អូស្រ្តាលី-ជីហាត

អូស្ត្រាលី​បើក​បេសកម្ម​តាម​ផ្លូវ​អាកាស​ដំបូង​បង្អស់​ ប្រឆាំង​នឹង​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់

យន្តហោះ​ចម្បាំង​របស់​អូស្ត្រាលី ​បាន​បើក​បេសកកម្ម​តាម​ផ្លូវ​អាកាស​ជា​លើក​ទី​មួយ​របស់​ខ្លួន ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​ នៅ​អ៊ីរ៉ាក់។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​យោធា​អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទ​នេះ។ យ៉ាង​ណា​ក៏​ដោយ ​បើ​តាម​ប្រភព​ដដែល​ បេសកកម្ម​លើក​ទី​មួយ​នេះ ​គ្រាន់​តែ​ជាការ​ជិះ​ឆ្វែល​ដើម្បី​ដៅ​ទីតាំង​វាយ​ប្រហារ​ មិន​ទាន់​បាន​វាយ​ប្រហារ​នៅ​ឡើយ​ទេ។

យន្តហោះ​ចម្បាំង​ធុន F18 Super Hornet របស់​អូស្រ្តាលី
យន្តហោះ​ចម្បាំង​ធុន F18 Super Hornet របស់​អូស្រ្តាលី REUTERS/Australian Defence Force
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ចម្បាំង​ប្រភេទ Super Hornet របស់​អូស្ត្រាលី បាន​បើក​ការហោះហើរ​ជា​លើក​ដំបូង​​របស់ខ្លួន ប្រឆាំងនឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​អស់​រយៈពេល​ពេញ​មួយ​យប់។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទ​ទី៦តុលា​នេះ។ មន្ដ្រី​យោធា អះអាងថា យន្តហោះ​ចម្បាំង​របស់​អូស្ត្រាលី មិនបាន​ប្រើប្រាស់​គ្រាប់បែក​វាយប្រហារ​ទីតាំង​ណាមួយ​ទេ ដោយ​គ្រាន់តែ​ហោះ​ក្រឡឹង និង​វិលត្រឡប់​ទៅកាន់​មូលដ្ឋានទ័ព​វិញ ដើម្បី​ត្រៀម​រៀបចំ​ការវាយប្រហារ​នា​ពេលអនាគត។

នេះ​គឺជា​ការហោះហើរ​លើកដំបូង​បង្អស់​របស់​អូស្ត្រាលី ចាប់តាំងពី​ប្រទេស​នេះ​បានសម្រេច​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​កាលពី​ថ្ងៃ​សុក្រ ទី៣តុលា ដើម្បី​រួមដៃគ្នា កម្ទេច​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។

ក្រៅពី​បេសកកម្ម​តាមផ្លូវ​អាកាស ទីក្រុង​កង់​បេ​រ៉ា ក៏មាន​គម្រោង​ដាក់ពង្រាយ​ទាហាន និង​កងកម្លាំង​ពិសេស​សរុប​ចំនួន២០០នាក់ ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​កងទ័ព​អ៊ីរ៉ាក់ និង​ឃឺ​ដ ក្នុងការ​វាយប្រហារ​ពួក​ជី​ហាត។ ប៉ុន្តែ​សំណើរ​នេះ មិនទាន់​ទទួលបាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅឡើយ​ទេ។

គួរ​ជម្រាបជូន​ថា ប្រទេស​អូស្ត្រាលី បាន​ចូល​រួមជាមួយ​សម្ព័ន្ធ​អន្ដរជាតិ ដឹកនាំ​ដោយ​អាមេរិក ដើម្បី​កម្ទេច​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត។ លោកនាយក​រដ្ឋមន្ដ្រី​អូស្ត្រាលី លោក​ថូ​នី អា​ប៊​ត បាន​សម្ដែង​ការប្រឆាំងខ្លាំងៗចំពោះ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត និង​ថា ការសម្រេចចិត្ត​ចូលរួម​ជា​មួយ​សម្ព័ន្ធ​អន្ដរជាតិ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែក​តាម​ការយកចិត្តទុកដាក់ និង​ព្រួយ​បារម្ភ របស់​ប្រជាជាតិ​អូស្ត្រាលី​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI