អឺរ៉ុប​ចាប់​បង្ខំ​ដៃ​អេស្ប៉ាញ​ឲ្យ​ខ្ចី​លុយ

សំឡេង ០៨:៣២
ធនាគារ​Bankia សុំ​ជំនួយ​២៣​ពាន់​លាន​អឺរ៉ូ​ពី​រដ្ឋ​អេស្ប៉ាញ
ធនាគារ​Bankia សុំ​ជំនួយ​២៣​ពាន់​លាន​អឺរ៉ូ​ពី​រដ្ឋ​អេស្ប៉ាញ

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​តំបន់​អឺរ៉ូ​នឹង​ជួប​ប្រជុំ​គ្នា តាម​ទូរស័ព្ទ នៅល្ងាច​ថ្ងៃ​សៅរ៍ ទី ៩​មិថុនា ដើម្បី​និយាយ​ពី​បញ្ហា​ប្រទេស​អេស្ប៉ាញ។ រដ្ឋមន្រ្តី​តំបន់​អឺរ៉ូ​កំពុង​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ដែល​ចង់​សុំ​ខ្ចីលុយ​យក​ទៅ​ជួយ​ស្រោចស្រង់​ធនាគារ​របស់ខ្លួន។ ប៉ុន្តែ រហូតមកដល់​ពេលនេះ អេស្ប៉ាញ​នៅ​មិន​ទាន់​ផ្តល់​ចម្លើយ​យ៉ាងណាទេ។ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អេស្ប៉ាញ​វិញ​បាន​បញ្ជាក់ថា ខ្លួន​មិន​បាន​ដឹង​ពី​កិច្ចប្រជុំ​តាមទូរស័ព្ទ នៅថ្ងៃ​សៅរ៍នេះទេ។

ផ្សាយពាណិជ្ជកម្ម

ជាផ្លូវការ អេស្ប៉ាញ ​មិន​ទាន់​បាន​ហារមាត់​សុំ​ខ្ចី​លុយ​ពី​តំបន់​អឺរ៉ូទេ។ នៅថ្ងៃ​សៅរ៍នេះ អ្នកនាំពាក្យ​​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​និយាយ​ថា អេស្ប៉ាញ​នៅរក្សា​ជំហរ​របស់ខ្លួន ដូច​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ គឺ​អេស្ប៉ាញ​មិន​ទាន់​សម្រេច​សុំ​ខ្ចី​លុយ​ពី​ខាងក្រៅទេ ព្រោះ​ថា អេស្ប៉ាញ​នៅចង់​រង់ចាំ​របាយការណ៍​ធ្វើ​សវនកម្ម​ទៅលើ​វិស័យ​ធនាគារ​របស់ខ្លួន​ជាមុនសិន។ អេស្ប៉ាញ​ទើប​បាន​បញ្ជា​ឲ្យ​មាន​ការត្រួតពិនិត្យ និង​សិក្សា​ទៅលើ​តម្រូវការ​ជាក់ស្តែង​នៃ​សាច់ប្រាក់​ដែល​ធនាគារ​អេស្ប៉ាញ​ត្រូវការ។ សវនកម្ម​នឹង​បញ្ចប់​នៅថ្ងៃ​ទី ២១​មិថុនា​ខាងមុខនេះ។

តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដែល​បាន​ចេញ​របាយការណ៍​របស់ខ្លួន​មុន​កំណត់ កាលពី​ថ្ងៃ​សុក្រ​ ថា ធនាគារ​នៅ​អេស្ប៉ាញ​ត្រូវការ​យ៉ាង​តិច​៤០​ពាន់​លាន​អឺរ៉ូ​ដើម្បី​អាច​យក​ទៅ​បំពេញ​ការខ្វះខាត​របស់ខ្លួន។ ប៉ុន្តែ អ្នកវិភាគ​ផ្សេងទៀត​វាយតម្លៃថា ធនាគារ​អេស្ប៉ាញ​ត្រូវការ​លុយ​ប្រមាណ ពី​៨០ ទៅ ១០០​ពាន់​លាន​អឺរ៉ូ​ដើម្បី អាច​យក​ទៅ​ទប់ទល់​ការខាតបង់​របស់ខ្លួន។ នៅក្នុង​សប្តាហ៍​នេះ ធនាគារ​ធំ​ទីបី​របស់អេស្ប៉ាញ Bankia​បាន​សុំ​ខ្ចី​លុយ​ពី​រដ្ឋ​ប្រមាណ ២៣​ពាន់​លាន​អឺរ៉ូ​ដើម្បី​បង្រ្គប់​តម្រូវការ​របស់ខ្លួន។

ធនាគារ​អេស្ប៉ាញ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​អចលនទ្រព្យ អាច​ខាតបង់​ប្រាក់​ពី ៨០ ទៅ ១១២​ពាន់​លាន​អឺរ៉ូ នោះ គឺ​ដោយសារ​តែ​អ្នកដែល​ខ្ចីលុយ​យក​ទៅ​វិនិយោគ​លើ​អចលនទ្រព្យ គ្មាន​លុយ​សង​ធនាគារ​មក​វិញ ដោយសារ​តែ​វិបត្តិ​លក់ផ្ទះសម្បែង​មិន​ចេញ​នៅអេស្ប៉ាញ ចាប់តាំងពី​ឆ្នាំ ២០១០។

អេស្ប៉ាញ​ធ្លាប់​បាន​ការជួយ​ជ្រោមជ្រែង​ពី​ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​សុខចិត្ត​ទិញ​មូលប័ត្រ​បំណុល​របស់អេស្ប៉ាញ ដែល​ធ្វើ​ឲ្យអេស្ប៉ាញ​រួចផុត មិន​ត្រូវការ​ជំនួយ​ពី អឺរ៉ុប​រហូតមក។ ប៉ុន្តែ នៅដើម​ឆ្នាំនេះ ធនាគារ​កណ្តាល​អឺរ៉ុប​បាន​សម្រេច​ឈប់​ទិញ​មូលប័ត្រ​បំណុល​របស់​អេស្ប៉ាញ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ វាយតម្លៃ​ហានិភ័យ ឈ្មោះ​Fitch បាន​ទម្លាក់​ចំណាត់ថ្នាក់​ទៅលើ​បំណុល​រដ្ឋ​អេស្ប៉ាញ ដោយតែ​ទីភ្នាក់ងារ​មើល​ឃើញ​ពីគ្រោះថ្នាក់​របស់​ធនាគារ​ដែល​បង្កដោយវិបត្តិ​​អចលនទ្រព្យ និង​ដោយគេ​ភ័យខ្លាច​ឆ្លង​វិបត្តិ​ក្រិក​មក​អេស្ប៉ាញ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃការប្រាក់​ដែល​អេស្ប៉ាញ​ខ្ចី​ពី​អ្នកវិនិយោគ បាន​កើនឡើង​ខ្ពស់ ដល់​ទៅ ជាង ៦,១ភាគរយ នៅត្រឹមថ្ងៃ​សុក្រម្សិលមិញ។ ធម្មតាទេ ​ការទម្លាក់​ចំណាត់ថ្នាក់​មាន​ន័យ​ថា ហានិភ័យ​បំណុល​របស់អេស្ប៉ាញ​មាន​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ ដែល​ជា​ជា​ម្ចាស់​បំណុល​រារែក លែង​ចង់​ឲ្យ​ខ្ចីលុយ ឬ​បើឲ្យខ្ចី​តែ​ជាមួយ​ការប្រាក់​ខ្ពស់។ ដោយសារ​តែ​អេស្ប៉ាញ​ឥលូវ​ពិបាក​​រកប្រាក់​ខ្ចី (ជាមួយ​ការប្រាក់​ទាប) ពី​អ្នកវិនិយោគ ទើប​ធ្វើ​ឲ្យ​គេ​វាយតម្លៃថា អេស្ប៉ាញ​អាច​នឹង​ងាក​មក​ខ្ចីលុយ​ពី​តំបន់​អឺរ៉ូ។

អេស្ប៉ាញ​នៅរារែក​មិនទាន់​ហារមាត់ខ្ចីលុយ​ពីអឺរ៉ុប​ភ្លាម ព្រោះ​រដ្ឋាភិបាល​អេស្ប៉ាញ​គិតថា ការទៅពឹង​សុំជំនួយ​ពីខាងក្រៅ គឺ​ដូចជា​អេស្ប៉ាញ​អន់ពេក។ អេស្ប៉ាញ​ជាប់លេខមួយ​នៅ​អឺរ៉ុប​ខាង​ប្រទេស​សំបូរ​អ្នកគ្មាន​ការងារ​ធ្វើច្រើន  (២៤ភាគរយ​នៃប្រជាជន​សរុប) មែន ប៉ុន្តែ រហូតមក​ដល់​ពេល​នេះ អេស្ប៉ាញ​​នៅតែ​អាច​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ជំនួយ​ពី​អឺរ៉ុប នោះគឺ​ដោយបាន​មក​ពី​កំណើន​សេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំជាប់ មុន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង ឆ្នាំ ២០០៨។ ប៉ុន្តែ បច្ចុប្បន្ននេះ បើទោះជា​បាន​ធ្វើ​ផែនការ​រឹតត្បិត​ថវិកា អេស្ប៉ាញ​កំពុង​ខ្វាយខ្វល់​ក្នុង​ការកាត់បន្ថយ​ឧុនភាព​សាធារណៈ​ឲ្យ​បាន​ត្រឹម ៥,៣​ភាគរយ នៅឆ្នាំនេះ និងតិចជាង​​៣ភាគរយ មុន​នៅឆ្នាំ ២០១៤ ទៅតាម​ការទាមទារ​របស់​អឺរ៉ុប។ នេះ​គេនៅមិន​ទាន់រាប់បញ្ចូល​ពី​ការដើរថយ​នៃ​កំណើនសេដ្ឋកិច្ច​ដែល​គេ​ប៉ាន់ថា មាន​ប្រមាណ ១,៧​ភាគរយសម្រាប់ឆ្នាំ ២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI