ក្រុមអ្នកភូមិបឹងកក់ តវ៉ាបិទផ្លូវមុខសាលាក្រុង ទាមទារដំណោះស្រាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកភូមិបឹងកក់ ទាំងអ្នកបានសំណងរួច និងមិនទាន់ទទួលបានសំណង ព្រមទាំងព្រះសង្ឃប្រមាណ៥០នាក់និងអង្គ បានជួបជុំគ្នាតវ៉ានៅមុខសាលាក្រុង សាជាថ្មីនៅព្រឹកថ្ងៃទី២៣ធ្នូនេះ។ ការតវ៉ាទាមទាររកដំណោះស្រាយ ដែលមានទាំងការបិទផ្លូវព្រះមុនីវង្ស បណ្ដាលឲ្យការធ្វើចរាចរណ៍តាមផ្លូវនេះ កកស្ទះអស់ពេលយ៉ាងយូរ។ ក្រុមអ្នកភូមិនិងព្រះសង្ឃ អះអាងថា នឹងបិទផ្លូវតវ៉ារហូតទាល់តែលោកអភិបាលសាលារាជធានីភ្នំពេញ ចេញមកជួបពួកគាត់។
ក្រុមអ្នកភូមិបឹងកក់ ព្រមទាំងព្រះសង្ឃ ប្រមាណជា៥០នាក់និងអង្គ បានឈរតវ៉ាបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ តាំងពីម៉ោង៩ព្រឹក ថ្ងៃចន្ទទី២៣ធ្នូ។ ការតវ៉ារបស់អ្នកភូមិបឹងកក់នេះ ធ្វើឡើងដើម្បីទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយផ្ដល់សំណង និងប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ឲ្យបានឆាប់។
ក្រុមអ្នកភូមិបឹងកក់ ដែលឈរតវ៉ានៅព្រឹកថ្ងៃចន្ទនេះ រួមមានទាំងអតីតអ្នកភូមិបឹងកក់ដែលបានទទួលសំណងរួច និងអ្នកភូមិបឹងកក់ដែលមិនទាន់បានទទួលសំណង។ អតីតអ្នកភូមិបឹងកក់ ដែលបានទទួលសំណងរួច អះអាងថា សំណងចំនួន៨ពាន់ដុល្លារ ដែលខ្លួនបានទទួលនោះ មិនអាចឲ្យពួកគាត់រកបានទីលំនៅបានសមរម្យ នៅក្នុងទីប្រជុំជនទេ។ ហើយការតវ៉ារបស់ពួកគាត់ថ្ងៃនេះ គឺចង់បានសំណងបន្ថែមទៀត។ ចំណែកអ្នកភូមិបឹងកក់ដែលមិនទាន់បានទទួលសំណង បានទាមទារឲ្យសាលារាជធានីភ្នំពេញ ពន្លឿនការវាស់វែងដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ឲ្យបានឆាប់រហ័ស។
ក្រុមអ្នកភូមិបឹងកក់ និងព្រះសង្ឃ បានបន្តការតវ៉ាបិទផ្លូវរហូតដល់ម៉ោង១០និង៣០នាទី ទើបយល់ព្រមបើកផ្លូវឲ្យមានការចរាចរណ៍ដូចដើមវិញ បន្ទាប់សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យតំណាងអ្នកភូមិចំនួន៧នាក់ ចូលជួបពិភាក្សាជាមួយតំណាងសាលារាជធានី។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ការជួបពិភាក្សានោះ មិនបានប្រព្រឹត្តទៅទេ ព្រោះតំណាងក្រុមអ្នកភូមិបឹងកក់ង៉ក់ងរ មិនព្រមជួបជាមួយលោកឃួន ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ដោយទាមទារជួបជាមួយ អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។ បើតាមលោកឡុង ឌីម៉ង់ដដែល លោកប៉ា សុជាតិវង្ស ក្រោយមកបានយល់ព្រមជួបជាមួយតំណាងក្រុមអ្នកភូមិបឹងកក់ តែពួកគាត់បែរជាប្ដូរជំហរមិនព្រមចូលជួប ហើយទាមទារឲ្យលោកអភិបាលសាលារាជធានីភ្នំពេញ ចេញមកជួបពួកគាត់នៅខាងមុខសាលារាជធានីវិញ។
ក្រុមអ្នកភូមិបឹងកក់និងព្រះសង្ឃ បានបិទផ្លូវសាជាថ្មី ដើម្បីតវ៉ា ទាមទាររកដំណោះស្រាយ។ តំណាងអ្នកភូមិបឹងកក់ លោកស្រីសុង ស្រីលាភ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅម៉ោង១២ថ្ងៃត្រង់ថា ក្រុមអ្នកភូមិនិងព្រះសង្ឃ នឹងបិទផ្លូវតវ៉ារហូតទាល់តែលោកអភិបាលសាលារាជធានីភ្នំពេញ ចេញមកជួបពួកគាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ