សហមេធាវីសុំអោយតុលាការលាងពណ៌ដែលគេលាបអោយខៀវ សំផន
សវនាការនៅតុលាការខ្មែរក្រហមបានបន្តនៅថ្ងៃនេះទៀត។ សហមេធាវីរបស់ខៀវ សំផន បានបន្តថ្លែងដោះបន្ទុកកូនក្តីរបស់ពួកគេ។ សហមេធាវីទាំងជាតិ និងអន្តរជាតិបានប្រើប្រាស់សក្ខីកម្មនានារបស់សាក្សី និងអ្នកជំនាញឡើងវិញ ដើម្បីបញ្ជាក់ថា ខៀវ សំផន មិនបានជាប់ពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តដែលទាក់ទងនឹងបទចោទក្នុងសំណុំរឿង០០២ វគ្គ១នោះឡើយ។ សំណុំរឿង០០២ វគ្គ១ ជាសវនាការលើការជម្លៀសប្រជាជន និងការសម្លាប់ទាហ៊ានលន់ នល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីសហមេធាវីរបស់នួន ជា បានព្យាយាមប្រាប់សវនាការថា នួន ជា អតីតប្រធានរដ្ឋសភាសម័យក្រហម មិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ទាហ៊ានលន់ នល់ នោះ ក្រុមសហមេធាវីការពារខៀវ សំផន ក៏បាននិយាយដូចគ្នានៅក្នុងសវនាការនៅព្រឹកថ្ងៃចន្ទ នេះ។ សហមេធាវីជាតិនឹងអន្តរជាតិទាំង៣នាក់របស់ខៀវ សំផន បានបន្តឡើងនិយាយម្តងម្នាក់ ដោយដកស្រង់ខ្លឹមសារនានាដែលលើកឡើងដោយសាក្សី ពិសេសអ្នកជំនាញដែលនិយាយថា ខៀវ សំផន មិនមានតួនាទី និងការទទួលខុសត្រូវសំខាន់នៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្មែរក្រហមនោះឡើយ។
សហមេធាវីជាតិលោក គង់ សំអុន បានប្រកាសប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ខៀវ សំផន កូនក្តីរបស់លោក គឺជាមេដឹកនាំដែលតែឈ្មោះតែប៉ុណ្ណោះ។ ចំពោះលោកសហមេធាវីរូបនេះ ប្រសិនបើគេឃើញខៀវ សំផន ដែលពេលខ្លះនៅក្បែរប៉ុល ពតនោះ គឺមិនមែនមានន័យថា កូនក្តីរបស់លោកជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តក្នុងការអនុវត្តន៍គោលនយោបាយជម្លៀសប្រជាជន និងការកាប់សំលាប់ទាហ៊ានលន់ នល់ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់នោះទេ។
សហមេធាវីអន្តរជាតិវិញ បានរម្លឹកឡើងវិញនូវសក្ខីកម្មនានាពីមុនមករបស់សាក្សី និងអ្នកជំនាញដែលនិយាយច្រើនថា គេមិនឃើញ និងមិនស្គាល់ខៀវ សំផន។
សហមេធាវីគង់ សំអុន បានបញ្ជាក់នៅក្នុងសវនាការថា កូនក្តីរបស់លោក គឺខៀវ សំផនគឺជាសុភាពបុរសម្នាក់ដែលត្រូវបានគេលាបពណ៌អោយទៅជាបិសាច។ ហើយលោកមេធាវីបានសុំអោយតុលាការនេះ លាងពណ៌ពីកូនក្តីរបស់លោក ដើម្បីអោយគេឃើញកូនក្តីរបស់លោកជាសុភាពបុរសឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ