អានតួអត្ថបទ
អ៊ុយក្រែន-អាមេរិក-រុស្ស៊ី

លោក​ចូ បាយដិន​​ជួប​មេដឹកនាំ​អ៊ុយក្រែន​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អាមេរិក​​ទល់នឹង​រុស្ស៊ី

លោក​ចូ បាយដិន ពេល​ជួប​ជាមួយ​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង Kiev នៅថ្ងៃ​អង្គារ ២២មេសា ២០១៤
លោក​ចូ បាយដិន ពេល​ជួប​ជាមួយ​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង Kiev នៅថ្ងៃ​អង្គារ ២២មេសា ២០១៤ REUTERS/Sergei Supinsky/Pool
ដោយ៖ សេង ឌីណា
១៧ នាទី

នៅថ្ងៃ​អង្គារ​នេះ លោក​ចូ បាយដិន អនុប្រធានាធិបតី​អាមេរិក​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​ក្នុង​ទីក្រុង​​ Kiev បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​អ៊ុយក្រែន ដោយ​នៅ​ក្នុង​ជំនួប​នេះ លោក​បាយដិន​បាន​សន្យា​ថា អាមេរិក​នឹង​គាំទ្រ​អ៊ុយក្រែន “ដែល​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែងប្រមាថមើលងាយ”។ លោក​អនុប្រធានាធិបតី​អាមេរិក​ក៏​បាន​ថ្លែង​ប្រាប់​សមាជិក​សភា​អ៊ុយក្រែន​ផងដែរ​ថា ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​ទី២៥​ឧសភា​ខាងមុខ​នេះ គឺ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​របស់​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​អ៊ុយក្រែន នៅថ្ងៃ​អង្គារ​នេះ លោក​ចូ បាយដិន បាន​សន្យា​ដល់​មេដឹកនាំ​អ៊ុយក្រែន​ថា អាមេរិក​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​គោរព​តាម​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ ដើម្បី​ឈាន​ទៅ​បញ្ចប់​ភាព​តានតឹង នៅ​តំបន់​ខាងកើត​អ៊ុយក្រែន។

គួររំឭកឡើងវិញ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ចុះ​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​សប្តាហ៍​មុន អ៊ុយក្រែន រុស្ស៊ី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​ថា រាល់​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ទាំង​អស់​ត្រូវ​តែ​ទម្លាក់​អាវុធ ហើយ​បញ្ឈប់​ការ​កាន់កាប់​អគារ​រដ្ឋាភិបាល ជាថ្នូរ​នឹង​ការ​លើកលែងទោស​ចំពោះ​ទង្វើ​ដែល​បាន​ប្រព្រឹត្ត​កន្លងមក។ ក៏ប៉ុន្តែ អាមេរិក​ និង​រុស្ស៊ី​បាន​ធ្វើការ​បកស្រាយ​ខុសគ្នា​ចំពោះ​កិច្ចព្រមព្រៀង​នេះ។

នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ប្រាប់​ទៅលោក​ស៊ែរហ្គៃ ឡាវរ៉ូហ្វ​ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ថា រុស្ស៊ី​ត្រូវតែ​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ ជាពិសេស លោក​ទាមទារ​ឲ្យ​រុស្ស៊ី​ចេញ​មុខ​ “ប្រកាស​ជា​សាធារណៈ​ទាមទារ​ឲ្យ​ក្រុម​ផ្តាច់ខ្លួន​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​បញ្ឈប់​ការ​កាន់កាប់​អគារ​រដ្ឋ ទទួល​ការ​លើកលែង​ទោស ហើយ​បែរ​មក​ធ្វើការ​តវ៉ា​តាមផ្លូវ​នយោបាយ​វិញ”។

ក៏ប៉ុន្តែ ឆ្លើយតបមកវិញ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​អាមេរិក​ដាក់សម្ពាធ​ទៅលើ​អាជ្ញាធរ​ក្រុង Kiev ដែល​រុស្ស៊ី​ចោទ​ថា​ជា​អ្នក​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ។

គួរបញ្ជាក់ថា កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញផ្សាយ​ជាសាធារណៈ​នូវ​រូបថត​មួយ​ចំនួន ដែល​ទទួលបាន​ពី​រដ្ឋាភិបាល​អ៊ុយក្រែន ហើយ​ដែល​គេ​អះអាង​ថា​ជា​ភស្តុតាង​បង្ហាញ​ពី​វត្តមាន​របស់​កងកុម្ម៉ង់ដូ​រុស្ស៊ី នៅ​ក្នុង​ចំណោម​ក្រុម​ផ្តាច់ខ្លួន​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ ទាំង​អ៊ុយក្រែន ទាំង​អាមេរិក និង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប សុទ្ធតែ​យល់ថា ព្រឹត្តិការណ៍​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន គឺ​ត្រូវ​រៀបចំ​ឡើង​ដោយ​រុស្ស៊ី។

ហេតុដូច្នេះ​ហើយ​បាន​ជា​ កាលពីសប្តាហ៍​មុន លោក​អូបាម៉ា​ធ្លាប់​បាន​ព្រមានថា ប្រសិន​បើ​រុស្ស៊ី​មិន​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​​បញ្ចប់​វិបត្តិ​នៅ​ប៉ែក​ខាងកើត​អ៊ុយក្រែន ទៅ​តាម​កិច្ចព្រមព្រៀង​​ក្រុង​ហ្សឺណែវ​ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ទេនោះ អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី។

ក៏ប៉ុន្តែ នៅថ្ងៃ​អង្គារ​នេះ​លោក​ឌីមីទ្រី ម៉េដវេដេវ នាយករដ្ឋមន្រ្តី​រុស្ស៊ី​ បាន​ប្រកាស​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួចជាស្រេច និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ