អ៊ុង សានស៊ូជី អំពាវនាវសុំការគាំទ្រពីបរទេសលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅភូមា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅពីមុខគណៈប្រតិភូ ចំនួន៤០០០នាក់មកពី១៨៥ប្រទេស ដែលចូលរួមក្នុងសន្និសីទ អន្តរជាតិស្តីពីការងារដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទីក្រុង Genève លោកស្រីមេដឹកនាំគណបក្សប្រឆាំង អ៊ុង សានស៊ូជី បាន លើកឡើង ចំនុចជាច្រើនទាក់ទងទៅនឹង វិស័យសេដ្ឋកិច្ច និងសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា។ ក្នុងនោះលោកស្រីបានទទូចថា នៅមានកំណែទម្រង់ចាំបាច់មួយចំនួនទៀតលើទិដ្ឋភាពសិទ្ធិ និងការពង្រឹងស្ថាប័នលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា ដែលនេះជាលក្ខខណ្ឌចំាំបាច់នៅក្នុងការទាក់ទាញ វិនិយោគទុនបរទេស។
ពាក្យពេចន៍មួយម៉ាត់ៗរបស់ប្រមុខដឹកនាំប្រឆាំងភូមា កាលពីម្សិលមិញបានក្លាយជាទីចំណាប់អារម្មណ៍ដ៏ពិសេសរបស់អ្នកចូលរួម និងអ្នកកាសែត នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីការងារនៅទីក្រុង Genève។នោះក៏ដោយសារតែការតស៊ូប្រឆាំងដ៏ស្វិតស្វាញរបស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះហើយ ដែលប្រទេសភូមាឈានមកកែប្រែមុខមាត់ថ្មីដូចសព្វថ្ងៃ។
“នេះជាឱកាសមួយដែលមិនឆ្លាប់មានពីមុនមកទេ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសភូមា។ សូមអ្នកទាំងអស់គ្នាមកចូលរួមជាមួយនឹងពួកយើងដើម្បីកសាងសង្គមមួយដែលមានអនាគត។ សូមអ្នកទាំងអស់គ្នាអញ្ជើញមកមើលដោយផ្ទាល់នៅក្នុងប្រទេសភូមា នូវសក្តានុពលរបស់យុវជនជំនាន់ថ្មី។” នេះជាការអំពាវនាវនៅក្នុងសំលេងដ៏ម៉ឹងម៉ាត់របស់ស្រ្តីនៃទីក្រុងរង់ហ្គូន។
មេដឹកនាំបក្សប្រឆាំងខាងលើ បានស្នើអោយមានច្បាប់ដែលមានតម្លាភាព នៅក្នុងវិស័យថាមពល សហគ្រាសរដ្ឋដែលមានលក្ខណៈប្រកួតប្រជែង និងការការពារផលិតករបន្លែតូចតាច។ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះក៏បានសំដែងការគាំទ្រចំពោះការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចកន្លងមករបស់អន្តរជាតិផងដែរ។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត នៅឱកាសសន្និសីទកាសែតលោកស្រីបានអះអាងថា ក្រុមហ៊ុនប្រេងកាតតូតាល់ របស់បារាំង គឺជាក្រុមហ៊ុនបោះវិនិយោគទុនមួយដែលមានទំនួលខុសត្រូវនៅក្នុងប្រទេសភូមា។ “បើទោះបីជាមានការចោទសួរទាក់ទងនឹងវេលាកាលនៃរបបសឹករបស់ភូមានៅពេលនោះក៏ដោយ ក៏ក្រុមហ៊ុន តូតាល់ នៅពេលនេះនៅតែមានការញញើតញញើមទៅនឹងសំណួរទាក់ទងនឹងសិទ្ធិមនុស្ស។ ប៉ុន្តែ ខ្ញុំនឹងមិនទាមទារអោយក្រុមហ៊ុនតូតាល់និងក្រុមហ៊ុន Chevron របស់អាមេរិកាំងដកខ្លួនចេញនោះទេ។” លោកស្រីអះអាងថាប្រទេសភូមាស្វាគម រាល់ការបោះវិនិយោគទុនរបស់ក្រុមហ៊ុនបរទេស ក៏ប៉ុន្តែ លុះណាតែអ្នកទាំងនោះគោរពច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងបង្ហាញពីតម្លាភាពនៅក្នុងនីតិវិធីជំនួញ។
ទាក់ទងទៅនឹងបញ្ហាយុវជននៅក្នុងប្រទេសវិញ ប្រមុខដឹកនាំបក្សប្រឆាំងវ័យ៦៧ឆ្នាំរូបនេះ ក៏បានអំពាវនាវសុំអោយជួយយុវវ័យភូមាជាច្រើនដែលមិនមានឱកាសចូលរៀននិងកំពុងរងគ្រោះដោយបញ្ហាអត់ការងារធ្វើ។
បន្ទាប់ពីទីក្រុង Genève លោកស្រី អ៊ុង សានស៊ូជី ដែលបានធូរស្រាលបន្តិចហើយពីអាការៈមិនស្រួលខ្លួនកាលពីល្ងាចម្សិលមិញត្រូវបន្តដំណើរទៅកាន់ទីក្រុង Oslo ប្រទេស Norvège នៅល្ងាចថ្ងៃសុក្រនេះដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រី ដោយលើកនេះទទួលដោយផ្ទាល់ដៃ៕ពានរង្វាន់ណូបែលសន្តិភាពដែលបានប្រកាសផ្តល់អោយលោកស្រីតាំងពីឆ្នាំ១៩៩១មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ