អានតួអត្ថបទ
កម្ពុជា

រដ្ឋសភាសង់របងបន្ថែម ដើម្បីសុវត្ថិភាព​​តំណាងរាស្ត្រ និងប្រឆាំងចោរលួច

កម្មករ​កំពុង​​ធ្វើរបង​​បន្ថែម​ពីលើ​របង​រដ្ឋសភា​។
កម្មករ​កំពុង​​ធ្វើរបង​​បន្ថែម​ពីលើ​របង​រដ្ឋសភា​។ @Siv Channa
ដោយ៖ លាង ដឺលុច
១១ នាទី

រដ្ឋសភា​ជាតិ​បាន​បើកការដ្ឋាន​សាងសង់​របងដែក​មួយជាន់ទៀត លើសពី​របង​បេតុងដែល​ខ្ពស់ និង​​រឹងមាំ​រួច​ហើយនោះ។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​បាន​​ពន្យល់ ប្រាប់​ថា របង​​មួយ​​បន្ថែម​ទៀត​ត្រូវ​​សាងសង់​ព័ន្ធ​ជុំវិញ​​រដ្ឋសភា ត្រូវ​ធ្វើឡើង​ដើម្បីពង្រឹង​សន្តិសុខ សុវត្ថិភាព​​តំណាងរាស្ត្រ ​ទ្រព្យ​សម្បត្តិរដ្ឋសភា និង​ចោរលួចផង។

ផ្សាយពាណិជ្ជកម្ម

អាគាររដ្ឋសភាថ្មីរបស់កម្ពុជាដែលមានតម្លៃជិត៣០លានដុល្លារ ហើយ​ដែល​ត្រូវ​បាន​សម្ពោធ​នៅ​ក្នុង​ឆ្នាំ២០០៧​នោះ នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ល្អ​នៅ​ឡើយ​ទេ។ ជាង​មួយ​សប្តាហ៍​ហើយ ​នៅ​ពេល​នេះ រដ្ឋសភា​បាន​បើក​ការដ្ឋាន​សាងសង់​របង​មួយ​ជាន់​ទៀត ​ហ៊ុំព័ទ្ធ​ពី​ក្រៅ​របង​បេតុង​របស់​រដ្ឋសភា​ទាំងមូល។ របងថ្មី​នេះមាន​កំពស់១,៦៥ម៉ែត្រ។

លោកជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​បាន​ពន្យល់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​សាងសង់​របងរដ្ឋសភាថែមមួយជាន់ទៀតនេះ មាន​គោលដៅ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាពបន្ថែមទៀតនៅក្នុងរដ្ឋសភា។ លោកបញ្ជាក់ថា ក្រៅ​ពី​ការ​ផ្តល់សុវត្ថិភាព​បន្ថែម ដល់​អ្នកតំណាងរាស្ត្រ និងការពារទ្រព្យសម្បត្តិនៅក្នុងរដ្ឋសភា ការ​សាងសង់​​​របង​បន្ថែម​នេះ ក៏​ដើម្បី​បញ្ចៀស​​ចោរ​លួចផងដែរ។ ហើយការសាងសង់របងនេះ នឹង​​ត្រូវបញ្ចប់​អោយ​បានមុន​ ការ​បើក​​សម័យ​ប្រជុំរដ្ឋសភាដំបូងនៃ​នីតិកាលថ្មីនេះ។

លោក ជាម យៀប បាន​ច្រានចោល​​ការ​សង្ស័យ​ដែល​ភ្ជាប់​ការដ្ឋានសាងសង់​របង​រដ្ឋសភា​នេះ​ទៅ​នឹង​បញ្ហាតាន​តឹង​​ផ្នែក​នយោបាយ ​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ។ ភាព​តានតឹង​ដែល​បាន​កើត​​ឡើង​​ដោយសារ​គម្រោងធ្វើមហាបាតុកម្ម​របស់គណបក្សសង្គ្រោះជាតិ និង​ការ​ដាក់​ពង្រាយកម្លាំង​ប្រដាប់អាវុធ ដែល​ថ្នាក់ដឹកនាំផ្នែកសមត្ថកិច្ចអះអាងថា ដើម្បី​ធានា​សន្តិសុខ និង​ស​ណ្តាប់ធ្នាប់នោះ។

សារព័ត៌មានបានផ្សាយជាបន្តបន្ទាប់ អំពី​ការចល័តសព្វាវុធធុនធ្ងន់ និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ចុងក្រោយនេះ គេក៏ប្រទះឃើញរបងបន្លាលួសជាច្រើន និងរថយន្តពន្លត់អគ្គីភ័យ ត្រូវ​បាន​គេ​ដាក់​ត្រៀម​ នៅ​ក្នុង​ទីធ្លានៃរាជាយស្ម័យយាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ