ស៊ីរីបាញ់យន្តហោះប្រដេញតួកគី តួកគីបញ្ចេញប្រតិកម្មតបត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីក្រុងដាម៉ាសបានទទួលស្គាល់ថាខ្លូនពិតជាបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយ របស់តួកគី ធុនF-4 ពិតមែន កាលពីថ្ងៃសុក្រទី២២មិថុនាម្សិលមិញ។ យន្តហោះដែលហោះចូលដែនអាកាសរបស់ស៊ីរីខាងលើ ត្រូវបានបាញ់ខ្ទេចខ្ទីជាបំណែកធ្លាក់ចូលមកក្នុងសមុទ្រក្នុងទឹកដីស៊ីរីចម្ងាយ១០គីឡូម៉ែត្រពីខេត្តLatakia នេះបើតាមការអះអាងរបស់អ្នកនាំពាក្យយោធាស៊ីរី។ តួកគីវិញអះអាងនៅថ្ងៃសៅរ៍នេះថា កំពុងពិចារណាដើម្បីបញ្ចេញប្រតិកម្មតបតទៅស៊ីរីវិញ។
ឩប្បត្តិហេតុបាញ់ធ្លាក់យន្តហោះចម្បាំងរបស់តួកគីកាលពីម្សិលមិញធ្វើអោយទីក្រុងអង់ការ៉ាក្តៅក្រហាយមិនតិចទេ ចំពោះឥរិយាបថរបស់រដ្ឋាភិបាលទីក្រុងដាម៉ាស។ រឿងរ៉ាវនេះកំពុងតែបង្កើនភាពតានតឹងថែមទៀត អោយដល់ទំនាក់ទំនងប្រទេសទាំងពីរដែលកំពុងមានបញ្ហាជាមួយគ្នារាប់មិនអស់រួចមកហើយ។
កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋាភិបាលអង់ការា បានចំណាយពេលរង់ចាំដល់ទៅ១២ម៉ោង ដើម្បីបានការបញ្ជាក់ថាយន្តហោះប្រដេញធុន F-4 មួយគ្រឿងរបស់ខ្លួនដែលបានហោះចេញពីបន្ទាយ Malatya បានត្រូវកងទ័ពការពារដែនអាកាសស៊ីរីបាញ់ទម្លាក់។ ការបាញ់ទម្លាក់ដែលខាងស៊ីរីអះអាងថា ដោយសារតែយន្តហោះនេះមិនមានអត្តសញ្ញាណច្បាស់លាស់ និងបានហោះហើរក្នុងល្បឿនលឿន និងកំពស់ទាប ចូលមកក្នុងដែនអាកាសស៊ីរី។
នៅថ្ងៃសៅរ៍នេះការស្វែងរកអ្នកបើកបរយន្តហោះចម្បាំងទាំងពីរនាក់ខាងលើ នៅតែបន្តនៅឡើយក្នុងសមុទ្រ Méditerranée ដោយមានការចូលរួមផងដែរពីក្រុមរុករករបស់ស៊ីរី ពីព្រោះកាលពីល្ងាចម្សិលមិញមានពត៌មានមកថាពួកគេនៅរស់រានមានជីវិតនៅឡើយ។
“ ប្រទេសទួរគីនឹងបញ្ចេញប្រតិកម្ម ហើយដាក់វិធានការជាក់លាក់មួយប្រឆាំងនឹងស៊ីរី នៅពេលដែលយើងបានពន្លឺគ្រប់គ្រាន់ពីការស៊ើបអង្កេតលើឩប្បត្តិហេតុនេះ” នេះជាការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ពត៌មានមួយរបស់តួកគី។
សេចក្តីថ្លែងការណ៍ខាងលើមិនបានបញ្ជាក់អោយដឹងច្បាស់ពីបេសកកម្មរបស់យន្តហោះ ប្រដេញធុន F-4នេះទេ។ ប៉ុន្តែសំនួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាយន្តហោះនេះមិនបានទទួលឬ ក៏ឆ្លើយតបទៅនឹងការអោយសញ្ញាព្រមានប្រកាសអាសន្ន? ហើយថាតើយន្តហោះ ហោះចូលទៅក្នុងដែនអាកាសស៊ីរីដើម្បីអ្វី?
បើតាមសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់នៃប្រទេសតួកគីអ្វីដែលគេត្រូវដឹងជាមុននោះ ថាតើយន្តហោះខាងលើពិតជាបានរំលោភដែនអាកាសស៊ីរីឬក៏យ៉ាងណា? ប៉ុន្តែបើទោះបីជាករណីរំលោភដែនអាកាសក៏ដោយ ក៏នីតិវិធីធម្មតាដែលម្ខាងទៀតត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់មធ្យោបាយបណ្តេញ ឬបង្ខំអោយចេញពីដែនអាកាសខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចាប់តាំងពីកើតមានអំពើហិង្សាបង្រ្កាបទៅលើហ្វូងបាតុករស៊ីរីឥតស្រាន្តពីសំណាក់រដ្ឋាភិបាលលោកបាសា អាល់អាសាដមក ទំនាក់ទំនងប្រទេសទាំងពីរកាន់តែធ្លាក់ចុះ ទាំងលើវិស័យនយោបាយនិងសេដ្ឋកិច្ច។ នោះក៏ដោយសារតែតួកគីបានចូលរួមអន្តរាគមន៍ទាមទារអោយរបបលោកអាល់អាសាដ ដកខ្លួនចេញពីស៊ីរី ហើយតួកគីថែមទាំងបានផ្តល់កន្លែងជ្រកកោនដល់ជនភៀសខ្លូនពីស៊ីរី ជាង ៣២០០០នាក់ក្នុងនោះមានពួកទាហានបះបោរផងដែរ។
ចំនុចសំខាន់មួយទៀតនោះគឺថា ឩប្បត្តិហេតុបាញ់ធ្លាក់យន្តហោះចម្បាំងរបស់តួកគី នេះ បានកើតមានឡើង មួយថ្ងៃប៉ុណ្ណោះក្រោយពីកាសែត The New York Time បានចុះផ្សាយពីវត្តមានក្រុម CIA របស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីតួកគី ដើម្បីដឹកនាំការផ្តល់អាវុធទៅអោយពួកបះបោរនៅស៊ីរី។ អាវុធដែលឩបត្ថម្ភដោយផ្ទាល់ពីខាងតួកគី និង សម្ព័ន្ធអារ៉ាប់។ ប៉ុន្តែតួកគីដែលមានរបងព្រំដែនជាប់ប្រទេសស៊ីរីបានបដិសេធពត៌មានដែលបានចុះផ្សាយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ