អានតួអត្ថបទ
អូស្ត្រាលី

អូស្ត្រាលី​បើក​ប្រតិបត្តិការ​ប្រឆាំង​ទល់​ភេរវនិយម​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​Sydney

ប៉ូលិសអូស្ត្រាលីនៅពីមុខលំនៅដ្ឋានរបស់ជនជាប់សង្ស័យម្នាក់ដែលចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍១៨កញ្ញា២០១៤ REUTERS/David Gray
ប៉ូលិសអូស្ត្រាលីនៅពីមុខលំនៅដ្ឋានរបស់ជនជាប់សង្ស័យម្នាក់ដែលចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍១៨កញ្ញា២០១៤ REUTERS/David Gray REUTERS/David Gray
ដោយ៖ នុយ ប៊ែរណាដែត
១៥ នាទី

នៅ​ប្រទេស​អូស្ត្រាលី​​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​​កញ្ញា​នេះ ប៉ូលិស​រាប់​រយ​នាក់ បាន​បើក​ប្រតិបត្តិការណ៍​​​​ក្រោម​ទ្រង់ទ្រាយដ៏​ធំសម្បើមមួយ​​​​ដើម្បីប្រឆាំង​ទល់នឹងអំពើ​ភេរវនិយម។ ជន​ប្រមាណ​​ជា​១៥​នាក់​ត្រូវ​បាន​ប៉ូលិសអីស្ត្រាលី​ចាប់​ខ្លួន​ ហើយ​ក្នុង​ចំណោម​នោះ​ក៏មាន​ពួក​ដៃ​ជើង​ស្និទ្ធ​ជាមួយ​ពួកអង្គការអ៊ីស្លាមជ្រុលនិយម​ជីហាតខ្លះដែរ​ដែល​កំពុងវាយប្រយុទ្ធ​​​នៅ​​​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់។  

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ប្រតិបត្តិការណ៍​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយមមួយ​ក្រោម​ទ្រង់ទ្រាយ​ដ៏​សម្បើម​អស្ចារ្យ​​ពុំ​ធ្លាប់​​មាន​ឡើយ​​ពី​ពេល​មុន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៏​១៨​កញ្ញា​នេះ ប៉ូលិស​អូស្ត្រាលី​ចំនួន​ ៨០០​នាក់ បាន​កេណ្ឌគ្នីគ្នា​ចុះ​តាម​សង្កាត់នានា​ចំនួន​១២​នៅ​ក្រុង​Sydney​ ​និង​បាន​ព័ទ្ធ​ចាប់​ខ្លួន​ជន​១៥​នាក់​ដែល​ជាប់​សង្ស័យ​ថា ​ជា​ពួក​ភេរវជន។ ក្នុង​ចំណោម​នោះ មាន​ជន​ម្នាក់​ឈ្មោះ Omarjan Azari ​អាយុ ២២​ឆ្នាំ​និង​មាន​សញ្ជាតិ​​អូស្ត្រាលី។ ជន​នេះ មាន​​ទំនាក់​ទំនង​ជា​មួយ Mohammed Ali Baryalei​ដែល​មាន​សញ្ជាតិ​អូស្ត្រាលីដែរ​ តែ​ដើម​កំណើត​​​អាហ្វហ្កានីស្ថាន។

 
Mohammed Ali Baryalei គឺ​ជា​ភេរវជន​មួយ​រូប ដែល​ត្រូវ​បាន​គេ​ចាត់​ទុក « ជា​អ្នក​មាន​​តំណែង​​​ខ្ពស់​គួសម​នៅ​ក្នុង​រង្វង់​អង្គការ​អ៊ីស្លាម​ជ្រុលនិយម​ជីហាត »-នេះ​​បើ​យោង​តាម​ប្រសាសន៍​​របស់​លោក​​នាយក​រដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott. ។​ លោក Tony Abbott. បាន​បន្ថែម​ថា៖ ​យោង​តាម ​​ព័ត៌មាន​ច្បាស់ការណ៍ ពួក​អ៊ីស្លាម​ជីហាត បាន​បញ្ជា​ឲ្យ​បណ្តាញ​របស់​គ្នា​វា​ប្រចាំការ​នៅ​អូស្ត្រាលី​ ​​ធ្វើការ​ចាប់​ខ្លួន​ជនជាតិ​អូស្ត្រាលី​ដោយ​ឥត​រើស​មុខ យក​មក​អារក​សម្លាប់​និង​ថត​វីដេអូ​​ផ្សព្វផ្សាយ​​ដូច​ដែល​ពួក​នេះ បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នាពេល​ថ្មីៗ​កន្លង​មក​នេះ។

ចំណែក​​លោក Scott Morrison រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេស្តន៍​វិញ​បាន​ជូន​ដំណឹង​ថា៖ ប៉ូលិស​អូស្ត្រាលី បាន​កំចាត់​បណ្តាញ​ភេរវនិយម ​​ទាន់​ពេល​វេលាដែល​មាន​គំរោង​វាយ​ប្រហារ​ភេរវនិយម​​ពិតៗ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។  កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស​​លើក​កំរិត​ភេរវសញ្ញា ពី​””​មធ្យម​”​ឡើង​ដល់​កំរិត​ខ្ពស់​”។ ពីព្រោះ​រដ្ឋាភិបាល​ព្រួយបារម្ភ​ខ្លាំង ខ្លាច​ពួក​ជន​អូស្ត្រាលី​ប្រមាណ​៦០​នាក់​ដែល​កំពុង​ចូល​រួម​ប្រយុទ្ធ​ជា​មួយ​ពួក​អ៊ីស្លាម​ជីហាត​​នៅ​ស៊ីរីនិងអ៊ីរ៉ាក់ វិលត្រឡប់​ចូល​ស្រុក​វិញ​ដើម្បី​បង្ក​ភេរវនិយម។

លើសពីនេះ រដ្ឋាភិបាល​​អូស្ត្រាលី ទើប​បាន​សន្យា​ថា​ចូលរួម​ជាមួយ​លោក​ខាង​លិចដើម្បី​វាយ​ប្រយុទ្ធ​ប្រឆាំង​អង្គការ​អ៊ីស្លាមជីហាត។​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាហានអូស្ត្រាលី​៨០០​នាក់ បាន​ឡើង​​យន្តហោះ​​ឆ្ពោះ​ទៅ​កាន់​ប្រទេសអារ៉ាប៊ីសាអូឌីត( Arabie saoudite ) ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​ទាហាន​២០០នាក់​ដែល​ជា​កងកម្លាំង​ពិសេស​របស់​អូស្ត្រាលីដែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ