អូស្ត្រាលី

អូស្រា្តលី​ចង់​កែប្រែ​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​ពី​ជនជាប់​ឈ្មោះ​ជា​ភេរវជន

លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី តូនី អាបូត
លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី តូនី អាបូត REUTERS/Olivia Harris

នៅ​ថ្ងៃ​ចន្ទ ទី២៣ កុម្ភៈ​នេះ លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី​តូនី អាបូត​បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចង់​កែប្រែ​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​ពី​ជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវនិយម និង​ដែល​ជន​រូប​នោះ​កំពុង​មាន​សញ្ជាតិ​ពីរ។ អង្គការ​ភេរវនិយម​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​អូស្រ្តាលី​ចង់​ផ្តោត​ពិសេស​លើ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​លោក​អាបូត​ចោទ​ថា បាន​ប្រកាស​សង្រ្គាម​ទល់​នឹង​ពិភពលោក។ វិធានការ​របស់​លោក​អាបូត​ពេល​នេះ​បាន​ធ្វើឡើង ចំ​ពេល​ដែល​មាន​យុវជន​អូស្រ្តាលី​កាន់​តែ​ច្រើន​បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​ស៊ីរី និង​ដែល​ពួក​នេះ​បាន​វិល​ត្រឡប់​មក​គំរាមកំហែង​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ស្រុកដើម​របស់​ខ្លួន​វិញ។

ផ្សាយពាណិជ្ជកម្ម

គឺ​ដើម្បី​ប្រឆំាង​នឹង​ដង្កូវ​ចេញ​ពី​សាច់​ឯង​ដែល​លោក​នាយករដ្ឋមន្រ្តី​អូស្រា្តលី​តូនី អាបូត​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​កំណែទម្រង់​សំខាន់ៗ​​មួយ​ចំនួន ពិសេស គឺ​គម្រោង​ធ្វើ​វិសោតនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ។ គោលបំណង​របស់​លោក​តូនី អាបូត គឺ​ព្យួរ ឬ​មួយ​ក៏​ដក​សញ្ជាតិ​អូស្រ្តាលី​ពី​ជន​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវនិយម និង​ដែល​រូប​ជន​នោះ​កំពុង​មាន​សញ្ជាតិ​ពីរ។ ចំណែក​អ្នក​ដែល​មាន​សញ្ជាតិ​អូស្រ្តាលី​តែ​មួយ​វិញ គឺ​នឹង​ធ្វើ​កាត់​ជំនួយ​សង្គម​ផ្សេងៗ។ នាយករដ្ឋមន្រ្តី​អភិរក្សនិយម​រូប​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ទុក​បណ្តោយ​ឲ្យ​ក្រុម​មនុស្ស​មាន​បំណង​អាក្រក់​ណា​មួយ​បន្ត​ប្រើប្រាស់​សញ្ជាតិ​អូស្រ្តាលី ឬ​ទទួល​ប្រយោជន៍​សង្គម​បាន​ទៀត​ឡើយ។

គម្រោងកំណែទម្រង់​ប្រកាស​ដោយ​លោក​តូនី អាបូត​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អូស្រា្តលី​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវនិយម​កាន់​តែ​ខ្លំាង​ឡើងៗ ពិសេស​ពី​ក្រុម​យុវជន​អូស្ត្រាលី​ដែល​បាន​វិល​ត្រឡប់​ពី​ការ​ចូលរួម​ជាមួយ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ បច្ចុប្បន្ន​នេះ មាន​យុវជន​អូស្រ្តាលី​យ៉ាង​តិច ១០០នាក់​បាន​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​មាន​ជាង ៣០នាក់​បាន​វិលត្រឡប់​ចូល​ស្រុក​វិញ។ គឺ​ពួក​ដែល​បាន​វិល​ចូល​ស្រុក​វិញ​នោះ​ហើយ​ដែល​រដ្ឋាភិបាល​កំពុង​ឈឺក្បាល​ខ្លំាង និង​កំពុង​ចាត់វិធានការ​ទប់ទល់។ គ្រាន់​តែ​ក្នុង​រយៈពេល ១ឆ្នំា វិធានការ​ស៊ើបអង្កេត​តាម​ឃ្លំាមើល​បាន​កើន​ទ្វេដង​ពី ២០០ ទៅ​ជិត ៤០០ នា​ពេល​សព្វថ្ងៃ។

កាល​ពី​ខែ​សីហា ឆ្នំា ២០១៤ រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា​បាន​អនុម័ត​កញ្ចប់​ថវិកា​ជិត ៥០​លាន​ដុល្លារ​​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម តែ​លោក​តូនី អាបូត​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ថវិកា​នោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រម​ទំាង​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​មួយ​ចំនួន​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​សន្តិសុខ​នានា។ យោង​តាម​លោក​តូនី អាបូត អូស្រ្តាលី​កំពុង​ប្រឈម​​នឹង​​ការ​គំរាមកំហែង​ភេរវនិយម​កម្រិត​ខ្ពស់ និង​មាន​រយៈពេល​យូរ ពិសេស​គឺ​ការ​គំរាម​កំហែង​​ផ្ទៃក្នុង។ គួរ​រម្លឹក​ជូន​ថា ពិត​មែន​តែ​អូស្រ្តាលី​បាន​បង្កើន​ការ​ចាប់​ខ្លួន​ជនសង្ស័យ និង​កំចាត់​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​ជា​ច្រើន​ក៏​ដោយ ក៏​កម្លំាងពិសេស​មិន​អាច​ទប់ស្កាត់​បាន ១០០% ដែរ។

ជាក់ស្តែង​កាល​ពី​ខែ​ធ្នូ ឆ្នំា​កន្លង​ទៅ ភេរវជន​ដើមកំណើត​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ មែន ហារ៉ុង ម៉ូនី​បាន​ចាប់​មនុស្ស ១៧នាក់​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ហាងកាហ្វេ​មួយ​​ក្នុង​ទីក្រុង​ស៊ីដនី ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ចំណាប់ខ្មំាង​ពីរ​នាក់ ព្រម​ទំាង​ភេរវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI