សង្រ្គាមឯករាជ្យបង់ក្លាដែស៖ របួសចាស់ដែលកំពុងរើឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចាប់តាំងពីខែមករា ដើមឆ្នាំ២០១៣មក គេសង្កេតឃើញមានបាតុកម្ម និងអំពើហិង្សាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ នៅបង់ក្លាដែស។ អំពើហិង្សាដែលផ្ទុះឡើង ដោយសារតែមេដឹកនាំមួយចំនួន នៃគណបក្សអ៊ីស្លាមនិយម ត្រូវបានតុលាការឧក្រិដ្ឋកម្មសង្រ្គាម កាត់ទោសពីបទឧក្រិដ្ឋ ដែលប្រព្រឹត្តក្នុងសម័យសង្រ្គាមឯករាជ្យ កាលពីអំឡុងដើមទសវត្សរ៍ឆ្នាំ៧០។ដំណើរការកាត់ទោស ដែលរដ្ឋាភិបាលបង់ក្លាដែសអះអាងថាធ្វើឡើង ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ កំពុងតែឆ្កឹះរបួសចាស់ឲ្យរើឡើងវិញ។
ជាទូទៅ កាលណានិយាយពីអំពើប្រល័យពូជសាសន៍ នៅបង់ក្លាដែស មានមនុស្សតិចតួចណាស់ ដែលបានឮអំពីរឿងនេះ។ វាមិនមែនជារឿងចម្លែកទេ ពីព្រោះថា នៅក្នុងចំណោមឧក្រិដ្ឋកម្មសម្លាប់រង្គាល នៅក្នុងសតវត្សរ៍ទី២០នេះ អំពើប្រល័យពូជសាសន៍នៅបង់ក្លាដែស គឺជាឧក្រិដ្ឋកម្ម ដែលត្រូវបានគេលើកយកមកនិយាយតិចតួចបំផុត។ ប៉ុន្តែ វាមិនមែនជាឧក្រិដ្ឋកម្មតូចតាចនោះទេ។ ចំនួនអ្នកស្លាប់ នៅក្នុងឧក្រិដ្ឋកម្មនេះ ត្រូវបានគេវាយតម្លៃខុសៗគ្នា ដោយខ្លះអះអាងថា មានអ្នកស្លាប់ ពី ៣០ម៉ឺន ទៅ ៤០ម៉ឺននាក់ ហើយខ្លះទៀត ជាពិសេស រដ្ឋាភិបាលបង់ក្លាដែស អះអាងថាមានអ្នកស្លាប់រហូតទៅដល់ជិត ៣លាននាក់។
ហេតុការណ៍បានកើតឡើង កាលពីជាង ៤០ឆ្នាំមុន គឺនៅឆ្នាំ១៩៧១ ក្នុងអំឡុងសង្រ្គាមទាមទារឯករាជ្យពីប៉ាគីស្ថាន។ គួររំឭកឡើងវិញថា ប៉ាគីស្ថាន និងបង់ក្លាដែស ធ្លាប់ជាទឹកដីតែមួយជាមួយឥណ្ឌា ដែលស្ថិតនៅក្នុងចក្រភពអង់គ្លេស។ ក្រោយពីអង់គ្លេសបានដកខ្លួនចេញ នៅឆ្នាំ១៩៤៧ ដែនដីមួយនេះ ក៏បានទទួលឯករាជ្យ ក៏ប៉ុន្តែ ត្រូវពុះចែកជារដ្ឋពីរដាច់ពីគ្នា មួយ គឺឥណ្ឌា សម្រាប់អ្នកកាន់សាសនាហិណ្ឌូ និងរដ្ឋមួយទៀត គឺប៉ាគីស្ថាន សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម។
រដ្ឋប៉ាគីស្ថានថ្មីនេះក៏ត្រូវបែងចែកជាពីរដែរ គឺប៉ាគីស្ថានខាងលិច និងប៉ាគីស្ថានខាងកើត ហើយដែនដីទាំងពីរនេះស្ថិតនៅដាច់ពីគ្នាស្រឡះ ដោយមានឥណ្ឌានៅចំកណ្តាល ពោលគឺ ប៉ាគីស្ថានខាងលិច ស្ថិតនៅខាងលិចប្រទេសឥណ្ឌា និងប៉ាគីស្ថានខាងកើត ស្ថិតនៅខាងកើតប្រទេសឥណ្ឌា។ ប្រជាជនប៉ាគីស្ថានទាំងពីរនេះ ក្រៅពីកាន់សាសនាអ៊ីស្លាមដូចគ្នា គឺជាជនជាតិពីរផ្សេងគ្នា និយាយភាសាផ្សេងគ្នា និងមានវប្បធម៌ខុសគ្នា។
មិនយូរប៉ុន្មាន វិវាទក៏បានផ្ទុះឡើង រវាងប៉ាគីស្ថានទាំងពីរ។ ប៉ាគីស្ថានខាងកើត ដែលយល់ថា ខ្លួនរងគ្រោះនឹងការរើសអើងប្រកាន់ពូជសាសន៍ ពីសំណាក់ប៉ាគីស្ថានខាងលិច ក៏បានផ្តាច់ខ្លួន ប្រកាសជារដ្ឋឯករាជ្យ គឺរដ្ឋបង់ក្លាដែស។ ចលនាទាមទារឯករាជ្យនេះត្រូវទទួលរងនូវការបង្ក្រាបពីសំណាក់ប៉ាគីស្ថានខាងលិច (ប៉ាគីស្ថានបច្ចុប្បន្ន) បង្កទៅជាសង្រ្គាម មានការសម្លាប់រង្គាល ដែលបង់ក្លាដែសហៅថាជា “សង្រ្គាមទាមទារឯករាជ្យ”។
ជិត៤០ឆ្នាំក្រោយមក នៅឆ្នាំ២០១០ តុលាការមួយត្រូវបានបង្កើតឡើង នៅបង់ក្លាដែស ដើម្បីធ្វើការជំនុំជម្រះលើបទឧក្រិដ្ឋ ដែលប្រព្រឹត្តក្នុងអំឡុងសង្រ្គាមឯករាជ្យនេះ។ តុលាការនេះ ត្រូវបានគេឲ្យឈ្មោះថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិ” ក៏ប៉ុន្តែ តាមពិតជាតុលាការជាតិរបស់បង់ក្លាដែស ដោយមិនមានចៅក្រម ឬអ្នកជំនាញអន្តរជាតិចូលរួមក្នុងដំណើរការកាត់ទោសនេះទេ។
សម្រាប់រដ្ឋាភិបាលបង់ក្លាដែស ដំណើរការកាត់ទោសនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ និងផ្សះផ្សាស្នាមរបួសចាស់នៃប្រវត្តិសាស្រ្តបង់ក្លាដែស។ ក៏ប៉ុន្តែ សម្រាប់គណបក្ស Jammaat-e-Islami វិញ ដែលកាលពីឆ្នាំ១៩៧១ បានរួមដៃជាមួយប៉ាគីស្ថាន ក្នុងការបង្រ្កាបចលនាទាមទារឯករាជ្យបង់ក្លាដែស ហើយដែលមានមេដឹកនាំជាច្រើនស្ថិតនៅក្នុងបញ្ជីឈ្មោះជនជាប់ចោទ បានរិះគន់ថា ដំណើរការកាត់ទោសនេះ គឺជាយុទ្ធនាការរបស់បក្សកាន់អំណាច ក្នុងការបង្រ្កាបក្រុមប្រឆាំងតែប៉ុណ្ណោះ ហើយថា វានឹងធ្វើឲ្យរបួសចាស់ កាលពីជាង ៤០ឆ្នាំ នឹងត្រូវរើឡើងវិញ។
អង្គការសិទ្ធិមនុស្សមួយចំនួន រួមមាន Human Right Watch និង Amnesty International ជាដើម ដែលគាំទ្រឲ្យមានការកាត់ទោសឧក្រិដ្ឋកម្មក្នុងសម័យសង្រ្គាមឯករាជ្យបង់ក្លាដែស ក៏បានរិះគន់ដំណើរការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែសនេះដែរ ដោយពួកគេយល់ថា តុលាការនេះរៀបចំធ្វើឡើងមិនស្របទៅតាមស្តង់ដារអន្តរជាតិ ដែលអាចឲ្យគ្រប់គ្នាទទួលយកបាន។
ភាពខ្វះចន្លោះនៃតុលាការឧក្រិដ្ឋកម្មនេះ កំពុងតែធ្វើឲ្យដំណើរការស្វែងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ក្លាយទៅជាការគាស់កកាយរបួសចាស់ឲ្យរើឡើងវិញ បង្កឲ្យមានវិវាទផ្ទៃក្នុងរវាងគ្នាឡើងវិញ។
ជាក់ស្តែង នៅពេលដែលតុលាការចេញសាលក្រមម្តងៗ គេតែងតែឃើញមានប្រជាជនបង់ក្លាដែស ដែលគាំទ្រគណបក្ស Jammaat-e-Islami នាំគ្នាចេញមកធ្វើបាតុកម្ម រហូតបង្កទៅជាអំពើហិង្សា ជារៀងរាល់លើក។ អំពើហិង្សានេះអាចនឹងបន្តរាលដាលកាន់តែខ្លាំងជាងនេះទៅទៀត នៅក្នុងពេលដែល មនុស្សប្រមាណជា ១ពាន់ ២រយនាក់ផ្សេងទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស ក្នុងនោះ ភាគច្រើនជាមន្រ្តីយោធាប៉ាគីស្ថាន និងក្រុមអ៊ីស្លាមនិយម ដែលគាំទ្រប៉ាគីស្ថាន ក្នុងអំឡុងសង្រ្គាមឯករាជ្យ។
គួរបញ្ជាក់ថា ចាប់តាំងពីបានចាប់ផ្តើមដំណើរការ រហូតមកទល់នឹងពេលនេះ អ្នកដែលត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែសកាត់ឲ្យជាប់ទោស សុទ្ធសឹងជាមេដឹកនាំគណបក្សអ៊ីស្លាមនិយម Jammaat-e-Islami ដែលជាបក្សប្រឆាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ