លោកស្រីអ៊ុង សានស៊ូជី គាំទ្រការផ្លាស់ប្តូរនយោបាយរបស់អាមេរិកចំពោះភូមា
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងជំនួបជាមួយលោកស្រីហ៊ីឡារី គ្លីនតុន នៅថ្ងៃសុក្រ ២ ធ្នូ ២០១១នេះ លោកស្រីអ៊ុង សានស៊ូជី បានបង្ហាញនូវជំហរគាំទ្រនយោបាយថ្មីរបស់សហរដ្ឋអាមេរិក ចំពោះភូមា។ ការគាំទ្ររបស់មេដឹកនាំប្រឆាំងដ៏ល្បីល្បាញនេះ គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់អាមេរិក ដែលចង់យកនយោបាយបើកចំហ ដើម្បីជំរុញកំណែទម្រង់នៅភូមា។
ស្រ្តីដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញលើឆាកអន្តរជាតិទាំងពីររូបបានជួបគ្នា នៅក្នុងផ្ទះរបស់លោកស្រីអ៊ុង សានស៊ូជី ទីដែលលោកស្រីធ្លាប់រស់នៅជាអ្នកទោសក្នុងរយៈពេលប្រមាណ ១៥ឆ្នាំ។ លោកស្រីគ្លីនតុន និងលោកស្រីអ៊ុង សានស៊ូជី បានជួបគ្នាចំនួនពីរលើក គឺការទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជន នៅយប់ថ្ងៃព្រហស្បតិ៍ និងជំនួបជាផ្លូវការ នៅថ្ងៃសុក្រ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយលោកស្រីគ្លីនតុន មេដឹកនាំប្រឆាំងភូមាបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះដំណើរវិវឌ្ឍន៍នៃនយោបាយរបស់ភូមា។ លោកស្រីអ៊ុង សានស៊ូជី បានមានប្រសាសន៍ថា “ប្រសិនបើយើងធ្វើការនេះជាមួយគ្នា ខ្ញុំជឿជាក់ថា ភូមានឹងធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ យើងនៅមិនទាន់ស្ថិតនៅលើផ្លូវប្រជាធិបតេយ្យនៅឡើយទេ ពេលនេះ។ ក៏ប៉ុន្តែ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត យើងសង្ឃឹមថានឹងអាចធ្វើដំណើរទៅដល់គោលដៅរបស់យើងក្នុងពេលឆាប់ៗ”។
គួរបញ្ជាក់ថា ការគាំទ្ររបស់លោកស្រីអ៊ុង សានស៊ូជី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់អាមេរិក ក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយរដ្ឋាភិបាលភូមា។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅភូមា នៅពេលនេះ ប្រាកដជាមិនអាចកើតមានបានទេ ប្រសិនបើគ្មានភ្លើងខៀវរបស់លោកស្រីអ៊ុង សានស៊ូជី។
កាលពីខែសីហា លោកស្រីអ៊ុង សានស៊ូជី បានធ្វើដំណើរពីទីក្រុងរ៉ង់ហ្គូន ទៅរដ្ឋធានីណៃពិដោរ ដើម្បីជួបជាមួយលោកប្រធានាធិបតី ថេន សេន ជាលើកទីមួយ។ ចាប់ពីពេលនោះមក ដំណើរវិវឌ្ឍន៍នៃនយោបាយភូមាហាក់ដូចជាមានល្បឿនលឿនទៅមុខគួរឲ្យកត់សម្គាល់។ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកបានទៅបំពេញទស្សនកិច្ចព្រមៗគ្នា នៅភូមា។ បន្ទាប់មកទៀត ក្រោយពីបានជជែកតាមទូរស័ព្ទជាមួយលោកស្រីអ៊ុង សានស៊ូជី លោកអូបាម៉ា ក៏បានប្រកាសថា លោកនឹងឲ្យលោកស្រីគ្លីនតុន ទៅបំពេញទស្សនកិច្ចនៅភូមា។
កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានជួបជាមួយលោកប្រធានាធិបតី ថេន សេន លោកស្រីគ្លីនតុនបានប្រកាសថា អាមេរិកនឹងពិចារណា ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើភូមា ដើម្បីបើកផ្លូវឲ្យភូមាទទួលជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោកស្រីក៏បានឲ្យដឹងផងដែរថា អាមេរិក និងភូមា នឹងជជែកគ្នាជាបន្តទៀត អំពីលទ្ធភាពក្នុងភ្ជាប់ទំនាក់ទំនងថ្នាក់ឯកអគ្គរដ្ឋទូតជាមួយគ្នាឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់ តាំងពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩០។
នៅថ្ងៃសុក្រនេះ លោកស្រីគ្លីនតុនបានប្រកាសថា គោលដៅនៃការផ្លាសប្តូរនយោបាយរបស់អាមេរិកចំពោះភូមា គឺដើម្បីជំរុញកំណែទម្រង់ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ គេនៅតែមានមន្ទិលសង្ស័យថា តើគោលដៅពិតប្រាកដរបស់អាមេរិកនៅភូមា គឺពិតជាលទ្ធិប្រជាធិបតេយ្យមែន ឬមួយក៏ដើម្បីប្រជែងជាមួយចិន?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ