គម្លាតរវាងទីក្រុង និងជនបទជាប្រភពនៃវិសមភាពសង្គមខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
នៅកម្ពុជាប្រសិនបើគេធ្វើដំណើរពីភ្នំពេញចេញទៅទីជនបទ គេនឹងឃើញយ៉ាងច្បាស់នូវភាពខុសគ្នាដាច់ស្រឡះរវាងទីក្រុងនិង ជនបទទាំងការអភិវឌ្ឍន៍និងជីវភាពរបស់ប្រជាពលរដ្ឋ។ គម្លាតនេះនឹងកាន់តែធំប្រសិនបើទីជនបទនោះស្ថិតនៅកាន់តែឆ្ងាយពី ភ្នំពេញ។ និយាយឲ្យចំទីក្រុងភ្នំពេញគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំតែមួយគត់ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនិងទីផ្សារការងារ។ រីឯអ្នកជនបទរស់នៅក្នុងសភាពក្រខ្សត់ពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះតែពួកគេគ្មានលទ្ធភាពអភិវឌ្ឍខ្លួនដូចអ្នកទីក្រុងឡើយ។ គម្លាតរវាងទីក្រុង និងជនបទត្រូវគេមើលឃើញថា ជាដើមចមដែលបង្កើតឱ្យមានវិសមភាពនៅក្នុងសង្គមខ្មែរ។
នៅកម្ពុជា«កូនអ្នកទីក្រុងពិតជាមានសំណាងជាងកូនអ្នកជនបទឆ្ងាយណាស់»។ សំណាងនៅត្រង់ថា កូនអ្នកទីក្រុងកើតមកមានភ្លើងអគ្គិសនី មានសាលារៀនជិតផ្ទះ មានមន្ទីរពេទ្យ និងបានឃើញគំរូនៃការអភិវឌ្ឍន៍គ្រប់បែបយ៉ាងដែលពួកគេអាចចាប់យកមកធ្វើជាវិថីនៃជីវិតរបស់ខ្លួន។ ងាកទៅមើលជីវិតកូនអ្នកជនបទវិញ ពួកគេកើតមកក្នុងស្ថានភាពមួយដែលពិបាកនឹងរំដោះខ្លួនចេញពីភាពក្រីក្រខ្លាំងណាស់។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគស្ថានភាពសង្គមខ្មែរ មានឧបសគ្គមួយចំនួនដែលកូនអ្នកជនបទមិនអាចទទួលបានសំណាងដូចអ្នកទីក្រុង ហើយដែលបានបង្កើតឱ្យមានវិសមភាពសង្គមពីជំនាន់មួយទៅជំនាន់មួយមិនចេះចប់។
ឧបសគ្គទី១គឺ បរិស្ថានជុំវិញខ្លួន មានន័យថា កូនអ្នកទីជនបទកើតមកឃើញតែឳពុកម្តាយធ្វើស្រែចម្ការ ឡើងត្នោត និងឃ្វាលគោក្របី។ បរិយាកាសដដែលៗបែបនេះបូកផ្សំជាមួយកង្វះការទទួលបានព័ត៌មានពីខាងក្រៅមិនបានជំរុញឱ្យពួកគេមានគំនិតចង់អភិវឌ្ឍខ្លួនឱ្យហួសពីឳពុកម្តាយរបស់ពួកគេឡើយ។
ឧបសគ្គទី២ គឺ ភាពខ្សត់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេស សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម។ ស្ថានភាពនេះធ្វើឱ្យកូនអ្នកជនបទស្រុកស្រែបានទទួលការសិក្សាតិចតួច និងមិនអាចយកចំណេះដឹងស្តួចស្តើងនេះទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍគ្រួសារបានផង ពីព្រោះតែគ្មានទីផ្សារការងារ។
ឧបសគ្គទី៣គឺ ភាពក្រីក្រនេះតែម្តង ដែលមិនអនុញ្ញាតឱ្យកូនអ្នកជនបទមានលទ្ធភាពទៅបន្តការសិក្សាថ្នាក់ខ្ពស់នៅឯទីក្រុងបានឡើយ។
ជាការពិតណាស់ បច្ចុប្បន្ននេះ ទីជនបទកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍មួយចំនួនគួរឱ្យកត់សម្គាល់ ជាក់ស្តែង សាលារៀនបាននិងកំពុងកើតឡើងព្រោងព្រាត និងខិតកាន់តែជិតផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏សាលារៀនទាំងនោះមានត្រឹមកម្រិតថ្នាក់ទាបតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា ពិតជាចៀសមិនផុតពីការឡើងមកភ្នំពេញនោះឡើយ។ ស្ថានភាពនេះបង្ខំឱ្យកូនអ្នកជនបទជាច្រើន ដែលគ្មានលទ្ធភាព ត្រូវបោះបង់ការសិក្សា ហើយវិលមកប្រកបរបរដូចឳពុកម្តាយរបស់ខ្លួនដែរ។
នេះគឺជាដើមចមដែលបង្កើតគម្លាតរវាងទីក្រុងនិងជនបទពីជំនាន់មួយទៅជំនាន់មួយនិងបានបែងចែកពិភពទាំងពីរ (ទីក្រុងនិងជនបទ) ឱ្យខុសគ្នាស្រឡះ ស្ទើរតែដូចមេឃនិងដី។ នៅពេល ដែលគេធ្វើដំណើរចេញពីភ្នំពេញកាន់តែឆ្ងាយពេលណា គេប្រាកដជានឹងឃើញស្ថានភាពខុសគ្នាកាន់តែខ្លាំងនៅពេលនោះដែរ។ ភាពហួតហែងនារដូវប្រាំង នៅតាមតំបន់មួយចំនួន ដែលស្ទើរតែរកទឹកប្រើប្រាស់មិនបានផងនោះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់ អំពីឧបសគ្គរបស់ពលរដ្ឋនៅទីជនបទដាច់ស្រយាលក្នុងការកែប្រែជីវភាពរបស់ខ្លួនឱ្យបានប្រសើរឡើង។
ប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាង៨០ភាគរយរស់នៅក្នុងទីជនបទ និងប្រកបរបរកសិកម្ម។ ប៉ុន្តែ ភាពហួតហែងនៅទីជនបទបានបង្ហាញពីភាពខ្សត់ខ្សោយខាងវិស័យកសិកម្មកម្ពុជា បើប្រៀបធៀបនឹងប្រទេសជិតខាង ដែលទីជនបទរបស់គេមានពណ៌បៃតងគ្រប់រដូវកាល។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញទស្សនវិស័យចង់ប្រែក្លាយប្រទេសរបស់ខ្លួនឱ្យទៅជាប្រទេសនាំអង្ករចេញដ៏ធំមួយនៅក្នុងលោក។ ទស្សនវិស័យនេះពិតជាត្រឹមត្រូវ ពីព្រោះកម្ពុជាជាប្រទេសដែលខឿនសេដ្ឋកិច្ចជាតិពឹងផ្អែកយ៉ាងសំខាន់លើវិស័យកសិកម្ម។
ដូច្នេះ ការអភិវឌ្ឍន៍វិស័យកសិកម្មនឹងផ្តល់ប្រយោជន៍ច្រើនយ៉ាង ពោលគឺវាមិនគ្រាន់តែធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែ ការប្រែក្លាយវាលស្រែឱ្យទៅជាពណ៌បៃតងគ្រប់រដូវកាលក៏អាចអនុញ្ញាតឱ្យពលរដ្ឋទីជនបទកម្ពុជាមានការងារធ្វើ និងមានលទ្ធភាពកែប្រែជីវភាពរបស់ខ្លួន។ នេះគឺជាមធ្យោបាយមួយសម្រាប់បង្ខិតទីជនបទកម្ពុជាឱ្យកៀកនឹងទីក្រុង។ប៉ុន្តែ តើពេលណាដែលកម្ពុជាឈានដល់គោលដៅនេះ? ចម្លើយប្រាកដជាមិនមែនឆាប់ៗនេះឡើយ ពោលគឺគេពិតជាត្រូវការពេលវេលា ហើយពេលវេលាយូរឬឆាប់ វាអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់រដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ