កម្ពុជា

អាជ្ញាធរ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​ព្រួយ​បារម្ភ​ពី​ស្ថាន​ភាព​ទឹក​ជំនន់​ឆ្នាំ​នេះ​

ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ
ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញ RFI/Siv Channa

ទោះបីជា​​ទឹកជំនន់​មានការ​ស្រក​ជាបណ្ដើរៗ ក្នុង​ខេត្ត​មួយចំនួន​នៅ​ភាគ​ពា​យ័​ព្យ​​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​អាជ្ញា​ធរមាន​សម្ថ​កិច្ច​នៅតែ​សម្តែង​ការព្រួយបារម្ភ និង​បន្ត​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ផ្ដល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ហូរហែ។ ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេ​ត្ត​ប៉ៃលិន និង​បន្ទាយមានជ័យ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​សព្វមួយដង ប៉ុន្តែ ​នៅក្នុង​ខេត្ត សៀមរាប​វិញ ​ស្ថានភាព​ទឹកជំនន់​មិនទាន់​ធ្ងន់ធ្ងរ​ដូច​កាលពី​ឆ្នាំ២០១១ នៅឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ទី០៧ តុលា​នេះ អាជ្ញាធរខេត្ត​មួយចំនួន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ​ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​ប៉ៃលិន កំពុង​ញាប់ដៃ​ញាប់ជើង​ផ្ដល់ជំនួយ និង ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ឆ្នាំ២០១៣។ ទឹកជំនន់​ឆ្នាំ២០១៣ ដែលមាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​សព្វមួយដង។ នេះ​បើ​យោងតាម​អាជ្ញាធរ និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំខេត្ត​ទាំងនោះ។

លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​ ដែល​ទើបតែ​ចូលកាន់​តំណែង ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ២០១៣​នេះ ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​សភាព​ធ្ងន់ធ្ងរ​ជាងឆ្នាំមុន។ ធ្ងន់ធ្ងរ​ត្រង់​ថា មកដល់ពេលនេះ ទឹកជំនន់​កំពុង​វាយប្រហារ​មកលើ​ស្រុក និង​ក្រុង​ទាំង ៩ របស់​ខេត្ត​មួយ​នេះ។ ហើយ​ថា អាជ្ញាធរ​​ខេត្ត​បាន​កំពុងតែ​ជម្លៀស​ប្រជាជន​មកកាន់​ទីទួល​សុវត្ថិភាព ​​ដែលមាន​ចម្ងាយ​ប្រមាណ១៥ គីឡូម៉ែត្រ ពី​តំបន់​ទឹក​លិច។ ការជម្លៀស​ដែលមាន​ចំងាយ​ឆ្ងាយ​បែបនេះ ​គឺ​ដោយសារ​ស្រុក ភូមិ​មួយចំនួន​ត្រូវបាន​លិចលង់​ទាំងស្រុង។

លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ដែរថា ការជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ ​ធ្វើឡើង​តាមរយៈ​ទូក​សុ​វ​ត្ថិភាព​​ប្រចាំខេត្ត និង​ទូក​សហគមន៍​របស់​ប្រជាពលរដ្ឋ​ដែលមាន​ប្រមាណ​ជាង ១០ គ្រឿង។ ហើយ​មកដល់ពេលនេះ កាកបាទក្រហម​ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ អង្គការCaritas និង​សម្បុរ​សជន​នានា​កំពុងតែ​ផ្ដល់ជំនួយ​ជា​ស្បៀងអាហារ ថ្នាំ​សង្កូវ និង​របស់របរ​​ប្រើប្រាស់ ​ដល់​ប្រជាជន​រងគ្រោះ​ក្នុង​ខេត្តបន្ទាយមានជ័យ។

យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត​ក៏បាន​ប្រាប់​ដែរ​ថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​គាត់​ចេញទៅ​ដាក់​ម​ង។

ចំណែក​នៅ​ខេត្ត​ប៉ៃលិន​វិញ នៅ​ថ្ងៃ​ចន្ទ ទី០៧​តុលា​នេះ ​កំពស់​ទឹក​មានការ​ស្រក​ជាបណ្ដើរៗ​ហើយ។ បើតាម​លោក ណុប សេរី​យុទ្ធ ស្នងការរង​ខេត្ត​ប៉ៃលិន​ ឲ្យ​ដឹងថា ផ្លូវ​មួយចំនួន​នៅក្នុង​ឃុំ​ស្ទឹងត្រង់​ដែល​មិន​ធ្វើ​ចរាចរណ៍​បាន​កាលពី​ម្សិលមិញ ប្រជាជន​អាច​ដើរ និង​បើកបរ​បាន​វិញ​ហើយ​ នៅក្នុង​ថ្ងៃនេះ។

គួររម្លឹកថា ខេត្ត​ប៉ៃ​លិន​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ម្ដង​ហើយ​ កាលពី​ឆ្នាំ​១៩៩៤ ហើយ​នៅក្នុង​ឆ្នាំ២០១៣​នេះ លោក​ស្នងការរង​ខេត្ត​រូបនេះ​បញ្ជាក់ថា ទំហំ​ទឹកជំនន់​ឆ្នាំ២០១៣ នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ជំនន់​ឆ្នាំ ១៩៩៤ទៀត។ គួរ​បញ្ជាក់ថា នគរបាល កងរាជអាវុធហត្ថ ទាហាន​ប្រចាំ​ព្រំដែន និង​អាជ្ញាធរ​ភូមិ ឃុំ​ កំពុងតែ​ចុះជួយ​សង្គ្រោះ និង​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ​​ទាំងអស់​ នៅក្នុង​ខេត្ត​ប៉ៃលិន។

យ៉ាងណាក៏ដោយ លោក​ស្នងការរង ណុប សេរី​យុទ្ធ ក៏បាន​បញ្ជាក់​ពី​ផលវិបាក​មួយចំនួន​ក្នុងពេល​ជួយ​ជម្លៀស​ប្រជាជន។ ផលវិបាក​ដែល​បណ្ដា​មកពី​ប្រជាជន​មិន​ផ្ដល់ការ​​សហការ ហើយ​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ខ្លួនឯង​មិន​ទទួលយក​ការជម្លៀស​ រហូត​ទាល់តែ​ទឹក​លិច​ដល់​ដំបូលផ្ទះ​ ទើប​ស្រែក​រក​ជំនួយ។

នៅ​ខេត្ត​សៀម រាប​វិញ ទឹកជំនន់​ឆ្នាំនេះ​ មាន​សភាព​ធ្ងន់ធ្ងរ​ដែរ តែ​មិន​ធ្ងន់​ដូច​កាល​ឆ្នាំ២០១១ ឡើយ។ នេះ​បើតាម លោក សួស ណារិន មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​អង្គការ​អាដ​ហុក​ប្រចាំខេត្ត​សៀមរាប។ លោក សួស ណារិន បញ្ជាក់ថា ទឹកស្ទឹង​សៀមរាប មិនមាន​ការ​ហៀរ​ឡើង​ច្រើន​មកលើ​ថ្នល់ ​ដូច​កាលពី​ឆ្នាំ២០១១ទេ ដែលកាលណោះ ​ទឹកស្ទឹង​នេះ​ហៀរ​មកលើ​ថ្នល់​រហូតដល់​កន្លះ​ម៉ែត្រ​ឯណោះ។

គួរ​បញ្ជាក់ថា អាជ្ញាធរខេត្ត​សៀម​ រាប​ កំពុងធ្វើការ​បញ្ចៀស​ទឹក​អោយ​ហូរ​មកក្រោម ​ដើម្បី​កុំអោយ​លិច​ប្រាសាទបុរាណ​នានា ជាពិសេស​គឺ​ប្រាសាទអង្គរវត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI