អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មាន​តែ​ប្រអប់ខ្មៅ​ទេ​ទើប​អាច​ប្រាប់​ការពិត​ជុំវិញ​ការបាត់​យន្តហោះ Malaysia Airlines ថ្ងៃទី៨ មីនា

សំឡេង ០៦:២៩
មាន​តែ​ប្រអប់ខ្មៅ​ទេ​ទើប​អាច​ប្រាប់​ការពិត​ជុំវិញ​ការបាត់​យន្តហោះ Malaysia Airlines ថ្ងៃទី៨ មីនា
មាន​តែ​ប្រអប់ខ្មៅ​ទេ​ទើប​អាច​ប្រាប់​ការពិត​ជុំវិញ​ការបាត់​យន្តហោះ Malaysia Airlines ថ្ងៃទី៨ មីនា REUTERS/Samsul Said
៣០ នាទី

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជិត​មួយ​ខែ​ក្រោយ​ការ​បាត់​យន្តហោះ​ប៊ូអ៊ីង (Boeing) ប្រភេទ ៧៧៧ មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines មក ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​នោះ​បាន និង​កំពុង​ធ្វើ​ឡើង​យ៉ាង​សកម្ម ពិសេស​គឺ​ការ​ស្វែង​រក​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​អូស្រា្តលី​ដែល​ជា​អ្នក​ចាត់ចែង​ការ​ស្វែង​រក​យន្តហោះ​នោះ​បាន​បង្វែរ​ទិសដៅ​ស្រាវជ្រាវ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាងត្បូង​ដើម្បី​ចង់​ដឹង​ថា តើ​រលកសញ្ញា​ដែល​នាវា​ចិន​មួយ​គ្រឿង​ចាប់​បាន​នៅ​ថ្ងៃ​សៅរិ៍ ទី៥ មេសា​ម្សិលមិញ ជា​សញ្ញា​របស់​ប្រអប់ខ្មៅ​យន្តហោះ ឬមួយ​ក៏​មិនមែន។

ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី៦ មេសា​នេះ ការ​ស្វែង​រក​ប្រអប់​ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ Malaysia Airlines ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​កន្លែង​ដែល​នាវា​ចិន​ចាប់​បាន​រលក​សញ្ញា​នៅ​បាត​សមុទ្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាត្បូង​កាល​ពី​ថ្ងៃ​សៅរិ៍ ទី៥ មេសា​ម្សិលមិញ។ តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ​ចិន​ឈ្មោះ​ស៊ីនហួរ​ឲ្យ​ដឹង​ថា នាវា​ចិន​ចាប់​បាន​សញ្ញា​នៅ​បាត​សមុទ្រ​ដែល​មាន​រយៈទទឹង ២៥អង្សារ និង​រយៈបណ្តោយ ១០១អង្សារ​ប៉ែក​ខាងត្បូង។ កាសែត​ស៊ីនហួរ​ដដែល​បាន​បញ្ជាក់​ថា នាវា​ចិន​ចាប់​បាន​សញ្ញា​នោះ​រយៈពេល ៩០វិនាទី និង​ដែល​មាន​រលកធាតុអាកាស​កម្រិត ៣៧,៥kHz។ បន្ទាប់​មក​នៅ​ថ្ងៃ​អាទិត្យ​នេះ ឧបករណ៍​អាមេរិកំាង​សម្រាប់​ស្រង់​ប្រអប់ខ្មៅ​ក៏​ចាប់​បាន​រលកសញ្ញា​ដូច​គ្នា​នេះ​ដែរ តែ​មាន​ចម្ងាយ​ប្រមាណ​ជា ៥០០គីឡូម៉ែត្រ​ពី​កន្លែង​ដែល​នាវា​ចិន​ចាប់​បាន។

អ្វី​ដែល​គេ​កំពុង​ចង់​ដឹង​នៅ​ពេល​នេះ​គឺ​ថា តើ​រលកសញ្ញា​ទំាង​នោះ​ពិត​ជា​រលកសញ្ញា​ដែល​ផ្តល់​ដោយ​ប្រអប់ខ្មៅ​របស់​យន្តហោះ ឬ​មួយ​ក៏​មិនមែន។ បើ​យោង​តាម​អ្នកនំា​ពាក្យ​របស់​ក្រុមហ៊ុន Honeywell Aerospace ដែល​ជា​អ្នក​ផលិតប្រអប់ខ្មៅ​របស់​យន្តហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន​នោះ​ឲ្យ​ដឹង​ថា ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​នោះ​មាន​បំពាក់​ដោយ​ឧបករណ៍​សម្លេង​ដែល​ឆ្លងឆ្លើយ​គ្នា​ដោយ​រលកធាតុអាកាស​កម្រិត ៣៧,៥kHz។ ក៏​ប៉ុន្តែ អ្នក​នំា​ពាក្យ​របស់​ក្រុមហ៊ុន Honeywell Aerospace រូប​នោះ​នៅ​មិន​ទាន់​ហ៊ាន​ទាញ​សេចក្តីសន្និដ្ឋាន​យ៉ាង​ណា​ទេ ដោយ​រង់ចំា​ព័ត៌មាន​លំអិត​បន្ថែម​ទៀត។ បន្ថែម​លើ​ព័ត៌មាន​នេះ អតីត​មេទ័ព​អូស្រ្តាលី​លោក Angus Houston ដែល​ជា​អ្នក​ចាត់ចែង​ការ​ស្វែង​រក​យន្តហោះ​បាត់ខ្លួន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ចម្ងាយ​ប្រមាណ​ជា ៩០គីឡូម៉ែត្រ​ពី​តំបន់​ដែល​នាវា​ចិន​ចាប់​បាន​រលកសញ្ញា​នោះ ក៏​គេ​ឃើញ​មាន​វត្ថុ​ជា​ច្រើន​មាន​ពណ៌ ស​កំពុង​អណ្តែត​លើ​ផ្ទៃទឹក​សមុទ្រ​ដែរ។

មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​ជិត ៩០% បាន​ផ្តល់​ដោយ​ប្រអប់​ខ្មៅ

ដើម្បី​អាច​ដឹង​ការ​ពិត​ជុំវិញ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ គេ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ប្រអប់ខ្មៅ​ទំាង​ពីរ​ដែល​បង្កប់​នៅ​ក្នុង​យន្តហោះ។ ជា​ទូទៅ គេ​នំា​គ្នា​ហៅ​ថា ប្រអប់ខ្មៅ តែ​តាម​ពិត​ទៅ ប្រអប់​ខ្មៅ​ទំាង​ពីរ​នោះ​មាន​ពណ៌​ទឹកក្រូច ព្រម​ទំាង​មាន​គូស​ឆ្នូត ស ព័ទ្ធ​ជុំវិញ។ ជម្រើស​ពណ៌​នេះ គឺ​ដើម្បី​ងាយ​ស្រួល​រក​វា​នៅ​ពេល​ធ្លាក់​ចេញ​ពី​យន្តហោះ​ទៅ​ក្នុង​ទឹក ឬ​មួយ​នៅ​លើ​ដី។ ប្រអប់ខ្មៅ​នេះ​ត្រូវ​បាន​គេ​ដាក់​បង្កប់​ក្នុង​យន្តហោះ​តំាង​ពី​ឆ្នំា ១៩៦០ និង​ដែល​យន្តហោះ​នីមួយៗ​មាន​បំពាក់​ដោយ​ប្រអប់ខ្មៅ​ចំនួន​ពីរ មាន​តួនាទី​ខុស​គ្នា។ ប្រអប់ទី១ មាន​តួនាទី​​ជា​អ្នក​ថត​ដំណើរការ​របស់​ម៉ាស៊ីន និង​ដំណើរការ​ហោះហើរ​របស់​យន្តហោះ​តំាង​ពី​ឡើង រហូត​ដល់​ចុះ​នៅ​គ្រប់​វិនាទី​ទំាង​អស់។ ចំណែក​ប្រអប់​ទី២ មាន​តួនាទី​ជា​អ្នកថត​សម្លេង និង​កិច្ចសន្ទនា​ទំាង​អស់​របស់​អ្នកបើកបរ។

ប្រអប់​ទំាង​ពីរ​នេះ​ដើរ​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​នរណា​អាច​បិទ​វា​បាន​ទេ។ មួយ​វិញ​ទៀត ប្រអប់​ទំាង​ពីរ​នេះ​មាន​បំពាក់​ទៅ​ដោយ​អង់តែនសម្លេង​ដែល​នឹង​ចាប់​ដំណើរការ​ផ្តល់​សញ្ញា​គ្រប់​វិនាទី​នៅ​ពេល​ដែល​វា​ខ្ទាត​ចេញ​ពី​យន្តហោះ​ធ្លាក់​ចូល​ក្នុង​សមុទ្រ ឬ​នៅ​លើ​ដី។ ការ​ផ្តល់​សញ្ញា​នេះ​ឡើង គឺ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក តែ​វា​អាច​ផ្តល់​សញ្ញា​តែ​ក្នុង​រយៈពេល ១ខែ​ប៉ុណ្ណោះ។ ដូច្នេះ​គិត​ពី​ថ្ងៃ​បាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី​ក្នុង​ថ្ងៃទី៨ មីនា​មក​ដល់​ថ្ងៃ​ទី៦ មេសា​នេះ គឺ​នៅ​សល់​តែ ២ថ្ងៃ​ទៀត​គត់​ដែល​គេ​ត្រូវ​រក​ទីតំាង​ប្រអប់ខ្មៅ​របស់​ឲ្យ​ឃើញ មុន​នឹង​វា​ឈប់​ផ្តល់​សញ្ញា​ឈូន​សឹង។

ក្រុមគ្រួសារ​អ្នកដំណើរ​បន្ត​រង់ចំា​ការពិត​ជុំវិញ​ការ​បាត់ខ្លួន​យន្តហោះ

ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមគ្រួសារ​អ្នកដំណើរ​មិន​បាន​រក​ចំា​ការ​វិល​ត្រឡប់​វិញ​របស់​បងប្អូន កូនចៅ​គេ​ទេ តែ​រក​ចំា​ការ​ពិត​ជុំវិញ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នោះ។ ដូច្នេះ មាន​តែ​ប្រអប់ខ្មៅ​ទំាង​ពីរ​នោះ​ទេ​ទើប​អាច​លាតត្រដាន​ការ​ពិត​ប្រាប់​ពួក​គេ​បាន ព្រោះ​ចូរ​កុំ​ភ្លេច​ថា មូលហេតុ​គ្រោះថ្នាក់​យន្តហោះ​ជិត ៩០% ត្រូវ​បាន​ផ្តល់​ដោយ​ប្រអប់ខ្មៅ​ទំាង​ពីរ។ ពិត​ណាស់​ថា ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ជុំវិញ​ការ​រក​ឃើញ​សញ្ញា​នៅ​បាតសមុទ្រ​ពេល​នេះ គឺ​ជា​ព័ត៌មាន​វិជ្ជមាន​លើក​ទី១ ដែល​អាច​យក​ជា​ការ​បាន តែ​នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ហ៊ាន​សន្និដ្ឋាន​ថា ជា​សញ្ញា​របស់​ប្រអប់ខ្មៅ​ទំាង​ពីរ​នោះ​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​ម៉ាឡេស៊ី និង​អូស្រ្តាលី​ហាក់​ដូច​ជា​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លំាង​ចំពោះ​ព័ត៌មាន​នេះ ដោយ​គេ​ចៀសវាង​មិន​ចង់​ផ្តល់​ព័ត៌មាន​មិន​ច្បាស់លាស់ និង​ផ្តល់​ក្តីអស់សង្ឃឹម​ជា​ថ្មី​ចំពោះ​ក្រុមគ្រួសារ​ជន​រងគ្រោះ​ដូច​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ជា​ហូរហែរ​កន្លង​មក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ