អូស្រ្តាលីប្រកាសពង្រឹងសន្តិសុខវិមានរដ្ឋសភាក្រោយការវាយប្រហារនៅអូតាវ៉ា
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសចាត់វិធានការរឹតបន្តឹងសន្តិសុខនៅជុំវិញអគាររដ្ឋសភា មួយថ្ងៃក្រោយពីមានហេតុការណ៍ហេតុការណ៍បាញ់ប្រហារ នៅវិមានរដ្ឋសភាកាណាដា។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា អូស្រ្តាលីក៏បានបញ្ជាក់ផងដែរថា គ្មានសញ្ញាជាក់លាក់អំពីគម្រោងវាយប្រហារណាមួយជាក់លាក់នោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អូស្រ្តាលីបានបង្កើនកម្រិតអាសន្នភេរវកម្ម ពី “កម្រិតមធ្យម” ទៅ “កម្រិតខ្ពស់” រួចទៅហើយ តាំងពីខែមុន នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរីកដុះដាលនៃចលនាជីហាតរដ្ឋអ៊ីស្លាម។ ការរឹតបន្តឹងសន្តិសុខនៅជុំវិញវិមានរដ្ឋសភា គឺជាវិធានការថ្មីបន្ថែមពីលើកម្រិតអាសន្នដែលមានស្រាប់។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អូស្រ្តាលីបានឲ្យដឹងថា កងកម្លាំងប៉ូលិសសហព័ន្ធនឹងត្រូវដាក់ពង្រាយបន្ថែម នៅជុំវិញវិមានរដ្ឋសភា ក្នុងទីក្រុងកង់បេរ៉ា ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបង្ការទុកតែប៉ុណ្ណោះ ហើយមិនមែនមានន័យថា អាជ្ញាធរទទួលបានព័ត៌មានស្តីពីគម្រោងការណ៍វាយប្រហារភេរវកម្មណាមួយជាក់លាក់នោះទេ។
យោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក ស្ថានទូតកាណាដាប្រចាំទីក្រុងស៊ីដនី ក៏ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងផងដែរ តាមរយៈការបន្ថែមកម្លាំងប៉ូលិស ដែលឈរជើងនៅជុំវិញស្ថានទូត។
វិធានការរឹតបន្តឹងសន្តិសុខនៅអូស្រ្តាលីនេះត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីមានហេតុការណ៍បាញ់ប្រហារ នៅឯវិមានរដ្ឋសភាកាណាដា ក្នុងទីក្រុងអូតាវ៉ា។
លោកថូនី អាបត នាយករដ្ឋមន្រ្តីអូស្រ្តាលីបានព្យាយាមរំងាប់ក្តីបារម្ភរបស់ពលរដ្ឋអូស្រ្តាលី ដោយលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់ប្រទេសជាតិ និងប្រជាជនអូស្រ្តាលី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីក៏បានសម្តែងនូវសាមគ្គីភាពផងដែរជាមួយនឹងប្រជាជនកាណាដា នៅក្នុងហេតុការណ៍បាញ់ប្រហារនៅវិមានរដ្ឋសភា។
គួរបញ្ជាក់ថា អូស្រ្តាលី និងកាណាដា ជាប្រទេសពីរ ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា ក៏ប៉ុន្តែ មានប្រមុខរដ្ឋរួមគ្នាតែមួយ គឺមហាក្សត្រិយអេលីហ្សាបិតទី២ របស់អង់គ្លេស។៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ