អាមេរិក-ជីហាត

លោក​អូបាម៉ា​ទទួល​ស្គាល់​ថា ​អាមេរិក​មើល​ស្រាល​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា REUTERS/Jason Reed

ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូបាម៉ា​បាន​ទទួល​ស្គាល់​ថា​ សហរដ្ឋ​អាមេរិក​បាន​មើល​ស្រាល ពី​ការ​គម្រាម​កំហែង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​ នៅ​ប្រទេស​ស៊ីរី។​ លោក​អូបាម៉ា​បាន​ថ្លែង​ដូច្នេះ ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ប៉ុស្តិ៍ ​CBS​ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​ពួក​អាល់កៃដា​ដែល​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ បាន​ពួត​ដៃ​គ្នា​ជាមួយ​កង​កម្លាំង​ក្នុង​តំបន់ ​បង្កើត​បាន​ជា​អង្គការ​រដ្ឋ​អ៊ីស្លាម​ថ្មី​មួយ​នៅ​ប្រទេស​ស៊ីរី​ ដែល​មាន​ចរិត​ព្រៃ​ផ្សៃ ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ​លោក​ថា​ នាយក​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អាមេរិក ​បាន​សារភាព​អំពី​ការ​មើល​ស្រាល​ពី​ចលនា​កកើត​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​នេះ
លោក​អូបាម៉ា​បាន​ថ្លែង​យ៉ាង​ដូច្នេះ ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍ ​CBS​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨​កញ្ញា​ ខណៈ​ដែល​សម្ព័ន្ធ​អន្ដរជាតិ​ដឹក​នាំ​ដោយ​អាមេរិក​ ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ផលិត​ប្រេង​នៅ​ប្រទេស​ស៊ីរី​ ដែល​កាន់​កាប់​ដោយ​ពួក​ជីហាត​។ ​ការ​វាយ​ប្រហារ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រុញច្រាន​ឲ្យ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​ បោះ​បង់​ចោល​កន្លែង​ដែល​ពួក​នេះ​កំពុង​តែ​កាន់​កាប់។

សូម​ជម្រាប​ជូន​ថា ​តំបន់​ផលិត​ប្រេង​នៅ​ប្រទេស​ស៊ីរី​ ដែល​ទើប​តែ​ត្រូវ​បាន​សម្ព័ន្ធ​អន្ដរជាតិ​ទើប​តែ​កម្ទេច​នេះ ​ជា​ប្រភព​ហិរញ្ញវត្ថុ​ ជួយ​ផ្គត់ផ្គង់​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត។​ បើ​តាម​អ្នក​ជំនាញ ​អង្គកា​រដ្ឋ​អ៊ីស្លាម​ជី​ហាត ​រក​ចំណូល​បាន​ជាង​៣​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ពី​ការ​ផលិត​ប្រេង​ក្នុង​តំបន់​ដែល​ពួក​នេះ​កាន់​កាប់​ មុន​ពេល​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដឹក​នាំ​ដោយ​អាមេរិក​ចាប់​ផ្ដើម។

ក្រោយ​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ ក្រុម​អាល់​កៃដា ​ដែល​ជា​សម្ព័ន្ធ​មិត្ត​នៃ​ពួក​ជីហាត​បាន​ព្រមាន​ថា ​ប្រជាជន​នៅ​អឺរ៉ុប​ និង​អាមេរិក​ ត្រូវ​សង​ថ្លៃ​ចំពោះ​ការ​ខូច​ខាត​នេះ។ ​ហើយ​ថា ​ការបន្ត​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​នៅ​ស៊ីរី ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រយុទ្ធ​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​អន្ដរជាតិ ​ដឹក​នាំ​ដោយ​អាមេរិក​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI