អាជ្ញាធរភូមាទទួលចុះឈ្មោះគណបក្សលោកស្រីអ៊ុង សានស៊ូជី ជាគណបក្សស្របច្បាប់
នៅថ្ងៃអង្គារ ១៣ ធ្នូ ២០១១នេះ អាជ្ញាធរភូមាបានសម្រេចទទួលស្គាល់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ជាគណបក្សស្របច្បាប់ហើយ។ នេះបើតាមការផ្សាយរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋ New Light of Myanmar ។ នេះគឺជាជំហានមួយទៀត សម្រាប់បើកផ្លូវឲ្យលោកស្រីអ៊ុង សានស៊ូជី ចូលប្រឡូកក្នុងឆាកនយោបាយភូមាដោយពេញលេញឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រីអ៊ុង សានស៊ូជី ត្រូវបានរបបសឹកភូមារំលាយចោល កាលពីឆ្នាំ២០១០កន្លងទៅ ក្រោយពីគណបក្សនេះធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ថ្មីៗនេះ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានសម្រេចវិលត្រឡប់ចូលក្នុងឆាកនយោបាយវិញ ក្រោយពីរដ្ឋាភិបាលស៊ីវិលភូមាបានធ្វើការកែប្រែច្បាប់បោះឆ្នោត បើកផ្លូវឲ្យលោកស្រីអ៊ុង សានស៊ូជី អាចឈរឈ្មោះបោះឆ្នោតឡើងវិញ។
នៅថ្ងៃអង្គារ ១៣ ធ្នូ នេះ បណ្តាញសារព័ត៌មានផ្លូវការភូមា (New Light of Myanmar) បានផ្សាយឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតភូមាបានសម្រេចជាផ្លូវការទទួលចុះឈ្មោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ជាគណបក្សនយោបាយស្របច្បាប់។ នេះមានន័យថា លោកស្រីអ៊ុង សានស៊ូជី ប្រមុខដឹកនាំបក្សប្រឆាំង នឹងអាចឈរឈ្មោះក្នុងការបោះឆ្នោតនាពេលខាងមុខ។
គួររំឭកថា លោកស្រីអ៊ុង សានស៊ូជី ធ្លាប់បានប្រកាសថា លោកស្រីនឹងឈរឈ្មោះ ក្នុងការបោះឆ្នោតតំណាងរាស្រ្ត ដែលគេរំពឹងថា នឹងត្រូវគេរៀបចំធ្វើនៅដើមឆ្នាំក្រោយ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ អាជ្ញាធរភូមានៅមិនទាន់កំណត់ច្បាស់លាស់ អំពីកាលបរិច្ឆេទបោះឆ្នោតនេះនៅឡើយទេ។
កំណែទម្រង់នយោបាយរបស់រដ្ឋាភិបាលស៊ីវិលភូមាបានធ្វើឲ្យក្រុមប្រឆាំង និងសហគមន៍អន្តរជាតិចាប់ផ្តើមមានសង្ឃឹមឡើងវិញថា ថ្ងៃណាមួយ ភូមានឹងអាចត្រឡប់ទៅរកផ្លូវប្រជាធិបតេយ្យវិញ ក្រោយពីស្ថិតក្រោមការគ្រប់គ្រងដោយរបបសឹកអស់រយៈពេលជិតកន្លះសតវត្សរ៍។
ក្នុងក្របខ័ណ្ឌកំណែទម្រង់នយោបាយ និងការផ្សះផ្សារជាតិនេះ រដ្ឋាភិបាលភូមាក៏បានព្យាយាមចរចាបញ្ចប់សង្រ្គាមស៊ីវិលជាមួយក្រុមឧទ្ទាមជនជាតិភាគតិចភូមាផងដែរ។ ក្រោយពីបានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមឧទ្ទាមដ៏ធំមួយ កាលពីដើមខែធ្នូ លោកប្រធានាធិបតី ធេន សេន បានចេញបទបញ្ជាមួយ កាលពីថ្ងៃចន្ទ ម្សិលមិញ ឲ្យកងទ័ពភូមាទាំងអស់បញ្ឈប់រាល់ប្រតិបត្តិការវាយលុកលើក្រុមឧទ្ទាមមួយផ្សេងទៀត គឺក្រុមឧទ្ទាមកាឈីន (Kachin) ដែលមានទីតាំង នៅប៉ែកខាងជើងប្រទេសភូមា ជាប់នឹងព្រំដែនចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ