ភូមា

គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​បើកធ្វើ​សមាជ​ជា​លើកទីមួយ

គណៈប្រតិភូ នៅ​ក្នុង​សមាជក​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ថ្ងៃសុក្រ ៨ មីនា ២០១៣
គណៈប្រតិភូ នៅ​ក្នុង​សមាជក​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ថ្ងៃសុក្រ ៨ មីនា ២០១៣ REUTERS/Kyaw Soe Naing/NLD/Handout

គណបក្ស​របស់​លោកស្រី​អ៊ុង សាន ស៊ូជី បាន​បើក​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​សុក្រនេះ ដែល​ជា​សមាជ​លើក​ដំបូង​បង្អស់ ចាប់តាំង​ពី​បាន​បង្កើតឡើង​មក។ សមាជ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង នៅ​ក្នុង​ពេល​ដែល​គណបក្ស​របស់​លោកស្រី​អ៊ុង សាន​ ស៊ូជី កំពុង​ត្រៀម​រៀបចំ​ខ្លួន ចូលរួម​ក្នុងការ​បោះឆ្នោត ប្រជែង​ជាមួ​យ​នឹង​គណបក្ស​របស់​អតីត​មេដឹកនាំ​របបសឹកភូមា។

ផ្សាយពាណិជ្ជកម្ម

សមាជ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National League for Democracy ហៅកាត់​ថា NLD) ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​សុក្រនេះ នឹង​មាន​រយៈពេល ៣ថ្ងៃ ហើយ​មាន​ការ​ចូលរួម​ពី​គណៈប្រតិភូបក្ស​ប្រមាណជា ៨៥០នាក់។ គោលដៅ​សំខាន់​បំផុត​នៃ​សមាជ​នេះ គឺ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស និង​ជជែក​ពិភាក្សា​គ្នា ទៅលើ​​យុទ្ធសាស្រ្ត​នយោបាយ​របស់​បក្ស។

គណបក្ស​ NLD កំពុង​ត្រៀមរៀបចំ​ខ្លួន ចូលរួម​ក្នុង​ការ​បោះឆ្នោតជាតិ ដែល​នឹង​រៀបចំ​ធ្វើ នៅ​ឆ្នាំ​២០១៥។ អ្នក​សង្កេតការណ៍​ជាទូទៅ​យល់ថា ប្រសិនបើ​ការបោះឆ្នោត​ឆ្នាំ​២០១៥​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស​របស់​លោកស្រី​អ៊ុង សាន ស៊ូជី ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ។

លោកស្រី​អ៊ុង សាន ស៊ូជី មេដឹកនាំ​ប្រឆាំង​ដ៏មាន​ប្រជាប្រិយភាពបំផុត​នោះ មិនបាន​ច្រានចោល​នូវ​លទ្ធភាព​ឈរឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី​ភូមា​នោះទេ បើទោះបី​ជា​នៅ​ពេលនេះ រដ្ឋធម្មនុញ្ញ ដែល​តាក់តែង​ឡើង ដោយ​អតីត​មេដឹកនាំ​របបសឹក ហាមឃាត់​មិន​ឲ្យ​លោកស្រី​ឈរឈ្មោះ​ក៏ដោយ។

ក៏ប៉ុន្តែ អ្នកវិភាគ​នយោបាយ​ភូមា​មួយចំនួន​បាន​ធ្វើការ​កត់សម្គាល់​លើ​ចំណុច​សំខាន់​មួយ គឺ​នៅត្រង់ថា មើលទៅលើ​ស្ថានភាព​បច្ចុប្បន្ន​នេះ គេ​មិន​ប្រាកដ​ទេ​ថា ​គណបក្ស​របស់​លោកស្រី​អ៊ុង សាន ស៊ូជី មាន​សមត្ថភាព​ ជាពិសេស ធនធានមនុស្ស​គ្រប់គ្រាន់ក្នុងការ​ដឹកនាំ​ប្រទេស។

មន្រ្តី​ដឹកនាំ​បក្ស​សំខាន់ៗ និង​មាន​សមត្ថភាព ភាគច្រើន​សុទ្ធតែ​ចូល​ក្នុង​វ័យ​ ៨០ឆ្នាំ ឬ​៩០​ឆ្នាំ ហើយ​មាន​ការ​ទាមទារ​ជាទូទៅ​ឲ្យ​​គណបក្ស​នេះ​រៀបចំ​បញ្ចូល​ក្មេងៗ​ជំនាន់ក្រោយ ទៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស ដើម្បី​បន្តវេន​ពី​មេដឹកនាំ​ចំណាស់ៗ​ទាំងនេះ។ ក៏ប៉ុន្តែ បើ​តាម​កំណត់​ទូតសម្ងាត់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​រ៉ង់ហ្គូន កាល​ពី​ឆ្នាំ​២០០៨ ហើយ​ដែល​ត្រូវ​បាន​លេចធ្លាយ​ជា​សាធារណៈ មន្រ្តី​ទូត​អាមេរិក​បាន​ធ្វើការ​កត់សម្គាល់​ថា នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ NLD មេដឹកនាំ​ចាស់ៗ​​មិនសូវ​លើកទឹកចិត្ត​ឲ្យ​សមាជិក​ក្មេងៗ​ចូលរួម​បញ្ចេញ​គំនិត​យោបល់​របស់​ពួកគេ​នោះទេ។ ជារឿយៗ​ មេដឹកនាំ​ចាស់ៗ​​ទាំង​នេះ ថែមទាំង​បាន​បណ្តេញ​ចេញ​ពី​បក្ស​ទៀតផង នូវ​​សមាជិក​ក្មេងៗ​ណា​ ដែល​ពួកគេ​យល់ថា ជា​សមាជិក “សកម្មជ្រុលពេក”។

នៅ​ក្នុង​សមាជ​បក្ស រយៈពេល ៣ថ្ងៃ​នេះ គណៈប្រតិភូ​​បក្ស​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​​​គណៈកម្មាធិការ​កណ្តាល​ ដែល​មាន​សមាជិក​ ១២០រូប។ បន្ទាប់មក គណៈកម្មាធិការ​កណ្តាល​នេះ នឹង​​ត្រូវ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នាយក​បក្ស ដែល​មាន​សមាជិក ១៥រូប។ លោកស្រី​អ៊ុង សាន ស៊ូជី ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ និង​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ជា ១៥ឆ្នាំ ជាប់ឃុំ​ក្នុង​ផ្ទះ ត្រូវ​បាន​គេ​ប្រមើល​មើល​ថា ប្រាកដ​ជា​នឹង​ត្រូវ​ជាប់ឆ្នោត​ជា​ប្រធានបក្ស​សាជាថ្មី ដោយ​គ្មាន​បញ្ហា។

ក៏ប៉ុន្តែ អ្វី​ដែល​គេ​កំពុង​តែ​រង់ចាំមើល​នោះ គឺ​ថា តើ​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ ដែល​កើតចេញ​ពី​​សមាជ​នេះ មាន​សមាសភាព​ក្មេងៗ​ជំនាន់​ក្រោយ​ប៉ុន្មាន​នាក់?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI