កុប្បករអ៊ីស្លាមបង់ក្លាដែសដុតបំផ្លាញវត្តពុទ្ធសាសនា ដោយសារតែរឿងរូបថតលើហ្វេសប៊ុក
នៅថ្ងៃអាទិត្យនេះ អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បាននាំគ្នាដុតបំផ្លាញផ្ទះ និងវត្តពុទ្ធសាសនាជាច្រើនកន្លែង នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ដោយសារតែរឿងរូបថតចុះផ្សាយលើហ្វេសប៊ុក ដែលពួកអ្នកកាន់សាសនាអ៊ីស្លាមចោទថាជារូបថតដែលមានអត្ថន័យប្រមាថសាសនារបស់ពួកគេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្រ្តីអាជ្ញាធរដែនដី នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ក្រុមកុប្បករអ៊ីស្លាមមានគ្នាប្រមាណជា ២ម៉ឺន ៥ពាន់នាក់ បាននាំគ្នាដុតបំផ្លាញវត្តពុទ្ធសាសនាយ៉ាងតិច ៥កន្លែង និងផ្ទះជាច្រើនខ្នង ចាប់តាំងពីកណ្តាលអធ្រាត រហូតដល់ព្រឹកថ្ងៃអាទិត្យ។ ក្នុងចំណោមវត្តដែលត្រូវដុតបំផ្លាញនេះ មានខ្លះជាវត្តបុរាណ ដែលចំណាស់រាប់រយឆ្នាំមកហើយ។
ដើមហេតុនៃអំពើហិង្សានេះ គឺកើតចេញពីរូបថតនៅលើទំព័រហ្វេសប៊ុក។ ក្រុមកុប្បករអ៊ីស្លាមបានអះអាងថា បុរសអ្នកកាន់ពុទ្ធសាសនាម្នាក់ ដែលរស់នៅក្នុងតំបន់នោះ បានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក នូវរូបថតដែលមានអត្ថន័យប្រមាថគម្ពីរកូរ៉ាន ដែលជាគម្ពីរពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាម។
ក៏ប៉ុន្តែ អ្នកកាសែតបង់ក្លាដែសម្នាក់ ដែលបានទៅយកការណ៍ដោយផ្ទាល់ នៅកន្លែងកើតហេតុបានអះអាងថា នៅក្នុងអំឡុងកុប្បកម្មនេះ មានកុប្បករខ្លះបានឆ្លៀតលួចយកពីវត្ត នូវរូបចម្លាក់ព្រះពុទ្ធ ព្រមទាំងវត្ថុមានតម្លៃផ្សេងៗទៀត។ ហាងទំនិញរបស់អ្នកកាន់ពុទ្ធសាសនា ក៏ត្រូវក្រុមកុប្បករវាយបំផ្លាញ និងលួចយកទំនិញដែរ។
អាជ្ញាធរបង់ក្លាដែសបានឲ្យដឹងថា នៅពេលនេះ អាជ្ញាធរបានចេញបម្រាមជាបណ្តោះអាសន្ន មិនឲ្យមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដើម្បីបង្ការកុំឲ្យមានអំពើហិង្សាជាថ្មីទៀត។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការប៉ូលិសបង់ក្លាដែស បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ តាំងពីព្រឹកថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនបង់ក្លាដែស ទាំងជាង ១៥០លាននាក់ មាន ៩០% កាន់សាសនាអ៊ីស្លាម ហើយមិនដល់ ១% ផង ដែលកាន់ពុទ្ធសាសនា ហើយភាគច្រើនរស់នៅតាមបណ្តាខេត្តប៉ែកអាគ្នេយ៍ ជាប់នឹងប្រទេសភូមា។ កន្លងមក គេធ្លាប់តែឃើញមានអំពើហិង្សា រវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាហិណ្ឌូ។ ឯជម្លោះ និងការប៉ះទង្គិចគ្នាជាមួយអ្នកកាន់ពុទ្ធសាសនា គឺជារឿងដែលកម្រនឹងឃើញមាន។ ក៏ប៉ុន្តែ ភាពតានតឹងរវាងអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់ពុទ្ធសាសនាបានកើតមានឡើងខ្លាំង ក្រោយពីការប៉ះទង្គិចគ្នា រវាងអ្នកកាន់ពុទ្ធសាសនា និងសហគមន៍អ៊ីស្លាម រ៉ូហ៊ីងយ៉ា នៅភូមា កាលពីខែមិថុនាកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ