អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ត្រចៀក​ខៀវ

សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។ @RFI/Siv Channa
ដោយ៖ ប្រាក់ ធីតា
១៧ នាទី

អ្នក​ជំនាញ​ខាង​ផ្នែក​ជំងឺឆ្លង​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការឆ្លង​ជំងឺ​ឱកាស​និយម​ពី​ការបរិភោគ​សាច់ សត្វ​ជ្រូក​ងាប់​ដោយសារ​ជំងឺ​ត្រចៀក​ខៀវ ដែល​មាន​ដូចជា​ជំងឺ​រលាក​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល​ជាដើម។ ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សត្វ​ជ្រូក​ជាង​១​ពាន់​ក្បាល របស់​អ្នកស្រុក សៀមរាប​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​តែមាន​ជំងឺ​ត្រចៀក​ខៀវ។

ផ្សាយពាណិជ្ជកម្ម

លោក​វេជ្ជបណ្ឌិត​លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួង​សុខាភិបាល បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​បាន​ចាត់វិធានការ​ជាបន្ទាន់ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា មាន​សត្វ​ជ្រូក រាប់ពាន់​ក្បាល់​ងាប់​ដោយសារ​ជំងឺ​ត្រចៀក​ខៀវ។ ការ​ចាត់​វិធានការ​របស់​ក្រសួង​នៅពេលនេះ គឺ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅតាម​មណ្ឌល​សុខភាព​ដែល​នៅក្នុង​តំបន់​នោះ ដើម្បី​ស្វែង​រកមើល​រោគសញ្ញា​ពី​ជំងឺ​ផ្លូវដង្ហើម រលាក​ស្រោមខួរ និង​រលាក​ខួរក្បាល ដែលជា​ជំងឺ​ឱកាសនិយម ហើយ​វា​អាច​ចម្លង​ពី​សត្វ​ជ្រូក​មក​មនុ​ស្សបាន នៅ​ពេល​ដែល​បរិភោគ​មិនបាន​ត្រឹមត្រូវ។

លោក​វេជ្ជ បណ្ឌិត​លី សុវណ្ណ បាន​ឲ្យ​ដឹងថា មេរោគ​ជំងឺ​ត្រចៀក​ខៀវ មិន​ចំលង​មក​មនុស្ស​នោះទេ ប៉ុន្តែ​មេរោគ​ឱកាស​និយម​ដែលមាន​ផ្ទុក​នៅក្នុង​សត្វ​ជ្រូក​ងាប់​បន្ទាប់​ពី​កើត​ជំងឺ​ត្រចៀក​ខៀវ អាច​នឹង​ចម្លង​មក​មនុ​ស្សបាន នៅ​ពេល​ណា​ដែល​បរិភោគ​សាច់​មិនបាន​ឆ្អិន​ល្អ ហើយ​និង​គ្មាន​អនាម័យ​គ្រប់គ្រាន់​នោះ។ អញ្ចឹង​ហើយ​បានជា​លោក​វេជ្ជបណ្ឌិត​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ សត្វ​ជ្រូក​ដែល​ងាប់​នោះ ព្រោះថា​ប្រជាជន​មួយចំនួន​គាត់​មានការ​សោកស្តាយ ហើយ​អ្នកខ្លះ​រហូត​យក​សាច់​នោះ ទៅធ្វើជា​ប្រ​អក​ទុក ទទួលទាន​នៅពេល​ក្រោយ​ទៀត​ក៏មាន។

លោក​បាន​បន្តថា ករណីនេះ​ក៏​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​មនា​ពេលកន្លងមក​ដែរ ហើយ​ក៏មាន​ប្រជាជន​ដែល​បាន​ឆ្លង​មេរោគ​ឱកាសនិយម​ពីស​ត្វ​ជ្រូក​ដែល​ងាប់​នោះ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​នៅពេលនេះ នៅ​មិនទាន់មាន​ឃើញ​ករណី​ឆ្លង​នេះ នៅតាម​មណ្ឌល​សុខភាព ដែល​ក្រសួង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​នោះទេ។ បើទោះបីជា​មិនទាន់​រកឃើញ​នៅពេលនេះ​ក្រសួង​ក៏​នៅតែ​បន្ត​ពិនិត្យមើល​ពី​ស្ថានភាព​របស់​អ្នក​មក​ពិនិត្យ​សុខភាព​ដែរ។

ទន្ទឹមគ្នានេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូបនេះ​ក៏បានផ្តល់​ជា​ដំបូន្មាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ចង់​បរិភោគ​សាច់សត្វ​ជ្រូក​ដែល​ងាប់​នោះ ត្រូវតែ​ចំអិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​មាន​អនាម័យ​នៅពេលដែល​ប៉ះពាល់​សាច់​នោះ។ ហើយ​នៅពេល​ដែលមាន​រោគសញ្ញា​អ្វី​មិន​ស្រួល​កើតឡើង បន្ទាប់ពី​បរិភោគ​សាច់​ទាំងនោះ សូម​ប្រញាប់​នៅ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យមើល ព្រោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា មេរោគ​ឱកាសនិយម​នេះ​គឺមាន​ថ្នាំ​ព្យាបាល​បាន។

បើ​យោងតាម​ប្រធាន​ការ​រិ​យា​ល័យ​លទ្ធកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក​ដែល​បាន​ឆ្លង​ជំងឺ​ត្រចៀក​ខៀវ​នៅក្នុង​ខេត្តសៀមរាប​នៅពេលថ្មីៗនេះ​មាន​រហូតដល់​ជាង ជាង២ពាន់​ក្បាល ខណៈដែល​ជ្រូក​មួយចំនួន​តូច ទទួលបាន​ការព្យាបាល និង​មួយចំនួនធំ​ងាប់​បន្ទាប់ពី​ចាប់ឈឺ​ក្នុង​រយៈពេល​តែ២ទៅ ៣ថ្ងៃ​ប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ