ហ្វាំងឡង់

ប៉ូលិស​​​ហ្វាំងឡង់​​ចាត់ទុក​​ការវាយប្រហារ​​ដោយកាំបិត​​ថ្ងៃសុក្រ​​ម្សិលមិញ​ ថា​​ជា​​ភេរវកម្ម​

មនុស្សម្នា​នាំគ្នា​ដាក់​ផ្កា និង​ទៀន ឧទ្ទិស​​ដល់​ជនរងគ្រោះ​ក្នុង​ការ​វាយប្រហារ​ដោយកាំបិត នៅក្រុងកំពង់ផែ​Turku ភាគនិរតី​ហ្វាំងឡង់ ថ្ងៃ​សៅរ៍១៩សីហា២០១៧
មនុស្សម្នា​នាំគ្នា​ដាក់​ផ្កា និង​ទៀន ឧទ្ទិស​​ដល់​ជនរងគ្រោះ​ក្នុង​ការ​វាយប្រហារ​ដោយកាំបិត នៅក្រុងកំពង់ផែ​Turku ភាគនិរតី​ហ្វាំងឡង់ ថ្ងៃ​សៅរ៍១៩សីហា២០១៧ REUTERS/Tuomas Forsell

ថ្ងៃសៅរ៍នេះ ​ប៉ូលិស​ហ្វាំងឡង់​បាន​ចាត់ទុក​ការវាយប្រហារ​ដោយកាំបិត នៅ​ទីក្រុង Turku ភាគនិរតី ​ម្សិលមិញ​នេះ​ ថា​ជាភេរវកម្ម​បង្កឡើង​ដោយ​​​​យុវជន​​ជនជាតិ​ម៉ារ៉ុក ម្នាក់​អាយុ​១៨ឆ្នាំ។ យុវជន​រូបនេះ​បាន​ប្រើកាំបិត​ចាក់សម្លាប់​ស្ត្រី​ជនជាតិ​ហ្វាំងឡង់​២រូប​។ តួលេខ​អ្នករងរបួស​បាន​កើន​ដល់​៨នាក់ ក្នុង​នោះ​មាន​​អ្នករបួស​ម្នាក់​ជា​ជនជាតិ​អ៊ីតាលី និង​២នាក់ទៀត​ជនជាតិ​ស៊ុយអែត។ ភេរវជន​​ជនជាតិ​ម៉ារ៉ុក​​ត្រូវបាន​ប៉ូលិស​បង្ក្រាប និង​​កំពុង​ទទួលការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ផ្សាយពាណិជ្ជកម្ម

នៅហ្វាំងឡង់ ​ក្រោយ​ការវាយប្រហារ​ដោយកាំបិត​ ចាក់សម្លាប់​មនុស្ស​២នាក់ នៅ​ទីក្រុង Turku ភាគនិរតី ​ម្សិលមិញ ​​ប៉ូលិស​ហ្វាំងឡង់​បានផ្តល់​ព័ត៌មាន​​​ទាក់ទង​​ការស៊ើបអង្កេត​​បាន​បន្តបន្ទាប់ ថ្ងៃសៅរ៍នេះ​ ដោយបាន​​ប្រកាស​ចាត់ទុក​ ការវាយប្រហារ​នេះ ថា​ជា​ភេរវកម្ម។ ភេរវជន​ជា​យុវជន​ជនជាតិ​ម៉ារ៉ុក អាយុ​១៨ឆ្នាំ ​​ត្រូវប៉ូលិសបង្ក្រាប​​ដោយ​​​បាញ់អោយ​​របួសជើង ភ្លាមៗ ក្រោយ​កើត​ហេតុការណ៍​​ ម្សិលមិញ​នេះ។ យុវជន​រូបនេះ​កំពុង​ទទួលការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ស្ត្រី​ទាំង​​​២នាក់ ដែល​ស្លាប់​​​ដោយ​​កាំបិត​របស់​ភេរវជន ជា​​​​ជនជាតិ​ហ្វាំងឡង់​។ ​

មុន​ប៉ូលិស​សម្រេចចាត់ទុក​​ ​ការវាយប្រហារ​នេះថា ជាអំពើ​ភេរវកម្ម ប៉ូលិស​មិន​បាន​ផ្តល់ព័ត៌មាន​អ្វី​ច្រើនទេ គ្រាន់តែ​បាន​ប្រាប់ថា ជនដៃដល់​ជា​ជនបរទេស ហើយ​ប៉ូលិស​កំពុង​សហការ​ស៊ើបអង្កេត​​ជាមួយ​ផ្នែក​អន្តោប្រវេសន៍​ហ្វាំងឡង់។ ក្រុម​​សារព័ត៌មាន​ក្នុងស្រុក​ហ្វាំងឡង់ គិតថា ភេរវជន​បាន​ជ្រើសរើស​ជនរងគ្រោះដោយ​ចៃដន្យប៉ុណ្ណោះ។ ​យប់មិញ​នេះ ​ប៉ូលិស​បានឆែកឆេរ​ផ្ទះមួយខ្នង នៅ​ទីក្រុង Turku ចាប់ខ្លួន​មនុស្ស​៥នាក់​​ ដែល​បាន​ទាក់ទង​យុវជន​ជនជាតិម៉ារ៉ុក។ ឥឡូវនេះ ការស៊ើបអង្កេត​របស់​ប៉ូលិស​ហ្វាំងឡង់ជា​​ការស៊ើបអង្កេត​ភេរវកម្ម។ ប៉ូលិស​ប្រាប់ថា ការវាយប្រហារ​ដោយ​កាំបិត ម្សិលមិញ ដំបូង​ត្រូវបាន​ចាត់ទុក​ថា ជា​ឃាតកម្ម​ ប៉ុន្តែ យប់មិញ​ប៉ូលិសបាន​ទទួល​ព័ត៌មាន​បន្ថែម​បង្ហាញ​ថា ​បទល្មើស​ព្រហ្មទណ្ឌពេលនេះ ជា​ឃាតកម្ម​ក្នុង​​​ចេតនា​​ភេរវកម្ម។ ​

កាលពីខែ​មិថុនា អាជ្ញាធរ​សន្តិសុខ​ហ្វាំងឡង់​បាន​ផ្តល់​សញ្ញា​អាសន្ន​រួចហើយថា ក្រុម​ភេរវជន​ជីហាត​រដ្ឋអ៊ីស្លាម​អាច​នឹង​វាយប្រហារ​ហ្វាំងឡង់។ ​ការប្រឈម​នឹង​ការ​វាយ​ប្រហារ​​នៅ​ហ្វាំងឡង់​ពេលនេះ បានឡើង​ដល់​កម្រិត​២ ក្នុង​ចំណោម​កម្រិត​សរុប​ចំនួន​៤៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI