នយោបាយ​ជនភៀសខ្លួន​ដ៏​ចម្រូងចម្រាស​របស់​អូស្រ្តាលី

សំឡេង ០៤:០១
បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា
បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា REUTERS/Samrang Pring

កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀស ដែល​អូស្រ្តាលី​បាន​ចុះ​ជាមួយ​កម្ពុជា កាលពីពេលថ្មីៗ​នេះ កំពុងតែ​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ផុសផុល ជាពិសេស​ ពី​សំណាក់​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ ការចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​​ពី​អូស្រ្តាលី​ឲ្យ​មក​រស់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ នៃ​នយោបាយ​ជនភៀសខ្លួន​ដ៏សែន​ចម្រូងចម្រាស​របស់​អូស្រ្តាលី។

ផ្សាយពាណិជ្ជកម្ម

 

អូស្រ្តាលីគឺ​​ជា​ប្រទេស​មួយ​​ដែល​សម្បូរធនធាន មាន​ដីទំនេរច្រើន មាន​វប្បធម៌​ចម្រុះ ហើយ​ជា​ប្រជាជាតិ​ដែលមាន​​ដើមកំណើត​ដំបូង​ពី​​ចលនា​អន្តោប្រវេសន៍។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អូស្រ្តាលី​ក៏​មិនមែន​ជា​ប្រទេស​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជនភៀសខ្លួន​ខ្លាំងក្លា​នោះដែរ។ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​ជនភៀសខ្លួន​ នៅ​ទូទាំង​ពិភពលោក មានតែ​ប្រមាណ​ជា ២%​ ប៉ុណ្ណោះ ដែល​​មក​សុំ​​​សិទ្ធិជ្រកកោន​នយោបាយ​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ក្នុង​ចំណោម​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នេះ​ទៀត​សោត គេឃើញ​មាន​ភាគច្រើន​លើសលុប ត្រូវ​បាន​គេ​រកឃើញ​ថា​ជា​ជនភៀសខ្លួន​នយោបាយ​ពិតប្រាកដ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ អូស្រ្តាលី​បាន​ប្រកាន់​យក​នូវ​នយោបាយ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ជនភៀសខ្លួន ហើយ​នយោបាយ​តឹងរ៉ឹង​ចំពោះ​ជនភៀសខ្លួន​នេះ​ហាក់ដូចជា​ទទួលបាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​អូស្រ្តាលី ពីព្រោះ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​លោក​ Tony Abbott បាន​ជាប់ឆ្នោត​ដោយ​​យក​ការ​សន្យា​​ទប់ស្កាត់​ការ​ហូរចូល​នៃ​ជនភៀសខ្លួន​មក​ធ្វើ​ជា​ចំណុច​សំខាន់ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅនេះ។
 
វិធានការ​ដ៏តឹងរ៉ឹង និង​ដ៏​សែន​ចម្រូងចម្រាស​បំផុត​របស់​រដ្ឋាភិបាល​លោក​ Tony Abbott គឺ​វិធានការ​ដែល​ដាក់​ទៅលើ​ជនភៀសខ្លួន​ដែល​ធ្វើ​ដំណើរ​តាមទូក​ដោយ​ខុសច្បាប់ ចូល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អូស្រ្តាលី។ ជនភៀសខ្លួន​ទាំងនេះ​ភាគច្រើន​មកពី​អាហ្វហ្កានីស្ថាន ស្រីលង្កា អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ហើយ​ធ្វើ​ដំណើរតាមទូក​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

នយោបាយ​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដែល​បាន​ដាក់ចេញ​ចាប់តាំង​ពី​លោក Tony Abbott ជាប់ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ ​ផ្តោត​ទៅលើ​ចំណុច​សំខាន់​ ៣ គឺ រារាំង ឃុំឃាំង និង​បញ្ជូន​ជនភៀសខ្លួន​ចេញ​ពី​ប្រទេស​អូស្រ្តាលី។ នៅ​ក្នុង​ការអនុវត្ត​ជាក់ស្តែង រដ្ឋាភិបាល​របស់​លោក​ Tony Abbott បាន​ចាត់ឲ្យ​ឆ្មាំសមុទ្រ​​​បង្កើន​ការ​ល្បាត​ឆ្នេរ​សមុទ្រ ដើម្បី​ធ្វើ​យ៉ាងណា​​ស្ទាក់​ចាប់​ទូក​ដឹកជនភៀសខ្លួន​​ដែល​ព្យាយាម​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ទូក​ណាដែល​មិនទាន់​ចូល​មក​ដល់​ក្នុង​ដែនទឹក​របស់​អូស្រ្តាលី​នៅឡើយ ត្រូវ​គេ​រុញច្រាន​ឲ្យ​ចេញ​ទៅ​ទី​សមុទ្រ ឬ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ។ ចំណែក​ឯ​ជនភៀសខ្លួន​ណា ដែល​បាន​ចូល​មក​ដល់​ក្នុង​ទឹកដី​របស់​អូស្រ្តាលី​ហើយ ត្រូវ​​​ចាប់យក​ទៅ​ដាក់ឃុំ​​នៅ​ក្នុងជំរំ​ជនភៀសខ្លួន ដែល​អូស្រ្តាលី​បាន​​ចុះកិច្ចព្រមព្រៀង​បង្កើត នៅ​តាម​បណ្តា​ប្រទេស ដែល​ជា​កូនកោះ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (ប៉ាពូអាស៊ី​នូវែលហ្គីណេ និង​កោះ​ណាអ៊ូរូ)។ ចំនួន​អ្នក​សុំ​សិទ្ធិជ្រកកោន​នយោបាយ ដែល​ជាប់ឃុំ​នៅ​តាមមណ្ឌល​ឃុំឃាំង​អស់ទាំង​នេះ ត្រូវ​បាន​អង្គការ Amnesty International វាយតម្លៃ​ថា មាន​ប្រមាណ​ជាង ៣ពាន់​នាក់ ដោយ​ក្នុងនោះ មាន​ជាង ២រយនាក់​ គឺជា​កុមារ ហើយ​ឃុំឃាំង​នៅ​ក្នុង​​លក្ខខណ្ឌ​មួយ​ដែល​គ្មាន​មនុស្សធម៌។

នៅទីនោះ ជនភៀសខ្លួន​ត្រូវ​ជាប់​ឃុំ​ដោយ​គ្មាន​កាលកំណត់ ដើម្បី​រង់ចាំ​សេចក្តីសម្រេច​ពី​រដ្ឋាភិបាល​អូស្រ្តាលី​ថា តើ​គេ​អាច​ទទួល​សិទ្ធិ​​ជា​ជនភៀសខ្លួន​​ដែរ​ឬ​ទេ? អ្នក​ដែល​​មិន​ត្រូវ​បាន​ផ្តល់​​សិទ្ធិ​ជា​ជនភៀសខ្លួន​​អាច​នឹង​ត្រូវ​អាជ្ញាធរ​អូស្រ្តាលី​បញ្ជូន​ឲ្យ​ទៅ​កាន់ប្រទេស​កំណើត​របស់​ពួកគេ​វិញ ចំណែក​​​​​អ្នក​ដែល​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ជា​ជនភៀសខ្លួន ស្របទៅតាម​អនុសញ្ញា​អន្តរជាតិ អូស្រ្តាលី​បាន​រកឃើញ​ដំណោះស្រាយ​មួយ ដើម្បី​ចៀសវាង​មិន​ទទួល​​យក​ជនភៀសខ្លួន​ទាំងនេះ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី គឺ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ទី៣។ ​ប្រទេស​ទី៣​នេះ គឺ​មាន​កម្ពុជា ដែល​ទើប​នឹង​បាន​ចុះ​ហត្ថលេខា​ទទួល​យក​ជនភៀសខ្លួន​ពី​​អូស្រ្តាលី កាល​ពី​សប្តាហ៍មុន។

នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ទាំង​រដ្ឋាភិបាល​អូស្រ្តាលី និង​ទាំង​រដ្ឋាភិបាល​កម្ពុជា​សុទ្ធតែ​បាន​អះអាង​ថា ការ​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ទៅតាម​គោលការណ៍​ស្ម័គ្រចិត្ត ពោលគឺ ជនភៀសខ្លួន​​អាច​ជ្រើសរើស​ថា​តើ​ពួកគេ​សុខចិត្ត​មក​តាំងទីលំនៅ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

ក៏ប៉ុន្តែ គោលការណ៍​ស្ម័គ្រចិត្ត​នេះ​ប្រហែល​ជា​មានន័យ​ត្រឹមតែ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ ចំណែក​ឯ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​វិញ ជនភៀសខ្លួន​ទំនង​ជា​មិន​សូវជា​មាន​ជម្រើស​អ្វីច្រើន​ប៉ុន្មាន​នោះទេ ពីព្រោះ​ថា តាម​គម្រោង​ អូស្រ្តាលី​ចង់​បញ្ជូន​មក​កម្ពុជា នូវ​ជនភៀសខ្លួន ដែល​កំពុងជាប់ឃុំ​នៅ​មណ្ឌល​ឃុំឃាំងរង់ចាំ​សេចក្តីសម្រេច​ផ្តល់​សិទ្ធិ​ជ្រកកោន។

ក្នុងករណី​នេះ ជនភៀសខ្លួន​មិនមាន​ជម្រើស​រវាង​ទៅរស់​នៅ​អូស្រ្តាលី ឬ​ទៅ​រស់​នៅ​កម្ពុជា​នោះទេ ក៏ប៉ុន្តែ ជម្រើស​រវាង​ ឬមួយ​សុខចិត្ត​ទៅរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​មួយ​ត្រូវ​បន្ត​ជាប់ឃុំ​តទៅទៀត​ដោយ​គ្មាន​សិទ្ធិ​ជា​ជនភៀសខ្លួន ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI