អានតួអត្ថបទ
បម្រាមហោះហើរ

ប៊ូអ៊ីង ផ្អាក​ផលិត​យន្តហោះ​ប្រភេទ737Max

បុគ្គលិកយន្តហោះ Boeing កំពុង​ធ្វើការ​នៅលើ​យន្តហោះប្រភេទ 737 MAX នៅរោងចក្រ Renton ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ខែមីនា ២០១៩
បុគ្គលិកយន្តហោះ Boeing កំពុង​ធ្វើការ​នៅលើ​យន្តហោះប្រភេទ 737 MAX នៅរោងចក្រ Renton ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ខែមីនា ២០១៩ AFP Photos/Jason Redmond
ដោយ៖ ហេង ឧត្តម
១៥ នាទី

ពីសហរដ្ឋអាមេរិក​ ថ្ងៃចន្ទ​ ទី​១៦ធ្នូ ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​ប៊ូអ៊ីង បាន​សម្រេច​ផ្អាក​ផលិត​យន្តហោះ​ប្រភេទ​ 737Max ដោយសារតែយន្តហោះ​ប្រភេទនេះ បាន​ជាប់​បម្រាប​ហាម​​ហោះហើរ។ ការ​ហាម​ហោះហើរនេះ បាន​ត្រូវ​ដាក់​កំណត់​ចំពោះ​ប៊ូអ៊ីង 737Max គឺក្រោយ​ពេលយន្តហោះ​ប្រភេទនេះ បា​នជួបបញ្ហា​គ្រោះថ្នាក់​ធ្លាក់យន្តហោះ ចំនួន​ពីរ ​ផ្ទួន​ៗគ្នា តែក្នុងចន្លោះរយៈ​​ពេល​ប៉ុន្មាន​ខែប៉ុណ្ណោះ។ គ្រោះថ្នាក់​ទាំង​​ពីរលើក​នោះ គឺ​​​​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស ចំនួន ​​៣៤៦ នាក់។

ផ្សាយពាណិជ្ជកម្ម

យន្តហោះប្រភេទ 737Max បាន​ជាប់​បម្រាម​ហាម​ហោះហើរ​ជា​ច្រើន​ខែ​មកហើយ។ នៅទីបំផុត ក្រុមប្រឹក្សារដ្ឋបាលរបស់ក្រុម​ហ៊ុន​ប៊ូអ៊ីង បាន​ជួប​ប្រជុំគ្នា​នៅដើមសប្តាហ៍ និង​បាន​សម្រេច​ចិត្ត​ដ៏​ធំ​ ថាត្រូវ​ផ្អាក​ផលិត​យន្តហោះ​ប្រភេទ​នេះ មួយ​រយៈ​សិន​។ ការ​ផ្អាក​ផលិត​នេះ នឹង​ត្រូវ​ចាប់​ផ្តើ​ម​ពី​ដើម​ខែ​មករា​ ឆ្នាំ​ថ្មី​នេះតែម្តង។

​គួរ​រម្លឹក​ជូនថា នៅ​ខែ​១៣​មីនា ២០១៩ យន្តហោះ​៧៣៧Max ត្រូវ​រង​បម្រាម​ លែង​ឱ្យ​​ហោះហើរសោះ ក្រោយ​ពី​មាន​គ្រោះថ្នាក់​ពីរ។ ម្តង​នៅ​ខែ​តុលា​២០១៨ ស្លាប់​អ្នក​ដំណើរ​១៨៩​នាក់ និងម្តងទៀត នៅ​ថ្ងៃទី១០​មីនា២០១៩ ធ្វើ​ឱ្យ​រលត់​ជីវិត​​អស់​១៥៧​នាក់។

​ពីដំបូង​ឡើង​  ក្រុម​ហ៊ុន​ប៊ូអ៊ីង​ដែល​មាន​មូលដ្ឋាន​ នៅ​ក្រុង​ Seattle នៃ​​រដ្ឋ​វាស៊ីនតោន​ បាន​គិត​ថា​បម្រាម​នេះ អាច​នឹង​ត្រូវ​លើក​ចេញ​វិញ​ នៅ​ចុង​ឆ្នាំ២០១៩​​ ក៏ប៉ុន្តែពេលវេលាចេះ​​តែ​រំលងទៅ ហើយ​ប៊ូអ៊ីង ក៏ត្រូវ​ព្រឹទ្ធ​សភា​អាមេរិក ដាក់​សម្ពាធ​និង​កោះហៅ​ទៅ​ដុះ​ក្អែលយ៉ាងខ្លាំង​ ​ នៅ​តែ​តុលា​។ ចាប់ពីពេល​នោះហើយ ដែល​ក្រុមហ៊ុន​នេះ​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​​បន្ថែមនិង​បានពិចារណា​គិតគូរ​សាជាថ្មី ថា​ត្រូវ​កាត់​បន្ថយ​ការ​ផលិត ឬក៏​​ផ្អាក​ផលិត​737Max តទៅទៀត។

ដោយសារតែ​ជាប់​បម្រាបពីខែមីនា​ ក្រុម​ហ៊ុន​ប៊ូអ៊ីងក៏បាន​សាកល្បង​ កាត់​បន្ថយ​ការ​ផលិតផលិត​យន្តហោះ ចំនួន​១០ ជារៀងរាល់​ខែ។​​ ពោល​គឺ​បញ្ចុះ​ពី​ចំនួន​៥២ មកត្រឹម​៤២។ ក៏ប៉ុន្តែ​៩ខែ​ក្រោយមក​ ការ​​បម្រាបផ្អាក​ការ​ហោះហើរ ​ហាក់​នៅ​មិនទាន់​មានពន្លឺ​នៃក្តីសង្ឃឹម​សោះ។​ ក្រុម​ហ៊ុន​ប៊ូអ៊ីង ទំនង​ជា​អស់​សង្ឃឹម​ថា​នឹង​អាច​ត្រូវ​គេ​ដក​បម្រាប​ចេញ​ភ្លាមៗនោះឡើយ​ ក៏​សម្រេចចិត្ត​ប្តូរ​យុទ្ធ​​សាស្ត្រ​​ពន្យារ​​ផ្អាក​ផលិត​យន្តហោះ ប្រភេទ​737Max នេះ​សិន។​

ក្នុង​ដំណាក់កាល​​នេះ ក្រុម​ហ៊ុន​ប៊ូអ៊ីង ប្រឹង​បង្ហើយ​ដៃ​ បញ្ចូន​និង​បញ្ចេញ​យន្តហោះ​ដែល​គេ​បាន​កក់​ទុករួច​មក​​។ ការ​សម្រេច​ចិត្ត​ផ្អាក​ការ​ផលិត​នេះ​ គឺ​នឹង​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​កម្ម និង​ប្រាក់​ចំណូល ជាពិសេស​ត្រូវ​រ៉ាប់​រង​បុគ្គលិក​និង​កម្មករ​បច្ចេកទេស ចំនួន​ជាង​១ម៉ឺន​២ពាន់នាក់​។ ទោះ​យ៉ាង​នេះក្តី ក្រុមហ៊ុន​បាន​ធានាថានឹង​មិន​បញ្ឈប់​បុគ្គលិក​ណាមួយ​ពីការងារ​ឡើយ។​ ចំណែក​ឯ​របាយការណ៍​ហិរញ្ញវត្ថុ​ពីការ​ខាងបង់​ដោយសារ​គ្រោះថ្នាក់​និងការ​​ខាត​ដោយ​សារ​មិន​ផលិត​យន្ត​នោះ​ គឺត្រូវ​ប៊ូអ៊ីង​សន្យា​ថា​នឹង​ប្រកាស​នៅ​ដើម​ឆ្នាំ​២០២០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ