អ៊ីរ៉ាក់

អំពើ​ភេរវកម្ម​ចំនួន​១០ដង​ផ្ទួនៗគ្នា​ បាន​សម្លាប់​មនុស្ស​ជាច្រើននាក់​​នៅ​អ៊ីរ៉ាក់​

រថយន្ត​ដែល​បាន​រង​ការ​​បំផ្ទូះ​ភេរវកម្ម​គ្រាប់បែក នៅ​តំបន់ Shaab អ៊ីរ៉ាក់ ថ្ងៃ​អាទិត្យ​ ២៧តុលា​ នេះ
រថយន្ត​ដែល​បាន​រង​ការ​​បំផ្ទូះ​ភេរវកម្ម​គ្រាប់បែក នៅ​តំបន់ Shaab អ៊ីរ៉ាក់ ថ្ងៃ​អាទិត្យ​ ២៧តុលា​ នេះ REUTERS/Thaier Al-Sudani

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤២នាក់ និង​រងរបួស ១០០នាក់​ផ្សេង​ទៀត​នៅ​ក្នុង​អំពើភេរវកម្ម​ចំនួន ១០ដង​ផ្ទួនៗ​គ្នា ​នៅ​ថ្ងៃអាទិត្យ ទី២៧ តុលា។ យោង​តាម​ប្រភព​ព័ត៌មាន​ផ្សេង​គ្នា​ឲ្យ​ដឹង​ថា មាន​ការ​បំផ្ទុះ​រថយន្ត​ពី ៨ ទៅ​១០គ្រឿង​នៅ​ក្នុង​ទីក្រុង​បាកដាដ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន។ ភាព​តានតឹង​ខាង​សាសនា និង​អស្ថិរភាព​នយោបាយ​ហាក់​ដូច​ជា​បាន​និង​កំពុង​បន្ត​គ្រប​ដណ្តប់​លើ​ផ្ទៃប្រទេស និង​ដែល​ប្រជាជន​ជា​អ្នក​ដែល​បាន​ទទួល​រងគ្រោះថ្នាក់​ខ្លំាង​ជាង​គេ។

ផ្សាយពាណិជ្ជកម្ម

កន្លែង​ដែល​បាន​ទទួល​រងការបំផ្ទុះ​ខ្លំាង​ជាង​គេ គឺ​កើត​មាន​នៅ​ក្នុង​តំបន់ Shaab។ មាន​រថយន្ត​ចំនួន ២គ្រឿង​បាន​ផ្ទុះ​ដំណើរ​គ្នា​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​ ស្ថិត​ក្នុង​សង្កាត់​ស្ថិត​ប៉ែក​ខាង​ជើង​ទីក្រុង​បាកដាដ។ ការ​ផ្ទុះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៥នាក់ និង​របួស ១៧នាក់​ផ្សេង​ទៀត។ ជា​សរុប មាន​ការ​បំផ្ទុះ​រថយន្ត​ពី ៨ ទៅ ១០គ្រឿង​នៅ​ក្នុង​សង្កាត់​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បាកដាដ និង​តំបន់​ជុំវិញ​ទីក្រុង ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣០នាក់ និង របួស​ប្រមាណ​ជា ៨០នាក់​ផ្សេង​ទៀត។

ក្នុង​ថ្ងៃ​តែ​មួយ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក៏​បាន​កើត​មាន​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​បាកដាដ។ ចំណែក​ការ​វាយប្រហារ​មួយ​ទៀត​បាន​កើត​មាន​នៅ​ក្នុង​ស្រុក Mossoul ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ មាន​រថយន្ត​មួយ​បាន​ផ្ទុះ​នៅ​ក្បែរ​របំាង​កុលត្រូល​ទាហាន និង​ធនាគារ​មួយ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជា ១០នាក់ និង​របួស ២០នាក់​ផ្សេង​ទៀត។

បច្ចុប្បន្ន​នេះ នៅ​អ៊ីរ៉ាក់ ជម្លោះ​សាសនា​បាន​និង​កំពុង​បន្ត​តានតឹង​យ៉ាង​ខ្លំាង​រវាង​ក្រុមអ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត និង​និកាយ​ស៊ុយនីត។ ក្រុមនិកាយ​ស៊ុយនីត​ដែល​មាន​ចំនួន​ភាគ​តិច​តែងតែ​បាន​ចោទ​រដ្ឋាភិបាល​ពី​បទ​បាន​បន្ត​ចាប់ខ្លួន និង​ធ្វើ​បាប​ចំពោះ​ពួកគេ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Nouri al-Maliki ដែល​មាន​សមាជិក​ភាគច្រើន​ជា​ក្រុម​និកាយ​ឈីអ៊ីត កំពុង​ផុយស្រួច​ដោយ​បញ្ហា​ស៊ីរូង​ផ្ទៃក្នុង​មួយ​ចំនួន ដូច​យ៉ាង​អំពើ​ពុករលួយ និង​កំណើន​ជម្លោះ​សាសនា​សព្វថ្ងៃ។

ជម្លោះ​សាសនា​ដែល​អង្គការ​សហប្រជាជាតិ និង​អ្នកតំណាង​ការទូត​បរទេស​ប្រចំា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​អំពាវនាវ​ឲ្យ​លោក Nouri al-Maliki ផ្តើម​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​ជា​និមិត្តរូប​មួយ​ដោយ​ជួយ​លើក​តម្កើង​ក្រុមនិកាយ​ស៊ុយនីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI