អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ក្រុម​តាលីបង់​បំផ្ទុះ​រថយន្ត​កាំម្ញ៉ុង​ នៅ​សណ្ឋាគារ​ជនបរទេស​ ជាយក្រុង​កាប៊ូល​

កន្លែង​ដែល​រង​ការបំផ្ទុះ​រថយន្ត​កាំម្ញ៉ុង នៅសណ្ឋាគារ​​​​Northgate ជាយ​ក្រុងកាប៊ូល ថ្ងៃ១សីហា​នេះ។
កន្លែង​ដែល​រង​ការបំផ្ទុះ​រថយន្ត​កាំម្ញ៉ុង នៅសណ្ឋាគារ​​​​Northgate ជាយ​ក្រុងកាប៊ូល ថ្ងៃ១សីហា​នេះ។ REUTERS/Mohammad Ismail
ដោយ៖ ព្រំ សឿន សូលីណា
១១ នាទី

នៅអាហ្វហ្កានីស្ថាន ​​យប់ថ្ងៃអាទិត្យ​ឈានចូលព្រឹក​ថ្ងៃចន្ទ​នេះ ក្រុមតាលីបង់​បាន​​បង្ក​ភេរវកម្ម នៅ​សណ្ឋាគារ​ជនបរទេស​​មួយ​កន្លែង នៅ​ជាយក្រុង​កាប៊ូល ​ដោយ​បាន​បំផ្ទុះ​រថយន្ត​កាំម្ញ៉ុង​មួយគ្រឿង នៅ​ទីនោះ។ កងកម្លាំង​​​អាហ្វហ្កានីស្ថាន​​បាន​ចុះ​ប្រតិបត្តិការ​ សម្លាប់​សកម្មជន​តាលីបង់​៣នាក់។ ប៉ូលិស​ម្នាក់បាន​ស្លាប់ ​​៣នាក់ទៀត​រងរបួស។

ផ្សាយពាណិជ្ជកម្ម

នៅ​​ព្រឹកម៉ោង​១កន្លះ ថ្ងៃចន្ទនេះ ​ភេរវកម្ម​ដោយ​​​រថយន្ត​​កាំម្ញ៉ុងបាន​​កំទេច​ជញ្ជាំង​ក្នុង​​​សណ្ឋាគារ​​Northgate ​​នៅជាយក្រុងកាប៊ូល។ ភ្លាមៗ​ ក្រុមតាលីបង់​បាន​ប្រកាស​ទទួល​ខុសត្រូវ​ ចំពោះភេរវកម្ម​នេះ។ កងកម្លាំង​អាហ្វហ្កានីស្ថាន​ ​បាន​ប្រតិបត្តិការ​សម្លាប់​សកម្មជន​តាលីបង់​៣នាក់។

សណ្ឋាគារNorthgate​ ទទួលជនស៊ីវិលនិង​ទាហាន​បរទេសដែលបម្រើ​​​ការងារ​ប្រតិបត្តិការ​មួយ ​​ក្រោម​អង្គការ​អូតង់។ ​សណ្ឋាគារនេះ​ស្ថិត​នៅ​ជិត​អាកាសយានដ្ឋានយោធាមួយ ​ជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងកាប៊ូល។ ​​ក្រុមតាលីបង់​ធ្លាប់​វាយប្រហារ​​សណ្ឋាគារ​នេះ​​ ​ម្តងហើយ កាលពី​ឆ្នាំ២០១៣។ ​កាលនោះ សកម្មជន​តាលីបង់​៥នាក់​ បានចូល​​​ក្នុង​សណ្ឋាគារ​ សម្លាប់​មនុស្ស​៩នាក់ មុននឹង​ត្រូវ​កងកម្លាំង​សន្តិសុខ​សម្លាប់​។ ដោយឡែក​ សណ្ឋាគារ​មាន​ជញ្ជាំង​ការពារ​ខ្ពស់ ហើយ​វេបសាយ​សណ្ឋាគារបាន​បង្ហាញ​ពី​បទបញ្ជា​សន្តិសុខ​តឹងតែងទៀតផង។ ​

នេះជាភេរវកម្ម​ធ្ងន់ធ្ងរ​ ​តាំង​ពី​​​​ថ្ងៃ២៣កក្កដា ក្រោយ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បានធ្វើភេរវកម្ម​ប្រឆាំង​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត ​សម្លាប់​មនុស្ស​៨០នាក់។ ​ក្រុមតាលីបង់​​ធ្លាប់​វាយប្រហារ​​ក្រុងកាប៊ូល​២លើកមកហើយ​ ក្នុង​​ពេល​​បុណ្យ​រ៉ាម៉ាដង់ ខែមិថុនា។ ថ្ងៃ២០មិថុនា ​ក្រុម​តាលីបង់​​បាន​សម្លាប់​កងកម្លាំង​សន្តិសុខ​នេប៉ាល់ ១៤នាក់ ជាអ្នក​​បម្រើការ​អោយ​ស្ថានទូត​ប្រទេស​លោកខាងលិច។ ថ្ងៃ៣០មិថុនា ​​ ​ភេរវកម្ម​អត្តឃាត​២ បាន​វាយប្រហារ​​ក្បួន​ដង្ហែ​ប៉ូលិស​ សម្លាប់​​មនុស្ស​៣០នាក់។

​ក្រុមតាលីបង់​បាន​ធ្វើភេរវកម្ម ​ដាក់សម្ពាធលើ​​រដ្ឋាភិបាល​អាហ្វហ្កានីស្ថា​ន​ គិត​​តាំង​ពី​​កងទ័ព​ប្រទេស​លោកខាងលិចមួយភាគ​ ត្រូវបាន​​​​ដកចេញពីអាហ្វហ្កានីស្ថាន​ ចុងឆ្នាំ​២០១៤មក៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ