បង់ក្លាដែស

ប៉ូលិស​​និង​កូដករ​​បង់ក្លាដែស​ប៉ះទង្គិច​គ្នា​នៅថ្ងៃ​ចុងក្រោយ​នៃ​កូដកម្ម​ ​

ក្រុមប៉ូលិស​ស្ត្រី​បង់ក្លាដែស ឈរ​នៅ​ពី​មុខ​ការិយាល័យ​បក្ស​ប្រឆាំង ថ្ងៃ​២៨តុលា​ ឆ្នាំ​២០១៣។
ក្រុមប៉ូលិស​ស្ត្រី​បង់ក្លាដែស ឈរ​នៅ​ពី​មុខ​ការិយាល័យ​បក្ស​ប្រឆាំង ថ្ងៃ​២៨តុលា​ ឆ្នាំ​២០១៣។ REUTERS/Andrew Biraj

ថ្ងៃ​អង្គារ​នេះ ជាថ្ងៃបញ្ចប់​​កូដកម្ម​​​​ នៅ​បង់ក្លាដែស។ កូដកម្ម​នេះ​​ផ្តួចផ្តើម​​ដោយ​គណបក្ស​ប្រឆាំង​ ក្នុងទិសដៅ​ទាមទារ​អោយ​​នាយករដ្ឋមន្ត្រី​​​ Sheikh Hasina ចុះចេញ​ពីតំណែង។ ប៉ូលិស​បាន​​​អន្តរាគមន៍​ ដោយ​បានបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​​គ្រាប់កាំភ្លើង​ធ្វើពីកៅស៊ូ​ទៅលើ​​ក្រុម​កូដករ។ តាំងពី​ថ្ងៃ​សុក្រមក ការប៉ះទង្គិច​រវាង​ប៉ូលិស​និង​ក្រុម​អ្នកតវ៉ា​​ ​ បាន​បណ្តាល​អោយ​មនុស្សស្លាប់​យ៉ាងហោច​១៦នាក់។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​ចុងក្រោយ​នៃកូដកម្ម​ទូទៅ​នៅបង់ក្លាដែស ក្រុមអ្នកតវ៉ា​​បាន​ចោល​គ្រឿងផ្ទុះ​ទៅលើ​ក្រុម​ប៉ូលិស ធ្វើអោយ​ប៉ូលិស​ម្នាក់​រងរបួស​ធ្ងន់។ ប្រជាជន​បង់ក្លាដែស​​បាតុកម្ម​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ Sheikh Hasina ចុះចេញ​ពីតំណែង តាំងតែ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនមកម្ល៉េះ។ ហើយ​​​តាំងពី​ថ្ងៃអាទិត្យ​មក ពួកគេ​បាន​ធ្វើកូដកម្ម​​​មួយ បន្ត​ពី​បាតុក​ម្ម​នេះ​។ ​ គណបក្ស​ជាតិ​បង់ក្លាដែស ដែល​ជា​បក្ស​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​អ៊ីស្លាម​របស់ខ្លួន​បាន​អំពាវនាវ​អោយ​មានបាតុកម្ម​និង​កូដកម្ម​​ទាំងនេះ។ ​

​​លោកស្រី​អតីតនាយករដ្ឋមន្ត្រី​ Khaleda Zia ជាមេដឹកនាំ​បក្ស​ប្រឆាំង។ លោកស្រី​​ទាមទារ​អោយ​លោកស្រី​​​នាយករដ្ឋមន្ត្រី​ ហាស៊ីណា ចុះ​ពីតំណែង ​មុន​ការបោះឆ្នោត​​ ខែ​មករា ​ឆ្នាំ​២០១៤ខាងមុខ។ បក្ស​ប្រឆាំង​​​ចង់​អោយ​​មាន​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អព្យាក្រិត​​មួយ ​ដើម្បី​​ត្រួត​ពិនិត្យ​​​​ការបោះឆ្នោត។ កាលពីល្ងាច​ថ្ងៃ​សៅរ៍ ​​នាយករដ្ឋមន្ត្រី​ ហាស៊ីណា និង​មេដឹកនាំ​បក្ស​ប្រឆាំង​​ ​បាន​ជជែក​គ្នាតាម​ទូរសព្ទ​​រកដំណោះស្រាយ​ តែ​ការពិភាក្សា​​ត្រូវ​បរាជ័យ​។ មេដឹកនាំ​បក្ស​ប្រឆាំង​បដិសេធ​លុបចោល​កូដកម្ម​ទូទៅ​ រីឯ​នាយករដ្ឋមន្ត្រី​​បដិសេធ​សំណើ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន។ នាយករដ្ឋមន្ត្រី​បង់ក្លាដែស​បាន​ស្នើ​ទៅ​បក្ស​ប្រឆាំង​វិញ​ នូវ​សមាសភាព​រដ្ឋាភិបាល​​​ដែល​​មាន​គ្រប់​គណបក្ស​នយោបាយចូលរួម​​ តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​នាយករដ្ឋមន្ត្រី។ បក្ស​ប្រឆាំង​បាន​ទាត់ចោល​សំណើ​នេះ​ទាំងស្រុង។ ​

កន្លងមក បក្ស​កាន់អំណាច​ Ligue Awami របស់​នាយករដ្ឋមន្ត្រី​ហាស៊ីណា បាន​ជំទាស់​​សំណូមពរ​​​បក្ស​ប្រឆាំង​ដែល​ចង់​អោយ​មាន​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន ​ធ្វើ​ជា​អ្នក​រៀប​ចំ​ការបោះឆ្នោត។ បក្ស​ប្រឆាំង​​បាន​ស្នើ​បែបនេះ​ដោយ​ផ្អែក​​លើ​​​អត្ថបទ​ច្បាប់​មួយ។ ប៉ុន្តែ​ កាលពី​ឆ្នាំ​២០១១ បក្ស​កាន់អំណាច​បាន​លុបចោល​អត្ថបទ​ច្បាប់​នេះ​ ដោយ​ចាត់តាំង​គណៈកម្មការ​បោះឆ្នោត អោយធ្វើជា​អ្នក​​រៀបចំ​ការបោះឆ្នោត​​វិញ។

ស្ថានភាព​នយោបាយ​អាច​​តានតឹង​ខ្លាំង​ជាងនេះ​ទៀត ព្រោះថា ថ្ងៃ​ពុធ​ស្អែក​នេះ តុលាការ​ក្រុងដាកាត្រូវ​ប្រកាស​​​សាលក្រម​ទាក់ទង​​ទាហាន​​៨២៣នាក់ ជាប់ចោទ​ពី​បទ​​ចូលរួម​ធ្វើការ​បះបោរ​ បន្ទាប់​ពី​លោកស្រី​ហាស៊ីណា​ឡើងកាន់អំណាច​ ក្នុង​ឆ្នាំ ២០០៩។​ ទាហានទាំងនោះ​ប្រហែល​អាច​នឹង​ជាប់​ទោស​ប្រហារជីវិតទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI