អាស៊ី

ទឹកជំនន់​នៅថៃ កម្ពុជា និង​វៀតណាម​បាន​សម្លាប់​មនុស្ស​ជិត​៥០០​នាក់

ទឹកជំនន់​លិច​ខេត្ត​អាយុធ្យា ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍នេះ​ក្នុង​ប្រទេស​ថៃ
ទឹកជំនន់​លិច​ខេត្ត​អាយុធ្យា ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍នេះ​ក្នុង​ប្រទេស​ថៃ ©Reuters

ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ជាង​សព្វ​មួយដង​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជិត​២៧០​នាក់​ នៅ​ប្រទេស​ថៃ​ជា​ទី​ដែល​អាជ្ញាធរ​កំពុង​ប្រយុទ្ធ​ទប់​ទល់​ ដើម្បី​ការពារ​ទី​ក្រុង​បាងកក​ ក៏​ព្រម​ទាំង​ស្លាប់​មនុស្ស​ជាង​២០០​នាក់​ នៅ​ប្រទេស​ខ្មែរ និង​ជាង​២០​នាក់​ នៅ​វៀតណាម -នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ជា​ផ្លូវការ​។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ប្រទេស​ថៃ​ ​ ទឹក​ជំនន់​ដ៏​កាច​សាហាវ​បំផុត​ ចាប់​តាំង​ពី​ជា​ច្រើន​សិប​ឆ្នាំ​មក​ហើយ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​២៦៩​នាក់ និង​ជះ​ផល​ប៉ះពាល់​ដល់​ជន​ជា​ច្រើន​លាន​នាក់​ទៀត​ ក្នុង​អំឡុង​ពេល​ជាង​ពីរ​ខែ។ អាជ្ញាធរ​បាន​កេណ្ឌ​ទាហាន​រាប់​ពាន់​នាក់​។​នៅ​ថ្ងៃ​សុក្រ​៧​តុលា​ ​ ​ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ បាន​ព្រមាន​ប្រាប់​អំពី​” វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ “​ ប៉ុន្តែ​លោក​ស្រី​បាន​អះអាង​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា​ យើង​នៅ​អាច​ក្តាប់​ស្ថានភាព​បាន​ ​ ដូច្នេះ​ពុំ​ចាំ​បាច់​ចេញ​ក្រឹត្យ​ប្រកាស​អំពី​តំបន់​រង​គ្រោះ​ធម្ម​ជាតិ​ទេ។

វិធាន​ការ​ថ្មី​ត្រូវ​បាន​ចាត់​ ដើម្បី​ការពារ​ប៉ែក​ខាង​កើត​និង​ខាង​ជើង​រាជ​ធានី។ ក្នុង​ចំ​ណោម​វិធាន​ការ​ចាត់​ ដើម្បី​ការពារ​អ្នក​ក្រុង​បាងកក​១២លាន​នាក់​ ​ មាន​ទំនប់​ធ្វើ​ពី​បាវ​ដី​ខ្សាច់​កម្ពស់​១ម៉ែត្រ ២តឹក​ ​ ​ បណ្តោយ​៧៥​គីឡួម៉ែត្រ​ ដាក់​នៅ​តាម​ច្រាំង​ទន្លេ​ Chao​ Praya​ ដែល​ហូរ​កាត់​ទីក្រុង​បាងកក។

នៅ​ឯ​ប្រទេស​ខ្មែរ​វិញ​ ​ មនុស្ស​២០៧​នាក់​រួម​មាន​កុមារ​៨៣​នាក់​ផង​ បាន​ស្លាប់​ក្នុង​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​ ចាប់​ពី​ជាង​១០​ឆ្នាំ​មក​ហើយ​ ​ ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ។ ដី​ស្រែ​ជាង​៣៥​ម៉ឺន​ហិកតារ​បាន​លិច​ទឹក និង​គ្រួសារ​ជាង​២៧​ម៉ឺន​គ្រួ​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ ការខូច​ខាត​ខាង​ដី​ស្រែ និង​ហេដ្ឋារចនាសម្ព័ន្ធ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​យ៉ាង​តិច​ ៩៥​លាន​ដុល្លារ។ ស្រប​តាម​អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ ទោះបី​ជា​គ្រោះ​ធម្មជាតិ​មាន​ទំហំ​ធំធេង​ក្តី​ ​ ​ ក៏​ស្ថានភាព​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ឃ្លាំ​មើល​បាន។ ក្នុង​ខណៈ​នេះ​ ​ យើង​ពុំ​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ទេ។

នៅ​វៀតណាម​ ​ ស្រប​តាម​គណៈកម្មាធិការ​ជាតិ​ខាង​ត្រួត​ពិនិត្យ​លើ​ទឹក​ជំនន់​ ​ ​ ទឹក​ជំនន់​នៅ​ដែន​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ​ បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២៤​នាក់​រួម​មាន​កុមារ​២១​នាក់​ផង។ ផ្ទះ​៦​ម៉ឺន​ខ្នង​និង​ដី​ស្រែ​៦៩០០ហិកតារ​បាន​លិច​ទឹក​។​ការខូច​ខាត​ខាង​សម្ភារៈ​មាន​ចំនួន​ជា​ទឹក​ប្រាក់​៤៤លាន​ដុល្លារ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI