Zika៖ ករណីឆ្លងរាលដាលក្នុងស្រុក និងស្លាប់ទីមួយនៅម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាជ្ញាធរម៉ាឡេស៊ី ទើបបានប្រកាស កាលពីថ្ងៃទី ៣ កញ្ញាថា មានករណីឆ្លងរាលដាលក្នុងស្រុកទីមួយ នៃមេរោគហ្ស៊ីកា ដោយអ្នកជម្ងឺ បានស្លាប់ទៅហើយ។ ករណីឆ្លងក្នុងស្រុកបែបនេះមានន័យថា មេរោគហ្ស៊ីកា បានចាប់ផ្តើមឆ្លងរាលដាលពីមនុស្សដំបូង ដែលបាននាំមេរោគនេះពីក្រៅប្រទេសរួចមកហើយ។ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានអំពាវនាវឲ្យប្រជាជន និងអាជ្ញាធរ មានការប្រុងប្រយ័ត្ន និងត្រូវអនុវត្តផែនការបង្ការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។
យោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី មានបុរសអាយុ៦១ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋSabah ភាគខាងកើតម៉ាឡេស៊ី បានស្លាប់ កាលពីរសៀលថ្ងៃសៅរ៍ទី ៣កញ្ញា បន្ទាប់ពីបានឆ្លងមេរោគហ្ស៊ីកា Zika។ តាមការបញ្ជាក់ នេះជាករណីឆ្លងក្នុងស្រុកលើកទីមួយ ដោយសារតែបុរសនេះ មិនបានធ្វើដំណើរចេញទៅក្រៅប្រទេសទេ ក្នុងពេលកន្លងមកថ្មីៗនេះ។ ដូច្នេះមានន័យថា មេរោគហ្ស៊ីកា ដែលឆ្លងពីប្រទេសផ្សេង ដោយសារសត្វមូស រឺដោយសារមនុស្សផ្ទុកមេរោគបាននាំមក គឺបានរាលដាលមកដល់អ្នករស់នៅក្នុងស្រុករួចទៅហើយ។ ករណីស្លាប់អ្នកជម្ងឺភ្លាមៗនេះ ក៏អាចបណ្តាលមកពីអ្នកជម្ងឺមានវ័យចាស់ ហើយកត្តាសុខភាពទន់ខ្សោយខ្លាំង។
សូមរំលឹកផងដែរថា កាលពី៣ថ្ងៃមុននេះ មានករណីឆ្លងមេរោគហ្ស៊ីកានេះ ជាលើកទីមួយ ទៅលើស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ដោយស្ត្រីនោះ ទើបបានធ្វើដំណើរមកពីប្រទេសសឹង្ហបុរី។ តាមការប៉ាន់ស្មាន ស្រ្តីនោះបានឆ្លងមេរោគហ្ស៊ីកា នៅប្រទេសសឹង្ហបុរី ជាទីដែលមានអ្នកឆ្លងមេរោគនេះ ដល់ទៅ២១៥នាក់។
សូមបញ្ជាក់ថា មេរោគហ្ស៊ីកា អាចចម្លងបានដោយសារសត្វមូសមួយប្រភេទឈ្មោះ Aedes aegypti។ មេរោគនេះក៏អាចចម្លងបានតាមការរួមភេទផងដែរ។ ជាទូទៅ អ្នកដែលឆ្លងមេរោគនេះ ពុំមានស្តែងចេញនូវរោគសញ្ញាអ្វី ជាទីកត់សម្គាល់ទេ ដែលនេះហើយវាអាចជាគ្រោះថ្នាក់ ព្រោះអ្នកជំងឺអាចចម្លងទៅមនុស្សម្នាក់ទៀត ទាំងមិនដឹងខ្លួន ថាខ្លួនមានផ្ទុកមេរោគនេះ។
ដោយឡែក ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសតំបន់ត្រូពិកដែរនេះ ក៏ធ្លាប់ទទួលរងនូវការរីករាលដាលនៃជំងឺគ្រុនឈាមផងដែរ កាលពីឆ្នាំ២០១០។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានអំពាវនាវឲ្យអាជ្ញាធរសុខាភិបាល ធ្វើការផ្សព្វផ្សាយឲ្យបានម៉ដ្ឋចត់ ស្តីពីវិធីបង្ការការពារ ការឆ្លងរាលដាល និងជាពិសេស ត្រូវកម្ចាត់ចោលរាល់ប្រភពនិងជម្រកសត្វមូស។
សូមបញ្ជាក់ថា យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក មេរោគហ្ស៊ីកា បានឆ្លងទៅកាន់ប្រទេសចំនួន៦៧ ចាប់តាំងពីឆ្នាំ២០១៥មក។ តាមការស្រាវជ្រាវ មេរោគនេះ អាចមានគ្រោះថ្នាក់បំផុត ចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចធ្វើឲ្យទារកមានការវិវឌ្ឍន៍ខុសប្រក្រតី ដោយអាចមានទំហំលលាដ៍ក្បាល និងខួរក្បាលតូចខុសពីធម្មតា។
រហូតមកត្រឹមពេលនេះ គេនៅពុំទាន់ស្រាវជ្រាវរកឃើញថ្នាំវ៉ាក់សាំង ដើម្បីបង្ការមេរោគនេះទេ។ ក៏ប៉ុន្តែកាលពីចុងខែមិថុនាកន្លងទៅ ក្រុមការងារនៃវិទ្យាស្ថានប៉ាស្ទ័រ របស់បារាំង បានស្រាវជ្រាវរកឃើញអង់ទីក័រ ពីរប្រភេទ ដែលអាចមានតួនាទីការពារសិរីរាង្គមនុស្ស ប្រឆាំងនឹងមេរោគហ្ស៊ីកាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ