របបដឹកនាំស៊ីរី និងក្រុមជីហាតអាចទាញបានប្រយោជន៍ពីការវាយលុកនៅអ៊ីរ៉ាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលដឹកនាំរបស់ប្រធានាធិបតី បាស្ហា អាល់ អាសាដនៅស៊ីរី និងក្រុមជីហាតដែលកំពុងវាយលុកនៅអ៊ីរ៉ាក់ កំពុងតែទាញយកផលប្រយោជន៍ដូចគ្នា ពីហេតុការណ៍វាយប្រហារនៅអ៊ីរ៉ាក់នេះ។ ដោយសារការវាយប្រហាររបស់ក្រុមជីហាត នៅអ៊ីរ៉ាក់ អ្នកជំនាញនានាគិតថា អាមេរិកនិងអង់គ្លេស ដែលធ្លាប់ចុះទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣នោះ ប្រហែលអាចប្តូរជំហរ បន្ទន់ទៅរកប្រធានាធិបតីស៊ីរីវិញ ដើម្បីរកដំណោះស្រាយសន្តិសុខនៅដើមបូព៌ា។
ចំពោះវិបត្តិសង្គ្រាមនៅស៊ីរី អាមេរិកនិងអង់គ្លេសសុទ្ធតែចោទប្រធានាធិបតីស៊ីរី បាស្ហា អាល់ អាសាដ ថាផ្តាច់ការ ប្រើអាវុធគីមីសម្លាប់មនុស្ស។ នៅអឺរ៉ុប អង់គ្លេសនិងបារាំងថែមទាំងអួតថា មានភស្តុតាងបញ្ជាក់ថា កងទ័ពស៊ីរីប្រើអាវុធជាតិពុល វាយប្រហារក្រុមឧទ្ទាមដែលកំពុងជួយក្រុមប្រឆាំងប្រយុទ្ធរដ្ឋអំណាចស៊ីរីទៀតផង។ វិបត្តិស៊ីរីមិនទាន់ដោះស្រាយរួចផង ឥឡូវ វិបត្តិអ៊ីរ៉ាក់បានរង្គោះរង្គើគួរអោយចាប់អារម្មណ៍ឡើងវិញ។ មូលហេតុគឺថា ក្រុមជីហាតឈ្មោះថា រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ដែលធ្លាប់ជួយក្រុមឧទ្ទាមនិងក្រុមប្រឆាំងស៊ីរី ប្រយុទ្ធនឹងកងទ័ពលោកអាសាដ បានចូលទៅវាយលុកនៅអ៊ីរ៉ាក់ ដណ្តើមកាន់កាប់បានដែនដីមួយចំនួនធំ។ ដូច្នេះ ពេលនេះ ក្រុមជីហាតដែលជាសត្រូវរបស់រដ្ឋាភិបាលលោកអាសាដនោះ ក៏បានក្លាយជាសត្រូវរបស់រដ្ឋាភិបាលអាមេរិកនិងអង់គ្លេស ដែលគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់នោះដែរ។
គួររំលឹកថា ក្រុមឧទ្ទាមជ្រុលនិយម ឈ្មោះថា រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់នេះ ធ្លាប់ជួយក្រុមឧទ្ទាម និងក្រុមប្រឆាំងនៅស៊ីរី ចូលប្រយុទ្ធប្រឆាំងកងទ័ពរបស់លោកអាសាដ។ ក្រោយមក ក្រុមនេះបានបែកបាក់គ្នាជាមួយក្រុមឧទ្ទាម។ ដោយពិបាកវាយជាមួយកងទ័ពស៊ីរី ក្រុមនេះបានឆ្លៀតបង្វែរទិសប្រយុទ្ធមកវាយយកដែនដីនៅអ៊ីរ៉ាក់ទន្ទឹមគ្នាដែរ ព្រោះថា រដ្ឋអំណាចអ៊ីរ៉ាក់ផុយស្រួយស្រួលវាយលុក។ រដ្ឋាភិបាលអ៊ីរ៉ាក់បែកបាក់ ដោយសាររឿងពុករលួយ និងជម្លោះនិកាយសាសនា។
ពេលនេះ ចង់មិនចង់ អាមេរិកនិងអង់គ្លេសដែលធ្លាប់ចចេសរឹងរូស ចុះទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ កំពុងតែភ្ញាក់ខ្លួនដោយសារឃើញថា សត្រូវរបស់លោកអាសាដ កំពុងប្រែកាយក្លាយជាសត្រូវរបស់ខ្លួនផងដែរ។
ដូច្នេះ រដ្ឋាភិបាលអាមេរិកនិងអង់គ្លេស អាចនឹងមើលជំហរនយោបាយខ្លួនលើរបបដឹកនាំស៊ីរីឡើងវិញ ព្រោះថា ថ្វីបើសង្គ្រាមរ៉ាំរ៉ៃនៅស៊ីរីពិបាកនឹងបញ្ចប់មែន តែក្រុមប្រឆាំងស៊ីរី និងក្រុមឧទ្ទាមនានានៅស៊ីរី ដែលអាមេរិកនិងអង់គ្លេសគាំទ្រ ពិបាកនឹងយកជ័យជំនះលើកងទ័ពលោកអាសាដណាស់។ កងទ័ពស៊ីរីមានជំហររឹងមាំ ក្នុងការប្រយុទ្ធនឹងក្រុមឧទ្ទាម។ អាមេរិកនិងអង់គ្លេសអាចនឹងត្រូវការយុទ្ធសាស្ត្រប្រយុទ្ធរបស់លោកអាសាដផងក៏ថាបាន ដើម្បីទប់ស្កាត់ក្រុមជីហាតនៅអ៊ីរ៉ាក់ មិនអោយផ្តួលរបបដឹកនាំរបស់លោកម៉ាឡាគី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
ក្រុមជីហាតចង់បង្កើតរដ្ឋអ៊ីស្លាមមួយ នៅព្រំដែនរវាងស៊ីរីនិងអ៊ីរ៉ាក់។ ពេលនេះ សហគមន៍អន្តរជាតិកំពុងបារម្ភថា ការវាយលុករបស់ក្រុមជីហាតនៅអ៊ីរ៉ាក់ អាចរាលដាលគ្រោះថ្នាក់ក្នុងតំបន់។ ក្រោយពេលដកកងទ័ពចេញអស់ពីអ៊ីរ៉ាក់ នៅចុងឆ្នាំ២០១១ អាមេរិកមិនហ៊ានបញ្ជូនទ័ពទៅអ៊ីរ៉ាក់វិញទេ។ អាមេរិកនិងអង់គ្លេស បាក់មុខដោយសារធ្លាប់ធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ ផ្តួលរំលំរដ្ឋាភិបាលនិកាយស៊ុននីត របស់លោកសាដាំហ៊ូសេននោះឯង។ អាមេរិកនិងអង់គ្លេស បានត្រឹមតែបន្ទោសរដ្ឋាភិបាលនិកាយស្ហ៊ីអ៊ីតអ៊ីរ៉ាក់ បច្ចុប្បន្ន ថាមិនចេះបង្រួបបង្រួមនិកាយស៊ុននីតនិងស្ហ៊ីអ៊ីត ទើបធ្វើអោយអ្នកកាន់និកាយស៊ុននីតចុះចូលជាមួយក្រុមជីហាត ងាយដណ្តើមដែនដីពីរដ្ឋាភិបាល។
កាលពីថ្ងៃចន្ទ លោកឡាក់ដា ប្រាហ៊ីមី អតីតបេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី បានបរិហារពីភាពអសកម្មរបស់សហគមន៍អន្តរជាតិក្នុងវិបត្តិស៊ីរី ដែលធ្លាក់ជាផលវិបាកដល់អ៊ីរ៉ាក់។ បន្តិចមក លោកថូនី ប្ល៊ែរ ជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដែលធ្លាប់បញ្ជាកងទ័ពអង់គ្លេសទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ ដែរនោះ ក៏បានចេញមុខបន្ទោសភាពអសកម្មរបស់សហគមន៍អន្តរជាតិដូចគ្នាដែរ។
បើគេនាំគ្នាគិតថាសហគមន៍អន្តរជាតិអសកម្មចំពោះវិបត្តិស៊ីរី ហើយគ្រប់គ្នានាំគ្នារកមធ្យោបាយទប់ទល់ក្រុមជីហាតដែលជាសត្រូវរបស់ប្រធានាធិបតីស៊ីរីដែរនោះ ចង់មិនចង់ អាមេរិកនិងអង់គ្លេស ក៏មិនអាចមើលរំលងយុទ្ធសាស្ត្រដ៏រឹងមាំរបស់កងទ័ពលោកអាសាដដែរ។ ប្រធានាធិបតីស៊ីរីធ្លាប់បញ្ជាក់ហើយថា ទាំងក្រុមជីហាតជ្រុលនិយម ទាំងក្រុមឧទ្ទាមធម្មតា ដែលគាំទ្រក្រុមប្រឆាំងស៊ីរី សុទ្ធតែជក្រុមភេរវជនទាំងអស់។ លោកអាសាដថែមទាំងចោទប្រទេសលោកខាងលិច តួកគី និងបណ្តាប្រទេសឈូងសមុទ្រពែរស៍ថា ផ្តល់ជំនួយហិរញ្ញវត្ថុនិងយោធាដល់ក្រុមឧទ្ទាមទាំងនេះទៀតផង។
ឥឡូវផលវិបាក គឺធ្លាក់មកលើប្រទេសលោកខាងលិច និងអាមេរិកខ្លួនឯង ព្រោះថា ក្រុមជីហាតជ្រុលនិយមមិនខ្វល់ថា អង់គ្លេសធ្លាប់គាំទ្រក្រុមខ្លួននៅស៊ីរី រឺក៏គាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់អ្វីទេ ក្រុមជីហាតជ្រុលនិយមគិតតែម្យ៉ាងប៉ុណ្ណោះ គឺវាយដណ្តើមដែនដីអ៊ីរ៉ាក់និងស៊ីរី ដើម្បីអាចបង្កើតរដ្ឋអ៊ីស្លាមមួយ តាមព្រំដែនរវាងប្រទេសទាំង២។
ពេលនេះ ក្រុមជីហាតជ្រុលនិយម រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ កំពុងកេងផលចំណេញពីការវាយលុក នៅអ៊ីរ៉ាក់ដែរ។ ទី១ ក្រុមជីហាតបានលេចមុខលេចមាត់ក្នុងឆាកអន្តរជាតិ ព្រោះថាបានវាយលុកក្នុងទឹកដីអ៊ីរ៉ាក់ ដែលអាមេរិកនិងអង់គ្លេសអាប់មុខដោយសារសង្គ្រាមឆ្នាំ២០០៣នោះ។ ទី២ ក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ ដែលបែកបាក់ជាមួយក្រុមឧទ្ទាមនានានៅស៊ីរី ចង់អួតក្រុមឧទ្ទាមទាំងនោះវិញថា ក្រុមជីហាតរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ ក្លាយជាក្រុមខ្លាំងក្លា ក្នុងតំបន់ ព្រោះមិនចាំបាច់ពឹងជំនួយពីបរទេស ដូចក្រុមឧទ្ទាមទាំងនោះទេ តែក៏អាចយកដែនដីនៅអ៊ីរ៉ាក់មួយចំនួនធំមកកាន់កាប់ទៅហើយ។
ដោយសារកងទ័ពអ៊ីរ៉ាក់រត់ចោលជួរ ក្រុមជីហាតមួយនេះ បានដណ្តើមយកសម្ភារៈយោធាជាច្រើន ពីកងទ័ពដោយស្រួល ហើយបាននាំសម្ភារៈយោធាទាំងនេះចូលក្នុងទឹកដីស៊ីរីទៀតផង។ ដូច្នេះ ពេលនេះ ចៀសវាងការវាយលុកនៅអ៊ីរ៉ាក់រាលដាលជាគ្រោះថ្នាក់ក្នុងតំបន់ សហគមន៍អន្តរជាតិ ពិសេសអាមេរិកនិងអង់គ្លេស ត្រូវតែមើលពីជំហររបស់ខ្លួនឡើងវិញចំពោះរដ្ឋាភិបាលស៊ីរី។ អាមេរិកនិងអង់គ្លេសក៏បានដឹងដែរថា អ្នកកាន់និកាយស៊ីអ៊ីតជនជាតិអ៊ីរ៉ាក់ជាច្រើនពាន់នាក់ កំពុងតែជួយកងទ័ពលោកអាសាដ ដើម្បីប្រយុទ្ធនឹងក្រុមឧទ្ទាម ដែលអាមេរិក និងអឺរ៉ុបគាំទ្រនោះ។ ប្រធានាធិបតីអាសាដ ធ្លាប់បានលើកឡើងច្រើនដងមកហើយថា ទាល់តែមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពីសហគមន៍អន្តរជាតិ ទើបអាចទប់ទល់នឹងភេរវកម្មក្នុងតំបន់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ