ពិព័រណ៍រូបថត«ជីវិតទាំងបីនៅបឹងកក់» ចាប់ផ្តើមបើកនៅមជ្ឈមណ្ឌលបុប្ផាណា
ចុះផ្សាយនៅថ្ងៃ៖
ពិព័រណ៍រូបថត ស្តីពីជីវិតទាំងបីនៅបឹងកក់ត្រូវបានចាប់ផ្តើមបើកនៅម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃសុក្រទី ១៩ មិថុនានេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា ក្នុងទីក្រុងភ្នំពេញ។ រូបថតចំនួន៤៥ផ្ទាំង ដែលបង្ហាញពីជីវិតមនុស្សចាស់ យុវវ័យ និងកុមារនៅក្នុងតំបន់បឹងកក់ត្រូវបានដាក់តាំងបង្ហាញចាប់ពីល្ងាចថ្ងៃទី ១៩ មិថុនានេះតទៅ រហូតដល់ថ្ងៃទី ៩កក្កដាឆ្នាំ ២០១៥នេះ។
«ជីវិតទាំងបីនៅបឹងកក់» គឺជាពិព័រណ៍រូបថតចំនួន៤៥ផ្ទាំង ដែលរួមមានរូបភាពសខ្មៅ និងរូបភាពកូល័រ បង្ហាញពីជីវិតរស់នៅរបស់ប្រជាជនវ័យចំណាស់ វ័យកណ្តាល និងវ័យកុមារនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់។
រូបភាពខ្លះបានបង្ហាញពីភាពសប្បាយរីករាយរបស់កុមារាជាច្រើននាក់ដែលកំពុងតែលេងនៅលើគំនរខ្សាច់ ភ្ជាប់ជាមួយនិងរូបអគារខ្ពស់ៗនៅពីក្រោយ។ ផ្ទុយពីការសប្បាយរីករាយក៏មានរូបភាពមួយចំនួនបានបង្ហាញពីភាពក្រៀមក្រំរបស់មនុស្សវ័យចំណាស់ ដែលកំពុងតែអង្គុយនៅក្បែរផ្លូវរទេះភ្លើងផងដែរ។
រូបថតទាំង៤៥សន្លឹកនេះត្រូវបានជនជាតិបរទេសចំនួន៤នាក់ ដែលក្នុងនោះមានជនជាតិបារាំង២នាក់ផង បាននាំគ្នាចាប់ផ្តើមផ្តិតយករូបភាពអស់ទាំងនេះ ចាប់តាំងពីឆ្នាំ ២០១៣មកម្លេះ។ ពួកគេថតរូបទាំងអស់នេះឡើងក្នុងគោលបំណងបង្ហាញដល់ប្រជាពលរដ្ឋទូទៅ ឲ្យយល់ពីជីវិតរស់នៅរបស់ប្រជាជននៅក្នុងតំបន់បឹងកក់ នៅមុន និងក្រោយពេលនៃការចាក់ដីបំពេញបឹងកក់។
សូមបញ្ជាក់ថាពិព័រណ៍រូបថតស្តីពីជីវិតទាំងបីនៅបឹងកក់នេះ ត្រូវបានដាក់បង្ហាញចាប់ពីថ្ងៃទី ១៩ មិថុនានេះ រហូតដល់ថ្ងៃទី ៩ កក្កដាឆ្នាំ២០១៥ខាងមុខនេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា ក្នុងទីក្រុងភ្នំពេញ។ សាធារណៈជនទាំងអស់អាចចូលរួមមើលពិព័រណ៍រូបថតនេះបានដោយសេរី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ