៤ឆ្នាំក្រោយរងគ្រោះដោយស៊ូណាមី ជប៉ុនទទួលរៀបចំ សន្និសីទអន្តរជាតិស្តីពីគ្រោះមហន្តរាយធម្មជាតិ
ចុះផ្សាយនៅថ្ងៃ៖
សន្និសីទអន្តរជាតិស្តីពីគ្រោះមហន្តរាយធម្មជាតិ ត្រូវបានអង្គការសហប្រជាជាតិ បើកធ្វើ នៅថ្ងៃសៅរ៍ទី ១៤ មីនា នៅទីក្រុងសេនដៃ របស់ប្រទេសជប៉ុន។ នៅទីក្រុងសេនដៃ ជាទីដែលធ្លាប់រងគ្រោះដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នៅឆ្នាំ ២០១១ ថ្នាក់ដឹកនាំជាន់ខ្ពស់ អង្គការ សង្គមស៊ីវិលរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ ត្រូវជជែក រិះរកមធ្យោបាយដើម្បី កាត់បន្ថយគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រោះមហន្តរាយជាតិធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬគ្រោះរាំងស្ងួតជាដើម។
សន្និសីទអន្តរជាតិលើកទី៣ ស្តីពីគ្រោះមហន្តរាយជាតិបានបើកធ្វើ នៅថ្ងៃសៅរ៍នេះ នៅទីក្រុងសេនដៃ ប្រទេសជប៉ុន។ មនុស្សមិនតិចជាង ៤ម៉ឺននាក់ មកពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ នឹងចូលរួម នៅក្នុងសន្និសីទអន្តរជាតិ រយៈពេល៥ថ្ងៃនេះ។
នៅក្នុងសន្និសីទលើកទី៣ស្តីពី គ្រោះមហន្តរាយធម្មជាតិ រៀបចំឡើង ប្រទេសជប៉ុន មានទិសដៅ ដូចលើកមុនៗដែរ គឺពិនិត្យមើលលើការរីកចម្រើននៃការងារ កម្មវិធីនយោបាយដែលគេបានអនុវត្តកន្លងមក និងគិតគូរ រកឲ្យឃើញ វិធានការ មធ្យោបាយ ថ្មីៗ ដែលគេអាចយកទៅអនុវត្ត ដើម្បីកាត់បន្ថយទំហំខូចខាត នៃគ្រោះមហន្តរជាតិធម្មជាតិ សម្រាប់រយៈពេល ១៥ឆ្នាំទៅមុខ។
នៅថ្ងៃបើកចាប់ផ្តើម សន្និសីទអន្តរជាតិ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយចងភ្ជាប់ទិសដៅរបស់កិច្ចប្រជុំនៅប្រទេសជប៉ុន ទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលកំពុងកើតមានទៅលើប្រជុំកោះវ៉ានុយអាទុយ។ ប្រជុំកោះវ៉ានុយអាទុយ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកំពុងរកវាយបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ ប៉ាម កាលពីថ្ងៃយប់ថ្ងៃសុក្រ ចូលដល់ថ្ងៃសៅរ៍។ គេវាយតម្លៃថា យ៉ាងហោចមនុស្ស៤០នាក់ស្លាប់ បាត់ខ្លួន តែនៅក្នុងភូមិ មួយនៃប្រជុំកោះវ៉ានូទូ ដែលមានប្រជាជនសរុប ២សែន ៦ម៉ឺននាក់។
គ្រោះមហន្តរាយធម្មជាតិ ដែលនៅក្នុងនោះ មានតាំងពីគ្រោះរញ្ជួយដី ដែលអាចបង្កជារលកយក្សស៊ូណាមី និងខ្យល់ព្យុះសង្ឃរា ជាកតា្តដែលបង្កឲ្យមានមនុស្សស្លាប់ច្រើន បើប្រៀបធៀបទៅនឹងសង្រ្គាម។ យោងតាមអង្គការឃែរ គ្រោះមហន្តរាយធម្មជាតិបានធ្វើឲ្យមនុស្សប្រមាណ ២១១លាននាក់រងគ្រោះក្នុងមួយឆ្នាំៗ។ ចំនួន នេះ ច្រើនជាង៥ដង នៃចំនួនជនរងគ្រោះដោយសារជម្លោះប្រដាប់អាវុធ នៅក្នុងពិភពលោក។ នៅក្នុងរបាយការណ៍ មួយដែលអង្គការសហប្រជាជាតិទើបចេញផ្សាយនៅមុនសន្និសីទ ក្នុងប្រទេសជប៉ុន អ្នកជំនាញក៏បានបង្ហាញ ដែរថា គ្រោះមហន្តរាយធម្មជាតិបានធ្វើគេខាតបង់ទឹកប្រាក់ពី ២៥០ពាន់ ទៅ ៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងពិភពលោកទាំងមូល។
ទោះបីជាគ្រោះមហន្តរាយធម្មជាតិបានបង្កឲ្យមានមនុស្សស្លាប់ និងខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ក៏ពិតមែន ប៉ុន្តែ គេសង្កេតឃើញថា ទំហំខូចខាត ទាំងជីវិត មនុស្សរួមទាំងហេដ្ឋារចនាសម្ព័ន្ធ បានថយចុះមួយកម្រិត។ ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរជាតិធម្មជាតិថយចុះជាបន្តបន្ទាប់ (គ្រោះរញ្ជួយដី ដែលបង្កជារលកយក្សស៊ូណាមី នៅឥណ្ឌូណេស៊ី បានសម្លាប់មនុស្សដល់ទៅ ជាង ២សែននាក់។ ខ្យល់ព្យុះ ណាហ្គី បានសម្លាប់មនុស្សដល់ទៅ ជាង ១សែននាក់ នៅភូមា នៅឆ្នាំ ២០០៨។ ចំណែកខ្យល់ព្យុះ ហៃយ៉ាន់ នៅហ្វីលីពីន បានសម្លាប់មនុស្សជាង ៨ពាន់នាក់)។ នោះក៏ដោយមកពី រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ រួមទាំងអង្គការដែលធ្វើការខាងផ្នែកមនុស្សធម៌ បានចាត់វិធានការទប់ស្កាត់ទុកជាមុន យ៉ាងមានប្រសិទ្ធិភាព។ គេបានលើកករណីប្រទេសហ្វីលីពីន ដែលក្រោយពីបានរងគ្រោះដោយខ្យល់ព្យុះហៃយ៉ាន់ បានចាប់ផ្តើមចាប់ជម្លៀសប្រជាជនយ៉ាងទាន់ពេលវេលា នៅក្នុងពេលហ្វីលីពីនត្រូវបក់បោកដោយខ្យល់ព្យុះសង្ឃរាលើកទីពីរ។
សម្រាប់ក្រុមអ្នកជំនាញ មធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ គឺគ្មានអ្វីក្រៅតែពីអប់រំប្រជាជនឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងរៀបចំ ចាក់គ្រឹះឲ្យរឹងមាំ រាល់ហេដ្ឋារចនាសម្ព័ន្ជ ផ្ទះសម្បែង ជាពិសេស នៅតំបន់ជាប់ឆ្នេរនោះទេ។ មួយវិញទៀត រដ្ឋាភិបាលរបស់ប្រទេសងាយប្រឈម រងគ្រោះនឹងគ្រោះមហន្តរាយជាតិ ត្រូវបន្តចែករំលែក ព័ត៌មានគ្នា ស្តីពីខ្យល់ព្យុះ ឬគ្រោះរញ្ជួយដី ដែលនឹងអាចកើតមាន នៅក្នុងតំបន់ដែលខ្លួនរស់នៅ។
គ្រោះមហន្តរាយធម្មជាតិមានជាប់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
គេបានប៉ាន់ប្រមាណថា ៧០ភាគរយនៃគ្រោះមហន្តរាយធម្មជាតិកើតឡើងមកពីការប្រែប្រួលធាតុអាកាស ដែលជាលទ្ធផលមកពីការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់។ ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យផែនដី ឡើងកំដៅ ខ្យល់ ប្រែប្រួល ដែលជាកត្តាមួយផងដែរ ធ្វើឲ្យចំនួនខ្យល់ព្យុះសង្ឃរាកើនឡើងកាន់តែច្រើន។ ដោយសារតែគ្រោះមហន្តរាយធម្មជាតិមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ទើប បានតាំងពីមុនសន្និសីទចាប់ផ្តើមម្ល៉េះ ក្រុមប្រទេសក្រីក្រ និងអង្គការសង្គមស៊ីវិលធ្វើការខាងផ្នែកមនុស្សធម៌ បានដាក់ទាមទារ ដាក់គំនាបលើប្រទេសអ្នកមាន ឲ្យចែករំលែកជួយប្រទេសក្រីក្រ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសអ្នកមានដែលជាបញ្ចេញឧស្ម័នពុល ច្រើន រហូតធ្វើឲ្យអាកាសធាតុប្រែប្រួល និងបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ កើតឡើងច្រើនបែបនេះ។
នៅថ្ងៃបើកសន្និសីទអន្តរជាតិ នៅថ្ងៃនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្ហ៊ីនហ្សួ អាបេ បានប្រកាសថា ជប៉ុននឹងផ្តល់ថវិកាប្រមាណ ៤ពាន់លានដុល្លារ សម្រាប់ជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ នៅក្នុងពិភពលោក នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ។ គឺថវិកាជំនួយ សម្រាប់ជនរងគ្រោះនេះហើយ ដែលអង្គការមនុស្សធម៌ស្រែកអំពាវនាវដល់ប្រទេសអ្នកមាន ដទៃទៀត។ សម្រាប់អង្គការមនុស្សធម៌ គ្រោមហន្តរាយធម្មជាតិជាឧបសគ្គរារាំងកាត់បន្ថយភាពក្រីក្រនៅក្នុងពិភពលោក។
គ្រោះមហន្តរាយធម្មជាតិបានកើតមាននៅគ្រប់កន្លែង មិនថា នៅក្នុងប្រទេសអ្នកមាន ដូចករណីខ្យល់ព្យុះសេនឌី នៅអាមេរិក ឬក្នុងប្រទេសក្រីក្រ។ ប៉ុន្តែ អ្វីដែលខុសប្លែកគ្នា គឺថា មានតែប្រទេសក្រីក្រ ដែលរងគ្រោះខាតបង់ខ្លាំងជាងគេ ទាំងជីវិត មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារគ្រោះមហន្តរាយធម្មជាតិ។
នៅក្នុងករណីប្រទេសជប៉ុន ដែលជាប្រទេសអ្នកមាន។ បើទោះបីជាប្រទេសនេះ រងគ្រោះដោយសាររលកយក្សស៊ូណាមី ប៉ុន្តែ ទំហំបាត់បង់ ខូចខាតរបស់ប្រទេសមួយនេះមិនសូវធ្ងន់ធ្ងរ។ ប្រទេសជប៉ុនមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ជាពិសេស នៅតាមតំបន់ឆ្នេរ ដើម្បីត្រៀមខ្លួនជានិច្ច ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គ្មានទេ នៅក្នុងប្រទេសក្រីក្រ ជាទីដែលប្រជាជនរស់នៅក្នុងសំណង់ធ្វើពីឈើ មិនសូវរឹង។
ប្រទេសអ្នកមាន និងប្រទេសក្រីក្រ ត្រូវចូលរួម នៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ដែលត្រូវរៀបចំធ្វើនៅក្រុងប៉ារីស នាខែធ្នូ ចុងឆ្នាំនេះ។ បើសិនការចរចានៅទីក្រុងប៉ារីស មិនបានសម្រេចចេញជាលទ្ធផលអ្វីទេ នោះគេក៏មិនសង្ឃឹមនឹងអាចកាត់បន្ថយគ្រោះអាក្រក់ ដែលនឹងអាចបង្កឡើងដោយខ្យល់ព្យុះ ទឹកជំនន់ ឬគ្រោះរញ្ជួយដី ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ