លោកស្រីអ៊ុង សានស៊ូជីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក
ប្រមុខដឹកនាំបក្សប្រឆាំងភូមា លោកស្រី អ៊ុង សានស៊ូជី ត្រូវចេញដំណើរនៅថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចជាលើកទីមួយរបស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រមាណជាពីរទសវត្សរ៍កន្លងទៅនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងត្រូវទទួលបានការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលអាមេរិក ស្ទើរតែស្មើនឹងប្រមុខរដ្ឋ ក៏ប៉ុន្តែ វាក៏ជាដំណើរទស្សនកិច្ចដែលអាចនឹងត្រូវប្រឈមមុខនឹងបញ្ហានយោបាយស្មុគស្មាញមួយចំនួនដែរ។
ចុះផ្សាយនៅថ្ងៃ៖
លោកស្រីអ៊ុង សានស៊ូជី នឹងត្រូវទៅដល់រដ្ឋធានីវ៉ាស៊ីងតោន នៅថ្ងៃចន្ទស្អែក។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងត្រូវជួបជាមួយលោកប្រធានាធិបតីអូបាម៉ា និងត្រូវទទួលមេដាយមាស ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពស់បំផុតរបស់សភាអាមេរិក។ លោកស្រីក៏គ្រោងធ្វើដំណើរទៅជួបសហគមន៍ជនជាតិភូមា នៅតាមទីក្រុងធំៗមួយចំនួនផងដែរ។
គិតជាសរុប លោកស្រីអ៊ុង សានស៊ូជីនឹងត្រូវស្នាក់នៅសហរដ្ឋអាមេរិករយៈពេលរហូតដល់ទៅជិត ៣សប្តាហ៍។ នេះមានន័យថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងត្រូវជាន់គ្នាជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីថេន សេន ដែលនឹងត្រូវទៅចូលរួមមហាសន្និបាតរបស់អ.ស.ប. នៅញូវយ៉ក នៅចុងខែកញ្ញានេះដែរ។ ដូច្នេះ ទស្សនកិច្ចរបស់លោកស្រីប្រមុខបក្សប្រឆាំងអាចនឹងគ្រប់ដណ្តប់លុបពីលើទស្សនកិច្ចរបស់លោកប្រមុខរដ្ឋភូមា។
សម្រាប់លោកប្រធានាធិបតីថេន សេន នេះក៏ជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកដែរ ទៅកាន់សហរដ្ឋអាមេរិកនេះ។ ក៏ប៉ុន្តែ លោកទំនងជានឹងមិនត្រូវរដ្ឋាភិបាលអាមេរិកទទួលស្វាគមន៍ ដោយផ្តល់កិត្តិយសដូចជាលោកស្រីអ៊ុង សានស៊ូជីនោះទេ។ ហើយគេក៏មិនរំពឹងថា លោកអូបាម៉ានឹងទទួលជួបលោកថេន សេន ដូចលោកស្រីអ៊ុង សានស៊ូជីនោះដែរ។
ទាំងនេះវាអាចជាសារអវិជ្ជមានមួយរបស់អាមេរិក សម្រាប់លោកថេន សេន ដែលថ្វីដ្បិតតែជាឥស្សរជនសល់ពីរបបសឹក ក៏ប៉ុន្តែ លោកក៏ជាឥស្សរជន ដែលបានដើរតួនាទីយ៉ាងសំខាន់ខ្លាំងដែរ ក្នុងការធ្វើកំណែទម្រង់នយោបាយភូមា នៅក្នុងរយៈកាលចុងក្រោយនេះ ដែលគួរត្រូវបានគេទទួលស្គាល់ និងលើកទឹកចិត្តបន្ថែម។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនេះ លោកស្រីអ៊ុង សានស៊ូជី អាចនឹងត្រូវប្រឈមមុខនឹងបញ្ហាមួយទៀត គឺទាក់ទងនឹងជំហររបស់លោកស្រីជុំវិញបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោកស្រីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពអាចនឹងត្រូវគេចោទសួរពីការដែលលោកស្រីនៅស្ងាត់ស្ងៀម ហាក់មិនអើពើ ចំពោះសិទ្ធិសេរីភាពជនជាតិភាគតិច ដែលកំពុងរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនេះ។
ជាការពិត បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា គឺជារឿងស្មុគស្មាញបំផុតមួយរបស់លោកស្រីអ៊ុង សានស៊ូជី។ ក្នុងឋានៈជាជ័យលាភីណូបែលសន្តិភាព និងជាឥស្សរជន ដែលទទួលបានការគាំទ្រពីអ្នកប្រជាធិបតេយ្យ និងពីសកម្មជនសិទ្ធិមនុស្ស នៅទូទាំងពិភពលោក លោកស្រីមិនអាចនៅស្ងៀមមិនអើពើ នៅពេលដែលសហគមន៍ជនជាតិភាគតិចមួយ ត្រូវទទួលរងនូវការរំលោភសិទ្ធិឥតឈប់ឈរ នៅក្នុងប្រទេសរបស់លោកស្រីបាននោះទេ។ ក៏ប៉ុន្តែ នៅភូមា សហគមន៍រ៉ូហ៊ីងយ៉ាមិនត្រូវបានគេទទួលស្គាល់ថាជាសហគមន៍ជាតិភាគតិច ឬជាពលរដ្ឋភូមានោះទេ តែជាជនអន្តោប្រវេសន៍ខុសច្បាប់។ ហើយនេះមិនមែនជាជំហររបស់រដ្ឋាភិបាលភូមាតែម្នាក់ឯងទេ ប៉ុន្តែ វាជាជំហររបស់ប្រជាជនភូមាភាគច្រើនលើសលុប។ ដូច្នេះ ការចេញមុខចេញមាត់ការពារសិទ្ធិរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អាចជាគ្រោះថ្នាក់នយោបាយធំមួយ សម្រាប់លោកស្រីអ៊ុង សានស៊ូជី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ