ភូមិសាស្រ្តនយោបាយ

គ្រោះថ្នាក់​ផ្ទៃ​ក្នុង​ធំៗ​របស់​ប្រទេស​ចិន

សំឡេង ០៧:៤២
ការប្រើប្រាស់អ៊ីនធ័រណែត នៅប្រទេសចិន
ការប្រើប្រាស់អ៊ីនធ័រណែត នៅប្រទេសចិន (Photo : Reuters)

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្តចាប់អារម្មណ៍ទៅលើ​ស្ថានការណ៍​បច្ចុប្បន្ននៃប្រទេស ចិន។ ​​ជាង២០​ឆ្នាំ​ក្រោយ​ការ​កាប់​សម្លាប់​រង្គាល​​និស្សិត​បាតុករ​នៅ​ទី​លាន​Tiananmen ថ្នាក់​ដឹក​នាំ​ចិន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​សឹង​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​បញ្ហាសម័យ​ឆ្នាំ​១៩៨៩​ទៅ​ទៀត ក្នុងនោះរួមមានជាអាទិ៍ ហានិភ័យសង្គម និងអ៊ីនធ័រណែត។

ផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់​ បើ​គេ​ពិនិត្យ​មើល​សង្គម​ចិន​សព្វ​ថ្ងៃ​ ឃើញ​ថា​គ្មាន​ទាល់​តែ​សោះ​​កម្លាំង​ប្រជាធិបតេយ្យ​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​ស៊ី​ជម្រៅ​ស្ថានភាព​នៃ​ប្រទេស។សព្វ​ថ្ងៃ​ ប្រជា​ជន​វណ្ណៈ​កណ្តាល​ដែល​អាច​ដឹកនាំ​ចលនា​បាតុកម្ម​ទាមទារ​សេរីភាព​នយោបាយ មាន​ចំនួន​ពី​៨០​ទៅ​១០០​លាន​នាក់។ ក៏​ប៉ុន្តែ​ ទោះ​បី​ជា​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ជីវភាព​ពួក​គេ​លំបាក​ជាង​មុន​ក៏​ដោយ ក៏​ពួក​អ្នក​វណ្ណៈ​កណ្តាល​ទាំង​នេះ​សុខ​ចិត្ត​បន្ត​រក្សា​និង​ការពារ​ប្រយោជន៍​របស់​ពួក​គេ​ ជា​ជាង​ទៅ​ចូល​ដៃជាមួយ​កម្មករ​ឬ​កសិករ ឬ​ទៅ​ពង្រឹង​ជំហរ​នយោបាយ​របស់​អ្នក​ប្រឆាំង នៅ​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស។ ម្ល៉ោះហើយ ​ពិបាក​នឹង​រៀប​ចំ​ទៅ​កើត​ណាស់ មហា​ចលនា​បាតុកម្ម​ណា​មួយ ដើម្បី​ប្រឆាំង​នឹង​រដ្ឋអំណាច។

យ៉ាង​ណា​មិញ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ តែងតែ​មានកើត​បាតុកម្ម​និង​កូដកម្ម​តូច​តាច​ច្រើន ឡើងៗ​ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​។​ គឺ​សុទ្ធ​សឹង​ជា​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​យក​ដី​ធ្លី​ ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​តំបន់​ឬ​ក៏​ប្រឆាំង​នឹង​ចំណី​អាហារ​មាន​ជាតិ​ពុល​ដែល​បានធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​​។ ជាក់ស្តែង កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ ប្រជាជន​ជាច្រើន​រយ​នាក់​បាន​នាំ​គ្នា​វាយ​កំទេច​ប៉ុស្ត៍​ប៉ូលិស​និង​រថយន្ត​ជា​ច្រើន​គ្រឿង​ក្នុង​ខេត្ត​Guangdong នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស។ គឺ​ជា​ការ​ផ្ទុះ​កំហឹង​បង្ក​ជា​អំពើ​ហិង្សា ក្រោយ​ពី​អាជ្ញាធរ​បាន​រឹប​អូស​ដី​ធ្លី​សមូហភាព​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​មិន​បាន​សួរ​យោបល់​របស់​ប្រជាជន។

ចង់​ឬ​មិន​ចង់ ហានិភ័យ​សង្គម​ទាំង​នេះ អាច​នឹង​រីករាល​ដាល​ពី​ជន​បទ ចូល​មក​ដល់​ទីក្រុង​ធំៗ ហើយ​មក​គំរាម​នៅ​ទី​បំផុត អំណាច​របស់​បក្ស​កុម្មុយនិស្ត។ នៅ​ក្នុង​បរិបទ​បែប​នេះ ទីក្រុង​ប៉េកាំង​យល់​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដើរ​ថយ​ក្រោយបាន។ នេះ​ជា​ទង្វើ​ចាំបាច់​បំផុត​ ពីព្រោះ​តាំង​ពី​ព្រឹត្តិការណ៍​ទីលាន​Tiananmen ​មក​ របប​កុម្មុយនិស្ត​ផ្តាច់ការ​បានឈរ​នឹង​​ល្អ​​ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​បាន​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត ក៏​ដោយ​សារ​តែ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ប្រជា​ពលរដ្ឋ​ចិន​គ្រប់​រូប​ដឹង​ថា​ខ្លួន​គ្មាន​សេរីភាព​នយោបាយ​ ដឹង​ថា​របប​នយោបាយ​សព្វ​ថ្ងៃ​ ជា​អំណាច​បន្ត​ពូជ​ ពីព្រោះ​៥០%​នៃ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​ សុទ្ធ​សឹង​ជា​កូន​ចៅ​របស់​ថ្នាក់​ដឹក​នាំ។ ប្រជា​ពលរដ្ឋ​ចិន​គ្រប់​រូប​ដឹង​ថា​ គ្មាន​នីតិរដ្ឋ​ នៅ​ក្នុង​ប្រទេស​ទេ​ ពីព្រោះ​នគរបាល​និង​តុលាការ​អនុវត្ត​ច្បាប់​តាម​បទ​បញ្ជា​របស់​អ្នក​នយោបាយ។ ម៉្លោះ​ហើយ​ ដើម្បី​បន្ត​គ្រប់គ្រង​ប្រទេស​យូរ​អង្វែង​ត​ទៅ​ទៀត​បាន​ ដើម្បី​ឲ្យ​ប្រជាជនបន្ត​មាន​ជំនឿ​ទៅ​លើ​គណបក្ស​កុម្មុយនិស្ត​ ថ្នាក់​ដឹកនាំ​ចិន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្តអភិវឌ្ឍ ប្រទេស។

បើ​សិន​ជា​សេដ្ឋកិច្ច​ឈប់​បោះពួយ​ទៅ​មុខ​រលូន​ល្អ​នៅ​ថ្ងៃ​ណា​មួយ បក្ស​កុម្មុយនិស្ត​ចិន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បាន​ចោទ​ឡើង​រួច​ម្តង​ទៅ​ហើយកាល​ពី​២០​ឆ្នាំ​មុន​ នោះ​គឺ​លក្ខណៈ​​មិន​ស្រប​ច្បាប់​និងមិនប្រជាធិបតេយ្យនៃ​រដ្ឋ​អំណាច។ រាល់​បញ្ហា​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នឹង​ច្បាស់​ជា​បង្ក​ឲ្យ​មាន​មហា​បាតុកម្ម​ ដែល​នឹងអាច​ក្លាយ​ជា​ការ​ទាមទារ​សេរីភាព​នយោបាយ ដូច​កាល​ពី​ឆ្នាំ១៩៨៩​ នៅ​លើ​ទី​​លាន​Tiananmen។ មហា​បាតុកម្ម​ជា​យថាហេតុ​នោះ​ទៀត​សោត នឹង​អាច​ក្លាយ​ជា​ការ​បះបោរ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ ដូច​នៅ​ពិភព​អារ៉ាប់​នា​ដើម​ឆ្នាំ​២០១១ បើ​សិន​ជា​រដ្ឋអំណាច​ក្តាប់​ប្រព័ន្ធ​អ៊ីនធ័រណែត​មិន​បាន​ជាប់​ល្អ​ទេ​នោះ។

នៅ​ឆ្នាំ​២០១០ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​អះអាង​ថា ការ​អភិវឌ្ឍន៍​លឿន​រហ័ស​នៃ​អ៊ីនធ័រណែត កំពុង​បង្ក​ឡើង​នូវ​ហានិភ័យ​មួយ​ធ្ងន់ធ្ងរ​សម្រាប់«ការ​រក្សា​ស្ថិរភាព​»នៅ​ក្នុង​ប្រទេស។ ក្រសួង​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា ការ​បង្កើត​ឡើង​នូវ«ប្រព័ន្ធ​សន្តិសុខ​ដ៏​ធំ​មួយ សម្រាប់​ត្រួត​ពិនិត្យ​អ៊ីនធ័រណែត»គឺ​ជា​ការ​ចាំបាច់​បំផុត។

នៅ​ក្នុង​ន័យ​នេះ អាជ្ញាធរ​ចិន​មិន​បាន​អែអង់​ឡើយ បាន​ប្រកាស​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ៊ីនធ័រណែត កាល​ពី​ខែ​តុលា​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ពី​អំណើះ​ត​ទៅ​បណ្តាញ​សង្គម​និង​សារ​ទាក់ទង​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័ណែត សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង។

Micro-blogs នេះ​ហើយ​គឺ​ជា​ផ្ទាំងស៊ីប​សំខាន់​ជាង​គេ​របស់​រដ្ឋាភិបាល​ចិន ពីព្រោះ​ស្រដៀង​គ្នា​នឹង​Twitter micro-blogsទាំង​នេះបាន​និង​កំពុង​បន្ត​ក្លាយ​ជា​វេទិកា​មួយ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​សម្រាប់​ទីក្រុង​ប៉េកាំង។ តាំង​ពី​មាន​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់ និង​តាំង​ពី​មាន​គ្រោះថ្នាក់​ភ្លូក​រថភ្លើង​ល្បឿន​លឿន​បំផុត​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​កក្កដាឆ្នាំ២០១១​មក សារ​រាប់​លាន​សន្លឹក​ដែល​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​បង្ហោះ​តាម​micro-blogs។

អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ទប់​ស្កាត់ គឺ​ការ​ប្រើប្រាស់​អ៊ីនធ័រណែត ដើម្បី​ផ្តួចផ្តើម​គំនិត កេណ្ឌ​គ្នីគ្នា​ងើប​បះបោរ​ដូច​នៅ​ទុយនីស៊ី​និង​នៅ​អេហ្ស៊ីប។ អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ឃ្លាំ​មើល​គឺ​ខ្លឹមសារ​នៃ​សារ​électronique ដ្បិត​ក្នុង​គ្រា​បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​micro-blogs ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​១៩០​លាន​នាក់ ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម ព័ត៌មាន​មិន​ពិត និង​សារ​ឃោសនា ក្នុង​គោលដៅ​និយាយ​សម្អុយ​ថ្នាក់​ដឹក​នាំ​ឬ​បង្ក​ចលាចល​ក្នុង​សង្គម។ នៅ​ក្នុង​ន័យ​នេះ កន្លងទៅថ្មីៗនេះ នគរបាល​បាន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​micro-blogs​ជា​ច្រើន​នាក់ ក្នុង​នោះ​រួម​មាន​ជាអាទិ៍​និស្សិត​ម្នាក់​នៅ​ខេត្ត​Yunnan ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ស្តី​ពី​ឃាតកម្ម​មួយ​ដែល​ខ្លួន​បាន​ប្រឌិត​ឡើង​ទាំង​ស្រុង។

ទន្ទឹម​នេះ នៅ​ថ្ងៃ​ទី​២៦​តុលាកន្លងទៅនេះ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​វិទ្យុ ទូរទស្សន៍ និង​ភាពយន្ត បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​មួយ បញ្ជា​ឲ្យ​ទូរទស្សន៍​ទាំង​៣៤​ដែល​ផ្សព្ធផ្សាយ​តាម​បណ្តាញ​ផ្កាយ​រណប កាត់​បន្ថយ​កម្មវិធី​reality TV និង​កម្មវិធី​កម្សាន្ត​ណា​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​ធ្វើ​ឲ្យ​ខូច«តម្លៃ​ជា​សារវន្ត​នៃ​មនោគមវិជ្ជា​សង្គម​និយម»។ អាជ្ញាធរ​ជាតិ​ចង់​ឲ្យ​ទូរទស្សន៍​ជួយ​លើក​តម្កើង កម្រិត​សីលធម៌​របស់​ប្រជាពលរដ្ឋ​«កុំ​ឲ្យ​ឃើញ​តែ​លុយ​និង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពេក»។ បទបញ្ជានេះ​មិនមែន​ធ្លាក់​មក​ដោយ​ចៃដន្យ​ទេ ពីព្រោះកន្លងទៅថ្មីៗនេះ ​សង្គម​ចិន​ទាំង​មូល​មាន​ការ​តក់ស្លុត​ខ្លាំង​នៅ​ចំពោះមុខ​រូបភាព​Video​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​គ្នា​តាម​ប្រព័ន្ធ​អ៊ីធ័រណែត។ គឺ​ជា​រូបភាព​នៃ​ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​បាន​រថយន្ត​បុក​ដួល និង​កិន​ពី​លើ។ ឡាន​បាន​បរ​ទៅ​បាត់ រី​ឯ​មនុស្សម្នា​វិញ​បាន​ដើរ​ធ្វើ​ព្រងើយ មិន​បាន​ចាប់​អារម្មណ៍​សោះ​ឡើយ​ទៅ​លើ​ក្មេង​ស្រី​នោះ ដែល​នៅ​ដេក​ច្រងាង​កណ្តាល​ផ្លូវ។

វិធានការ​ទាំង​អស់​នេះ​ដែល​ដៅ​ទៅ​រក​ការ​រឹត​បន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ពេញ​និយម នោះ​គឺ​អ៊ីនធ័រណែត​និង​ទូរទស្សន៍ ស្តែង​ឲ្យ​ឃើញ​នូវ​ក្តី​ព្រួយ​បារម្ភ​របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​ទាញ​មេរៀន​ពីរ​យ៉ាង​តិច ពី​បដិវត្តន៍​នៅ​ក្នុង​ពិភព​អារ៉ាប់។ ទីមួយ គឺ​បើ​ក្តាប់​អ៊ីនធ័រណែត​មិន​ជាប់​ទេ ហានិភ័យ​សង្គម​ឬ​ហានិភ័យ​នយោបាយ​នឹង​អាច​កើត​ឡើង។ ទីពីរ គឺ​ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​ពង្រឹង​តម្លៃ​នៃ​សីលធម៌​និង​សាមគ្គីធ៌ម ដើម្បី​ប្រឈមមុខ​នឹង​អត្តទត្ថបុគ្គលនិយម ដើម្បី​បង្ការ​ការ​បាក់បែក​ប្រេះឆា​នៃ​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI