រុស្ស៊ី

របាយការណ៍​ប្រចាំឆ្នាំ​អំពី​ការបន្លំ​លួច​លុយ​រដ្ឋ

ប្រជាជន​រុស្ស៊ី​ធ្វើ​បាតុកម្ម​កន្លងទៅ នៅទីក្រុង​ម៉ូស្កូ​ប្រឆាំង​នឹង​អំពើពុករលួយ​​រដ្ឋាភិបាល
ប្រជាជន​រុស្ស៊ី​ធ្វើ​បាតុកម្ម​កន្លងទៅ នៅទីក្រុង​ម៉ូស្កូ​ប្រឆាំង​នឹង​អំពើពុករលួយ​​រដ្ឋាភិបាល ©Reuters

របាយការណ៍​ដែលទើប​ត្រូវ “អាជ្ញាធរ​សវនកម្ម​រុស្ស៊ី” ផ្ញើ​ជូន​សភាឌូម៉ា ដែលជា សភា​ជាន់ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុងឆ្នាំ២០១១ កន្លងទៅ ទឹកប្រាក់​ដែលមាន បន្លំ​លួច​ពី​ខ្ទង់ចំណាយ​នៃ​ថវិការដ្ឋ គឺឡើង​ដល់​ទំហំ ជាង ៧១៨.០០០លានរូប្ល ឬ ស្មើ​នឹង ១៧.៨០០​លានអឺរ៉ូ ដែលច្រើន​មិនធ្លាប់មាន​ដូចទេ។

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​របាយការណ៍​នេះ ដែល​ចុះផ្សាយ​ដោយ កាសែត​ក្រុងម៉ូស្គូ​​ Izvestia លេខ ថ្ងៃ ព្រហស្បតិ៍ ១២​មករានេះ។ បើក្នុង​ឆ្នាំ ២០០៨ ទឹកប្រាក់​បន្លំលួចនោះ គឺ​តែ ២.៤០០ លានអឺរ៉ូ នោះក្នុង​ឆ្នាំ២០០៩ វាកើនឡើង ជាង​២ដង រហូតដល់ ៥.៩០០ លានអឺរ៉ូ ហើយ ក្នុងឆ្នាំ ២០១០ គឺកើន​ជាង២ដង​ទៀត លុះដល់ ១២.០០០លានអឺរ៉ូ រួចនៅទីបំផុត ក្នុងឆ្នាំ២០១១​កន្លងទៅ ស្រាប់តែវាត់​ដល់ ១៧.៨០០ លានអឺរ៉ូ តែម្តង ដែលជា តួលេខ​ឯតទគ្គកម្ម ក្នុង​ប្រវត្តិ​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី។

ពីក្នុងទឹកប្រាក់​បន្លំ​លួច​ក្នុង​ឆ្នាំ២០១១នោះ គឺ​ដល់​ទៅ ១៧៥​លានអឺរ៉ូ គ្រាន់តែ​យក​ទៅ​បំពេញ​ប្រតិបត្តិការ​ខាងពិនិត្យ​មើល​ខ្ទង់​ចំណាយ​សម្រាប់ ការអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​ក្រុងម៉ូស្គូ ក្នុង​ទម្រង់ជា ប្រាក់​ជំនួយ​ខុសច្បាប់​ទេតើ។ នៅមាន ១៨៦លានអឺរ៉ូទៀត គឺជា ប្រាក់ចំណាយ​ផ្នែក​រដ្ឋបាល​ដែល​បង្កប់​ដោយ ”ន័យ​ពុករលួយ” តែម្តង។

“អាជ្ញាធរ​សវនកម្ម​រុស្ស៊ី” ក៏​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់ ទៅលើ​ការងារ​ខាង​រៀបចំ សម្រាប់ រុស្ស៊ី ក្នុង​ឋានៈ​ជាម្ចាស់ផ្ទះ ទទួល​ឲ្យ​ប្រព្រឹត្ត​ទៅ នៅ​បុរី​រមណីយដ្ឋាន Sotchi មាត់​សមុទ្រខ្មៅ ក្នុងឆ្នាំ២០១៤​ខាងមុខ គឺ “ល្បែង​កីឡា​អូឡាំពិក​រដូវត្រជាក់ លើក​ទី២៣” និង ”ល្បែង​កីឡាប៉ារ៉ា អូឡាំពិក រដូវត្រជាក់​សម្រាប់​ជនពិការ លើកទី១១”។ លទ្ធផល​អង្កេត ស​ឲ្យ​ឃើញ​ថា ពី​ក្នុង​ចំណោម​សំណង់​សរុបទៅ​ចំនួន​៩២ គឺដល់ទៅ២៤​សំណង់​ឯណោះ ដែល​ការងារ​ស្ថាបនកម្ម កំពុង​ប្រព្រឹត្ត​ទៅ​ដោយយឺត​ពេល​មែនទែន។

“អាជ្ញាធរ​សវនកម្ម​រុស្ស៊ី” ក៏​កត់សម្គាល់​ឃើញ​ថា ក្នុង​អង្គការ​មហាផ្ទៃ គ្មាន​សណ្តាប់ធ្នាប់​ទេ ដ្បិត លុយបាន​មក​ពី​ការលក់​ទ្រព្យសម្បត្តិ ដែល”ស្ថាប័ន​គយ” រឹបអូស​យក​បាន នាបីឆ្នាំ​ចុងក្រោយ គឺមាន​ផ្ទេរ​ចូល​ក្នុង​ថវិការដ្ឋ តែ ៥,៥%ប៉ុណ្ណោះ នៃ​តម្លៃ​មែនពិត​របស់វា។

ពួកមន្ត្រី​សវនករ ក៏​រាវរក​ឃើញ​បាត់អស់​ទឹកលុយ ៥៧លានអឺរ៉ូ ក្នុង​កងទ័ព ដ្បិតពេល​ប្រើប្រាស់​ធនធាន​រំលែក​ទៅ​សម្រាប់​សង់ឃ្លាំង​ស្តុកគ្រាប់​រំសេវ គឺ​មាន​ចំណាយ​រហូត​ដល់ ៣ដង លើស​ពី​មានគ្រោងទុក។

អំពើពុករលួយ ប្រៀប​បាន​ជា​មហារីក ដែល​ស៊ីរូង​ក្រសួង​មន្ទីរ​រដ្ឋនានា ហើយដែល​ត្រូវ​បាន លោក​មេដវេដេវ លើក​ជាអាទិភាព​ចំបង ក្នុង​សុន្ទរកថា ថ្លែង​៤ឆ្នាំមុន ពេលគាត់​ទទួល​សច្ចា ប្រណិធាន ជា​ប្រធានាធិបតី ប៉ុន្តែ ក្រោយមក គាត់បង្ខំ​ចិត្ត​សារភាព​ទទួលស្គាល់​ថា ខាងមុខ​ព្រួញនេះ នៅមិនទាន់​សម្រេច​បាន​ជោគជ័យ ដូច​ដែល​គាត់​ខំ​សង្ឃឹម​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI