កម្ពុជា

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ

សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី
សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី REUTERS/Chor Sokunthea/Files
ដោយ៖ សេង ឌីណា
៣៣ នាទី

សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក​ ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក សម្តេច​ព្រះនរោត្តម សីហនុ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

ផ្សាយពាណិជ្ជកម្ម

ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺ​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចព្រះនរោត្តម សុរាម្រិត និង​ព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គ​បាន​សិក្សា​នៅ​សាលាបារាំង នៅ​ភ្នំពេញ ហើយ​បន្ទាប់មក ​នៅ​វិទ្យាល័យ​បារាំង នៅ​ព្រៃនគរ​ មុននឹង​ត្រូវ​បារាំង​ ដែល​ជា​មហាអំណាច​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ​ នៅ​ខែមេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​​មុនីវង្ស ដែល​ចូល​ទិវង្គត។ នៅពេលនោះ ព្រះបាទ​ព្រះនរោត្តម សីហនុ ទើប​នឹង​ព្រះជន្ម​តែ ១៨​ព្រះវស្សា​តែ​ប៉ុណ្ណោះ។

មានមតិ​ជាច្រើន​យល់ថា ការដែល​បារាំង​ជ្រើសរើស​ព្រះបាទ​នរោត្តម​ សីហនុ ឲ្យ​ឡើង​សោយរាជ្យ ដោយ​រំលង​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះនរោត្តម សុរាម្រិត បែបនេះ គឺ​ដោយសារ​តែ​បារាំង​គិត​ថា ព្រះអង្គ ជា​ព្រះអង្គ​ម្ចាស់​វ័យ​ក្មេង វក់ចិត្ត​តែ​នឹង​សិល្បៈ​ចម្រៀង ភាពយន្ត មិនសូវ​រវីរវល់​នឹង​រឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួល​ក្នុង​ការ​បង្គាប់​បញ្ជា។ បើសិន​ជា​បែបនេះមែន បារាំង​ គឺពិត​​ជា​យល់ខុស ហើយ​ប្រាកដ​ជា​​ខកចិត្ត​មិនតិច​ទេ ពីព្រោះ​ថា ​ព្រះអង្គម្ចាស់​វ័យក្មេង​អង្គនេះ​​ហើយ​ ដែល​ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ ​បានតស៊ូ​​ទាមទារ​​​ឯករាជ្យ​ពី​បារាំង រហូតបាន​សម្រេច នៅ​ឆ្នាំ​១៩៥៣។

ពីរឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ ព្រះបាទ​នរោត្តម សីហនុ បាន​ដាក់រាជ្យ ទៅ​ឲ្យ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត នៅ​ខែ​មេសា ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​​បង្កើត​ និង​ដឹកនាំ​​​ចលនា “សង្គមរាស្រ្តនិយម” ហើយ​ទទួល​ងារជា​ “សម្តេច​ព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក​ សម្តេច​ព្រះនរោត្តម សីហនុ បាន​កាន់​អំណាច​ជាប់រហូត ជា​នាយករដ្ឋមន្រ្តី​ផង និង​ជា​ប្រមុខរដ្ឋ​ផង រហូតដល់​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ព្រះអង្គ​ត្រូវ​បាន​ក្រុម​របស់​សេនាប្រមុខ​លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់​ពី​តំណែង ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។

ក្រោយ​ពី​ត្រូវ​ទម្លាក់​ពីតំណែង ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ម៉ូស្គូ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​បង្កើត​ជា​រណសិរ្ស​រួបរួមជាតិ​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ហើយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់ចូល​ព្រៃ​កាន់អាវុធ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​លន់ នល់។

ថ្ងៃទី១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ដល់​ទីក្រុង​ភ្នំពេញ រំលាយ​របបសាធារណរដ្ឋខ្មែរ ហើយ​បង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មាន​សម្តេច​ព្រះនរោត្តម សីហនុ ជា​ប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញ​ពីតំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ខែ​មករា ឆ្នាំ​១៩៧៩។

មុនពេល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា វាយ​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ សម្តេច​ព្រះនរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភ្នំពេញ តាមយន្តហោះ ទៅ​កាន់ទីក្រុង​ប៉េកាំង ហើយ​នៅ​ឆ្នាំ​១៩៨២ ព្រះអង្គ​បាន​សុខព្រះកាយ ចូល​កាន់តំណែង​ជា​​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដែល​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​និរទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម នៅ​កម្ពុជា។ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​បង្កើត​ចលនា​តស៊ូ​មួយ​ផ្ទាល់​របស់​ព្រះអង្គដែរ គឺ​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ ដែលហៅកាត់​តាម​ភាសាបារាំង​ថា FUNCINPEC។

ក្រោយ​ពី​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​​ឆ្នាំ​១៩៨៩ សម្តេច​ព្រះនរោត្តម សីហនុ បាន​លាលែង​ពីតំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ នៅខែ​កក្កដា ឆ្នាំ​១៩៩១ ដើម្បី​ទៅធ្វើ​ជា​ប្រធាន​ "ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់" ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុងការ​ចរចា​ រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ ដែល​រួមមាន ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច, ចលនា​ខ្មែរ​ក្រហម, រណសិរ្ស​របស់​លោកតា​សឺន សាន និង​ភាគី​​រដ្ឋ​​កម្ពុជា (អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)។

ការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សម្តេច​ព្រះនរោត្តម សីហនុ ដែល​បាន​​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មកហើយ​នោះ ក៏​បាន​យាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។

ថ្ងៃទី២៤ កញ្ញា ឆ្នាំ​១៩៩៣ ៣៨ឆ្នាំ​ ក្រោយ​ពី​បាន​ដាក់រាជ្យ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ឡើងគ្រងរាជ្យ​ជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យ​ជា​លើកទីពីរនេះ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២ គឺ “ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​ តែ​មិន​កាន់​អំណាច”។

១១ឆ្នាំ​ក្រោយ​ការឡើង​គ្រងរាជ្យ​នេះ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ប្រកាស​ដាក់រាជ្យ​ជាលើកទី២ នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០០៤ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​បាន​ចំណាយ​ពេល​ភាគច្រើន​គង់​នៅ​ក្រៅ​ប្រទេស ជាពិសេស គឺ​ដើម្បី​ព្យាបាល​ជំងឺ នៅ​ទីក្រុង​ប៉េកាំង ដែលជាហេតុធ្វើ​ឲ្យ​ព្រះអង្គ​បាត់ព្រះភ័ក្រ្ត ​ឃ្លាត​ព្រះកាយ​ ពី​ទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​ជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ ​នៅតែ​ជា​​​និមិត្តរូប​​នៃ​ការ​បង្រួបបង្រួម​ជាតិ​ និង​ជា​បិតា​ឯករាជ្យ​ជាតិ​ជាប់ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI