អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​ធ្វើ​ច្បាប់​ហាម​ជនជាតិ​ខ្លួន​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​សំបូរ​ដោយ​ពួកជីហាត

សំឡេង ០៧:១៨
នាយករដ្ឋមន្រ្តី​អូស្ត្រាលីប្រកាស​លុបចោល​លិខិត​ឆ្លងដែន​របស់​ជនជាតិ​អូស្ត្រាលី​៧០​នាក់ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត​នៅ​ស៊ីរី និង​អ៊ីរ៉ាក់
នាយករដ្ឋមន្រ្តី​អូស្ត្រាលីប្រកាស​លុបចោល​លិខិត​ឆ្លងដែន​របស់​ជនជាតិ​អូស្ត្រាលី​៧០​នាក់ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ REUTERS/Olivia Harris
ដោយ៖ ឈាង បុប្ផា

អូស្ត្រាលី​បាន​ពង្រឹង​ច្បាប់​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម។ នៅថ្ងៃ​ព្រហស្បតិ៍ទី ៣០​តុលា សភា​អូស្ត្រាលី​បានបោះឆ្នោត​ទៅលើ​​វិសោធនកម្ម​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​អំពើភេរវកម្ម​នៅក្នុង​ទឹកដី​អូស្ត្រាលី។ វិសោធនកម្ម​ច្បាប់​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ទិសដៅ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជ្រុលនិយម ដែល​អាជ្ញាធរ​ជឿថា បាន​ជួយ​គាំទ្រ និង​កំពុង​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាត​នៅ ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ ក្រុមអ្នកច្បាប់ និង​សហគមន៍​អ៊ីស្លាម​នៅ​អូស្ត្រាលី​ធ្លាប់​រិះគន់​គម្រោង​ច្បាប់​ថ្មីនេះ ដែល​បើតាម​ពួកគេ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅ​អូស្ត្រាលី។ អូស្ត្រាលី​ពង្រឹង​ច្បាប់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​សកម្មភាព​ជ្រុលនិយម ដែល​គាំទ្រ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។  

ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី ធ្លាប់​បាន​បង្កើន​កម្រិត​អាសន្ន​ភេរវកម្ម ពី​ កម្រិតមធ្យម” ទៅ “កម្រិត​ខ្ពស់” រួច​ទៅហើយ តាំង​ពី​ខែមុន នៅ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការរីកដុះដាល​នៃ​ចលនា​ជីហាត​រដ្ឋ​ អ៊ីស្លាម។ កាលពី​ដើម​ខែ​កញ្ញា ប៉ូលិស​អូស្ត្រាលី​ធ្លាប់​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ចាប់ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​ក្រុមជ្រុលនិយម ដែល​គេ​ជឿថា ជាក្រុមចាត់ចែង រើសបញ្ចូល​ជនជាតិអូស្ត្រាលី ទៅប្រយុទ្ធ​ជាមួយ​ក្រុមជីហាត នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ជាដើម។

 

 
នៅក្រោយ​ប្រតិបត្តិការ​វាយបំបែក​សំបុក ក្រុមដែល​គាំទ្រ​ពួកជីហាត​នៅ​ស៊ីរី កាលពី​ខែ​កញ្ញា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​ចង់​ឲ្យ​មាន​ច្បាប់​ពិសេស​មួយ សម្រាប់​ចាប់​ក្រសោប ជនជាតិ​អូស្ត្រាលី ដែល​មាន​និន្នាការ​ជ្រុលនិយម គាំទ្រ​ចលនា​ជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​ចាត់​វិធានការ​ក្តៅ​ទៅលើ​ក្រុមយុវជន​ដែល​ចេញ​ទៅ​ប្រយុទ្ធ ធ្វើ​ភេរវកម្ម​នៅ​បរទេស​ទេ។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ វិបសៃតិ៍​របស់​ក្រុមជីហាត​បាន​បង្ហាញ​រូបភាព​របស់​យុវជន​អូស្ត្រាលី​កាន់តែ​ច្រើន​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅក្នុង​ចលនា​ជីហាត នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

ច្បាប់​ថ្មី ខាងប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម ឬ​ ច្បាប់​សម្រាប់​ប្រឆាំង​នឹង​ក្រុមសកម្មជន​ទៅ​ប្រយុទ្ធ​នៅ បរទេស មាន​ទិសដៅ​ធំៗ ដូចជា ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​អូស្ត្រាលី​ចេញ​ដំណើរ​ទៅប្រយុទ្ធ​នៅ​បរទេស និង​ប្រយុទ្ធប្រឆាំង​នឹង​បណ្តាញ​របស់​ក្រុមជីហាត ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​អូស្ត្រាលី។

ច្បាប់​ថ្មីនេះ​នឹង​ផ្តល់អំណាច​ដល់​អាជ្ញាធរ​អូស្ត្រាលី​កាន់តែ​ខ្លាំង ពោល គឺ ដោយ​មិន​ចាំបាច់​មាន​ដីកា ឬ​ការពន្យល់ច្រើន ពួកគេ​មាន​សិទ្ធិ​ចាប់​មនុស្ស​ដែល​គេ​សង្ស័យថា មាន​និន្នាការ​ជ្រុលនិយម គាំទ្រ​ ក្រុមជីហាត​ ទាំងផ្នែក​ហិរញ្ញវត្ថុ និង​មនោគមវិជ្ជា។ តាម​នាយករដ្ឋមន្រ្តី​អូស្ត្រាលី មាន​មនុស្ស​ជាង​១០០​នាក់​ត្រូវ​គេ​ជឿថា កំពុង​ធ្វើការគំាទ្រ​ចលនា​ជីហាត តាំងពី​ទឹកដី​អូស្ត្រាលី។ ក្រុមនេះ ជា​អ្នក​ចាត់ចែង​រើស បញ្ជូន​ជនជាតិ​អូស្ត្រាលី​ឲ្យ​ទៅប្រយុទ្ធ​ជាមួយ​ក្រុមជីហាត​នៅ​ស៊ីរី។ តាម​ច្បាប់ថ្មី អ្នកដែល​គេ​រកឃើញ​ថា ​បានគាំទ្រ និង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមជីហាត អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​អតិបរមា ១០​ឆ្នាំ។

ក្រៅតែ​ប្រើ​ច្បាប់ថ្មី​សម្រាប់​បង្រ្កាប​ក្រុមជ្រុលនិយម​ក្នុង​ទឹកដី​អូស្ត្រាលី ដូចនិយាយ​ខាងដើម ច្បាប់​នេះ មាន​ទិសដៅ​ផងដែរ ហាមឃាត់​មិន​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស ដែល​អាជ្ញាធរ​អូស្ត្រាលី​ចាត់ទុក​ជា​សម្បុក​របស់​ក្រុមភេរវករ។

នៅចំពោះ​មុខ​សមាជិក​សភា​នៅថ្ងៃនេះ លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី Tony Abbott​បាន​ប្រកាស​ ថា រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​លិខិត​ឆ្លងដែន​របស់​ប្រជាជន​អូស្តា្រលី យ៉ាង​តិច ៧០​នាក់ ដែល​គេ​ជឿថា កំពុង​ប្រយុទ្ធ​កៀកស្មា​ជាមួយ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី។ តាម​នាយករដ្ឋមន្រ្តី អូស្ត្រាលី គេ​ត្រូវ​តែ​ធ្វើ​វិធានការ​នេះ ដើម្បី​ការពារ​ប្រទេស​ដទៃទៀត និង​ការពារ​សន្តិសុខ​ឲ្យ​អូស្ត្រាលី​ផ្ទាល់​តែ​ម្តង។ ក្នុង​ន័យ​របស់​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បើ​សិន​គេ​មិន​លុបចោល​លិខិតឆ្លងដែន​របស់​ជនជាតិ​អូស្ត្រាលី​ដែល​ទៅ​រួម​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាតទេ នោះ​ក្រុមនោះ ដែល​ប្រើ​លិខិត​ឆ្លងដែន​អូស្ត្រាលី អាច​ត្រលប់ចូល​មក​ធ្វើ​អំពើ​ភេរវកម្ម នៅអូស្ត្រាលី ឬ​នៅក្នុង​ប្រទេស​ដទៃទៀត។

សម្រាប់​អ្នកជំនាញ​ខាង​ផ្នែកភេរវកម្ម ច្បាប់​រឹតបន្តឹង​របស់​អូស្ត្រាលី មិន​ត្រឹម​តែ មិន​ជួយ​កាត់បន្ថយ​ចលនា​ភេរវនិម ប៉ុន្តែ រឹតតែ​លើកទឹកចិត្ត ជំរុញ​ឲ្យ​ប្រជាជន​អូស្ត្រាលី​កាន់តែច្រើន ធ្លាក់​ទៅក្នុង​ចលនា​ជ្រុលនិយម។ មេដឹកនាំ​សហគមន៍​សាសនា​អ៊ីស្លាម​នៅ​អូស្ត្រាលី បាន​រិះគន់​ច្បាប់ថ្មី ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ការរើសអើង​ទៅលើ​សហគមន៍​អ៊ីស្លាម។
ក្នុង​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​យុវជន​ធ្លាក់​ស៊ុប​ជឿ​ទៅលើ​ក្រុមជីហាត ​អូស្ត្រាលី​ធ្វើ​នយោបាយ​ផ្ទុយ​ពី​ប្រទេស​ដាណឺម៉ាក និង​អង់គ្លេស។ នៅ​អង់គ្លេស និង​ដាណឺម៉ាក រដ្ឋាភិបាល​បាន​គិតគូរ​បង្កើត​ប្រព័ន្ធ​ស្តារ​នីតិសម្បទា សម្រាប់​យុវជន​ដែល​ធ្លាប់គាំទ្រ​ក្រុមជីហាត ឬ​យុវជន​ដែល​ត្រលប់មក​ពីចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត​នៅ​ស៊ីរី ឬ​នៅ​អ៊ីរ៉ាក់។ រដ្ឋាភិបាល​ទាំងពីរ​បាន​ធ្វើ​នយោបាយ​បែបស្រទន់ អធ្យាស្រ័យ ដាក់​យុវជន​ដែល​ធ្លាប់​ចាញ់ ជឿស៊ុប​ទៅលើ​ក្រុម​ជីហាត។ តាមរយៈ​កម្មវិធី អប់រំ បន្សាប​ចលនា​អ៊ីស្លាម​ជ្រុលនិយម អាជ្ញាធរ​អង់គ្លេស និង​ដាណឺម៉ាក​សង្ឃឹមថា ពួកយុវជន​ទាំងនោះ ដែល​ធ្លាប់​ឃើញ​អំពើហិង្សា​របស់​ក្រុមជីហាត ​នឹង​ចូលរួម​ផ្សព្វផ្សាយ កុំ​ឲ្យ​យុវជន​ដទៃ ជឿ ចាញ់ឃោសនា​បោកប្រាស់​របស់​ក្រុមជីហាត​តទៅទៀត។

ច្បាប់​អូស្ត្រាលី​វិញ និយាយ​ពី​ការចាប់ខ្លួន ចាប់តាំង​ពីមាន​ការសង្ស័យ របស់​អាជ្ញាធរ​ថា ជនណាម្នាក់ មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជ្រុលនិយម ឬ​បាន​​និយាយ​ពាក្យ គាំទ្រ​ក្រុម​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ជា​ជាង​យក​ក្រុមមនុស្ស​មក​អប់រំ ពន្យល់ អាជ្ញាធរ​អូស្ត្រាលី​ប្រើ​វិធានការ​ក្តៅ ដោយ ដាក់​ទោស​ជាប់​ពន្ធនាគារ រាល់​ជនដែល​ត្រលប់មក​ពី​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាត នៅបរទេស។ តាម​អ្នកជំនាញ ការណ៍​ដែល​រដ្ឋាភិបាល​ អូស្ត្រាលី បាន​ប្រកាស​ដាក់ទោស ឬ ដកហូត​លិខិតឆ្លងដែន គឺ​ដូចជា​បិទផ្លូវ មិន​បាន​ផ្តល់​ឱកាស​ដល់​ក្រុមយុវជន ដែល​ចង់​ត្រលប់​មក​កែប្រែ​ខ្លួន រស់នៅ​ធម្មតា នៅ​អូស្ត្រាលីវិញ។ តាមអ្នកជំនាញ យុវជន​ជាច្រើន អាច​ធ្លាប់​ចាញ់​បោក​ការឃោសនា​របស់​ពួកបណ្តាញ​ជ្រុលនិយម​ជីហាត។ យុវជន​ទំាងនោះ តាមពិត​ធ្លាប់​មាន​គំនិត​ចង់​ទៅប្រយុទ្ធ​ជួយ​ប្រជាជន​ស៊ីរី ប៉ុន្តែ នៅ​លើ​សមរភូមិ គេ​បាន​ឃើញអំពើ​កាប់សម្លាប់​មនុស្ស​របស់​ក្រុមជីហាត ដែល​ពួកគេ​មិន​ចូលចិត្ត​គាំទ្រ។ ពួកយុវជន​បរទេស​ទាំងនោះ អាច​គ្មាន​គំនិត​ហិង្សា ឬ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​នៅ​ពេល​ត្រលប់​ទៅ​អូស្ត្រាលី​វិញទេ។

ម្យ៉ាងទៀត​តាម​អ្នកជំនាញ ការហាមឃាត់​មិន​ឲ្យ​ប្រជាជន​អូស្ត្រាលី ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​អូស្ត្រាលី​ជឿថា ជា​សម្បុក​របស់​ពួកជីហាត នឹង​អាច​ប៉ះពាល់​ដល់​សិទ្ធិធ្វើដំណើរ​របស់​ប្រជាជន​អូស្ត្រាលី ដែល​រាប់តាំងពី​អ្នកកាសែត ប្រជាជន​ដែល​ត្រូវ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​របស់​ក្រុមគ្រួសារ ដែល​រស់នៅក្នុង​ប្រទេស​ទាំងនោះ​ជាដើម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ