប៉ុន​ចុះចាញ់​សង្រ្គាម​នោះដែរ។ ​​មូលហេតុ​ធំបំផុត គឺ​អន្តរាគមន៍​កងទ័ព​សហភាព​សូវៀត ដែល​ពេញ​ក្នុង​សង្រ្គាម​លោកលើកទី២​បាន​សន្យា​ជាមួយជប៉ុន​ថា​នឹង​រក្សា​ជំហរ​អព្យាក្រឹត ប៉ុន្តែ ​សូវៀត​បាន​ប្រកាស​សង្រ្គាម​លើ​ជប៉ុន នៅថ្ងៃ​ទី៨​សីហា ឆ្នាំ​១៩៤៥ ពោលគឺ ២ថ្ងៃ​ក្រោយ​ការ​ទម្លាក់គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​១ថ្ងៃ​មុន​ណាហ្កាសាគី។

អ្នកប្រវត្តិសាស្រ្ត​ជាច្រើន ទាំង​អ្នក​ប្រវត្តិសាស្រ្ត​ជប៉ុន អាមេរិក និង​អង់គ្លេស បាន​នាំគ្នា​ធ្វើការ​កត់សម្គាល់​ថា ប្រសិនបើ​​ជប៉ុន​ចុះចាញ់​ដោយសារ​តែ​ខ្លាច​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​មែននោះ ជប៉ុន​គួរតែ​ចុះចាញ់​ភ្លាមៗ​តាំង​ពី​ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃ​ទី៦សីហា ឬ​ក្រោយ​ណាហ្កាសាគី នៅថ្ងៃ​ទី៩សីហា។ ផ្ទុយទៅវិញ រហូតទាល់តែ​ដល់​ថ្ងៃ​ទី១៥​សីហា គឺនៅក្រោយ​ពី​ជប៉ុន​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​នៅលើ​សមរភូមិ​ទល់​នឹង​កងទ័ព​សូវៀត នៅ​កូរ៉េ និង​ម៉ាន់ជូរី ទើប​អធិរាជ​ជប៉ុន​ប្រកាស​ចុះចាញ់​សង្រ្គាម។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សន្និដ្ឋាន​ថា ការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី វា​មិនមែន​ជា​រឿងចាំបាច់ ដើម្បី​បញ្ចប់​សង្រ្គាម​នោះទេ។

តាមការពិត ការណ៍​ដែល​អាមេរិក​ប្រើអាវុធ​នុយក្លេអ៊ែរវាយប្រហារ​ទៅលើ​ជប៉ុន គឺ​មាន​បង្កប់​គោលដៅ​ដ៏​ធំមួយ​ទៀត គឺ​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ពី​មហិទ្ធិឫទ្ធិ​ដ៏ខ្លាំងក្លា​នៃ​អាវុធ​ប្រល័យលោក ដែល​ខ្លួន​ទើប​នឹង​ផលិតបាន ដើម្បី​ឲ្យគ្រប់គ្នា​ខ្លាចរអា​អំណាច​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ