កម្ពុជា

គណៈ​កម្មការ​ទី​១​ រដ្ឋ​សភា​ បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​ជម្លោះ​ដី​ នៅ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង

ការ​ជួប​ប្រជុំ​គ្នា​ស្តី​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ឡ​ពាង​ មាន​សមាជិក​គណៈ​កម្មកា​រ​ទី​១ ​រដ្ឋ​សភា​ ជាមួយ​អាជ្ញាធរ​មន្ត្រី​អង្គការ​ អាដ​ហុក​ លោក​ស្រី​ ជាខេ​ង ​តំណាង​ក្រុម​ហ៊ុន​ KDC​ និង​តំណាង​ប្រជាពល​រដ្ឋ​ នៅ​ឯ​សាលា​ស្រុក​កំពង់​ត្រឡាច​។​
ការ​ជួប​ប្រជុំ​គ្នា​ស្តី​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ឡ​ពាង​ មាន​សមាជិក​គណៈ​កម្មកា​រ​ទី​១ ​រដ្ឋ​សភា​ ជាមួយ​អាជ្ញាធរ​មន្ត្រី​អង្គការ​ អាដ​ហុក​ លោក​ស្រី​ ជាខេ​ង ​តំណាង​ក្រុម​ហ៊ុន​ KDC​ និង​តំណាង​ប្រជាពល​រដ្ឋ​ នៅ​ឯ​សាលា​ស្រុក​កំពង់​ត្រឡាច​។​ សហការី

អ្នក​តំណាង​រាស្ត្រ ​៤​ រូប​ ជា​សមាជិក​គណៈ​កម្មការ​ទី​១​ រដ្ឋសភា ​គឺ​គណៈកម្មការ​សិទ្ធិ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ និង​ទំនាក់​ទំនង​រដ្ឋ​សភា ​ព្រឹទ្ធសភា ​របស់​រដ្ឋសភា ​បាន​ចុះ​ដល់​ដី​ជម្លោះ ​នៅ​ភូមិ​ឡពាង ​ឃុំ​តាជេស ​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៧​កញ្ញា​នេះ។ ​មុន​នឹង​ចុះ​ពិនិត្យ​ដល់​ដី​ជម្លោះ ​ក្រុម​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ជួប​ប្រជុំ​ នៅ​សាលា​ស្រុក​កំពង់​ត្រឡាច​ ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត ​ស្រុក​ និង​អាជ្ញាធរ​ឃុំ​តា​ជេស ​មន្ត្រី​អង្គការ ​អាដហុក​ លោក​ស្រី ​ជា​ខេង ​តំណាង​ក្រុមហ៊ុន ​KDC​ និង​តំណាង​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ ៤៣ ​គ្រួសារ។

ផ្សាយពាណិជ្ជកម្ម

អ្នក​តំណាង​រាស្ត្រ ​ជា​សមាជិក​គណៈ​កម្មការ​ទី​១​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​១ ​រូប ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​៣ ​រូប​ ព្រម​ទាំង​ទី​ប្រឹក្សា​គណៈ​កម្មការ​ ១​ រូប ​បាន​ចុះ​ទៅ​កាន់​ទី​តាំង​ដី​ជម្លោះ​រវាង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ KDC ​នៅ​ភូមិ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង។ ​មុន​នឹង​ធ្វើ​ដំណើរ​រួម​គ្នា ​ទៅ​កាន់​ទីតាំង​ដី​ជម្លោះ ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​ ៤​ រូប​ បាន​បើក​កិច្ច​ប្រជុំ ​នៅ​សាលាស្រុក​កំពង់​ត្រឡាច ​ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ អាជ្ញាធរ​ស្រុក​កំពង់​ត្រឡាច​ អាជ្ញាធរ​ឃុំ​តាជេស ​មន្ត្រី​អង្គការ​អាដហុក ​លោក​ស្រី ​ជា ខេង​ តំណាង​ក្រុម​ហ៊ុន​ KDC​ និង​ប្រជា​ពលរដ្ឋ​ ៤៣​ គ្រួសារ​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី ​នៅ​សហគមន៍​ឡ​ពាង។

ស្ថិត​នៅ​លើ​ទីតាំង​ដី​ជម្លោះ​រវាង​ប្រជា​ពលរដ្ឋ​ឡពាង​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​និង​ក្រុមហ៊ុន​ KDC ​របស់​លោក​ស្រី ​ជា ខេង ​នា​ពេល​បាយ​ថ្ងៃ​ត្រង់ ​នា​ថ្ងៃ​សៅរ៍​នេះ ​លោក​ ជា​ ប៉ូច​ អ្នក​តំណាង​រាស្ត្រ​ និង​ជា​សមាជិក​គណៈ​កម្មការ​ទី​១​រដ្ឋសភា ​បាន​ឲ្យ​ដឹង​ថា​ គណៈ​កម្មការ​ទី​១ ​បាន​ប្រមូល​ព័ត៌មាន​បន្ថែម ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​ជម្លោះ​ដី​ដ៏​រ៉ាំ​រ៉ៃ។ ​គណៈ​កម្មការ​រដ្ឋសភា​ បាន​ដើរ​ពិនិត្យ​លើ​ដី​ជម្លោះ ​និង​ទៅ​កាន់​ផ្ទះ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន​ KDC។

តាម​លោក​តំណាង​រាស្ត្រ ​គេ​ត្រូវ​ពិនិត្យ​ទាំង​អស់​គ្នា ​ក្នុង​ន័យ​កុំ​ឲ្យ​បាច​ទឹក​ដាក់​គ្នា ​និង​ប្រមូល​ព័ត៌មាន​បន្ថែម ​ទើប​គណៈ​កម្មការ​ទី​១ ​ត្រលប់​មក​វិញ ​ហើយ​ពិភាក្សា ​សំរប​សម្រួល ​ដោះស្រាយ​ឲ្យ​ទទួល​បាន​ទាំង​អស់​គ្នា។

ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា ​ក្នុង​ករណី​ជម្លោះ​ដី​នៅ​ឡពាង​ គណៈ​កម្មការ​ទី​១ ​រដ្ឋ​សភា ​បាន​ជួប​ជា​មួយ​តំណាង​ប្រជា​ពលរដ្ឋ​ ភាគី​ក្រុមហ៊ុន​ និង​អង្គការ​សង្គម​ស៊ីវិល។​ តាម​រយៈ​កិច្ច​ប្រជុំ​ដាច់ដោយ​ឡែក​ពី​គ្នា​នោះ ​គណៈ​កម្មការ​ទី​១​របស់​រដ្ឋ​សភា ​បាន​សម្រេច​បែង​ចែក​អ្នក​ភូមិ ​ជា​បី​ក្រុម​៖ ទី​១​-ក្រុម​អ្នក​ភូមិ ​មិន​ទាន់​ដោះ​ស្រាយ ​ចំនួន​ ១៦​ គ្រួសារ​ ទី​២-​ក្រុម​អ្នក​ភូមិ​ ២៣​ គ្រួសារ​ ដែល​ទទួល​បាន​សំណង​ពី​ក្រុម​ហ៊ុន​ហើយ​ ពេល​នេះ​មក​តវ៉ា​ទារ​សំណង​ថែម​ទៀត​ និង​ទី​៣​-ក្រុម​អ្នក​ភូមិ​ ៤៣ ​គ្រួសារ​ ដែល​ទើប​តែ​ចេញ ​មក​តវ៉ា។

ប៉ុន្តែ​តំណាង​អ្នក​ភូមិ​ឡពាង​ អ្នក​ស្រី ​អ៊ុំ ​សុភី ​បញ្ជាក់​ថា ​ក្រុម​អ្នក​ភូមិ ​ត្រូវ​ការ​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​ដី ​រវាង​ប្រជា​ពលរដ្ឋ ​និង​ក្រុមហ៊ុន​ KDC​ តាំង​ពី​ឆ្នាំ​២០០៦​នោះ​ ជា​ចង្កោម ​ទាំង ៨២​ គ្រួសារ​ រួម​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI