ផ្កាយរណបចិនចាប់បានរូបភាពវត្ថុអណ្តែតទឹក៣ដុំ អាចជាបំណែករបស់យន្តហោះបូអ៊ីង៧៧៧ដែលបាត់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅល្ងាចថ្ងៃពុធ ម្សិលមិញ ចិនបានប្រកាសថា ផ្កាយរណបខ្លួនបានចាប់បានរូបភាពវត្ថុអណ្តែតទឹកចំនួន៣ដុំ អាចជាបំណែករបស់យន្តហោះបូអ៊ីង៧៧៧ ជើងហោះហើរលេខ៣៧០ ដែលបានបាត់ខ្លួន ចន្លោះប្រទេសវៀតណាម និងម៉ាឡេស៊ី តាំងពីថ្ងៃសៅរ៍មក។ តែរូបភាពសាតឺលីតបង្ហាញពីវត្ថុទាំងនេះ ជារូបភាពថតបានតាំងពីថ្ងៃអាទិត្យមកម្ល៉េះ។ អាជ្ញាធរវៀតណាម និងម៉ាឡេស៊ី បានប្រញាប់ប្រញាល់ចុះទៅរកបំណែកអណ្តែតទឹកទាំងនោះ តែប្រាប់ថា មិនបានរកឃើញអ្វីទាំងអស់។ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានសន្យាបន្តការរុករកយន្តហោះតទៅទៀត ទោះជាយូរប៉ុណ្ណាក្តី ព្រោះថាក្តីសង្ឃឹមនៅតែមាន ទោះជាតិចតួចក៏ដោយចុះ។
វត្ថុអណ្តែតទឹកទាំង៣ដុំ អាចជាបំណែកយន្តហោះបូអ៊ីង៧៧៧ដែលបានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍
វត្ថុអណ្តែតទឹក៣ដុំ ដែលផ្កាយរណបចិនថតរូបភាពបាននោះ មានទំហំ១៣x១៨ម ១៤x១៩ ម និង២៤x២២ម។ យោងតាមរូបភាពផ្កាយរណបចិន វត្ថុទាំងនេះ ស្ថិតនៅ ២០០គីឡូម៉ែត្រ ខាងកើតទីកន្លែងដែលយន្តហោះអោយដំណឹងចុងក្រោយបំផុត មុនពេលបាត់ស្រមោលទៅនោះ។ ដូច្នេះ បើគេគណនាទៅ ប្រសិនបើយន្តហោះផ្ទុះឆេះមែននោះ កំទេចកំទីយន្តហោះគឺអាចធ្លាក់ក្នុងទីកន្លែងដែលផ្កាយរណបចិនថតរូបភាពបាននេះហើយ។ គេឃើញថា កំទេចកំទីទាំងនោះ ស្ថិតនៅក្បែរដែនទឹក ដែលអាជ្ញាធរកំពុងរុករកយន្តហោះទៀត។ ដូច្នេះ គេគិតថា វាអាចជាកំទេចយន្តហោះដែលបាត់ខ្លួនទៅនោះហើយ។
ទោះយ៉ាងនេះក្តី មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យនិងដំណើរការអនុវត្តន៍ផ្កាយរណបចិន ប្រាប់ថា នៅមិនទាន់បានធ្វើការសន្និដ្ឋានពីកំទេចកំទីទាំងនោះនៅឡើយទេ។
ថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃទី៦ហើយ ដែលយន្តហោះបាត់ខ្លួន។ ថ្ងៃនេះ ប្រតិបត្តិការរុករកយន្តហោះបានពង្រីកដល់សមុទ្រ អង់ដាម៉ាន់ លើឆ្នេរម៉ាឡេស៊ី បើគិតទៅ គឺឆ្ងាយពីគន្លងហោះហើរដែលយន្តហោះជើងហោះហើរលេខ៣៧០ អាចប្រើ។ បើគិតពីផ្ទៃក្រឡាដែនទឹករុករកទៀតសោត នៅពេលនេះ គឺមានដល់៩ម៉ឺនគីឡូម៉ែត្រការេឯណោះ គឺស្ទើរតែស្មើផ្ទៃក្រឡាប្រទេសពរទុយហ្កាល់មួយទាំងមូលទៅហើយ។
អ្នកជំនាញអាមេរិកនានាបានអោយដំណឹងថា យន្តហោះនេះប្រហែលជាអាចបន្តហោះហើរបាន៤ម៉ោងបន្ថែមទៀត ក្រោយពេលបានផ្តល់ព័ត៌មានចុងក្រោយបំផុត ដល់អាជ្ញាធរដែនអាកាស។ អ្នកជំនាញអាមេរិកគិតថា អ្នកបើកយន្តហោះ រឺក៏អ្នកណាម្នាក់ក្នុងយន្តហោះ អាចនឹងបង្វែរទិសយន្តហោះ អោយហោះទៅកាន់កន្លែងសំងាត់ណាមួយ ក្រោយពេលបានបិទម៉ាស៊ីនអេឡិចត្រូនិកយន្តហោះ ហៅថា Transpondeurនោះ ដើម្បីផ្តាច់ទំនាក់ទំនងជាមួយអាជ្ញាធរត្រួតពិនិត្យដែនអាកាស។
រូបភាពផ្កាយរណបចិន បង្ហាញពីវត្ថុអណ្តែតទឹក ជារូបភាពថតបានតាំងពីថ្ងៃអាទិត្យ
គេមិនដឹងពីមូលហេតុពិតប្រាកដ ពីការដែលចិនទើបតែបង្ហាញរូបភាពផ្កាយរណបទាក់ទងវត្ថុអណ្តែតទឹកទាំងនេះ នៅល្ងាចថ្ងៃពុធម្សិលមិញទេ។ យោងតាមអ្នកជំនាញ ចិនប្រហែលចង់បង្ហាញពីសមត្ថភាព និងការរីកចំរើនខ្ពស់នៃផ្កាយរណបរបស់ខ្លួន ក្នុងការចាប់រូបភាពទាំងនេះ។ ហើយចិនក៏ប្រហែលចង់ឆ្លើយតបនឹងម៉ាឡេស៊ី ដែលបញ្ចេញប្រតិកម្មការពារខ្លួនពីការរិះគន់ផងដែរ។ ចិនបានរិះគន់ម៉ាឡេស៊ី តាំងតែពីថ្ងៃយន្តហោះបូអ៊ីង៧៧៧ បាត់ខ្លួនដំបូងម្ល៉េះ។ គួររំលឹកថា ក្នុងយន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ អ្នកដំណើរចិនមានច្រើនជាងគេ រហូតដល់ទៅ១៥៣នាក់ ក្នុងចំណោមមនុស្សសរុប២៣៩នាក់ នៅលើយន្តហោះ។ តាំងពីថ្ងៃដំបូង សាច់ញាតិអ្នកដំណើរចិនខឹងសម្បារជាខ្លាំង និងបរិហារថា ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ មិនបានផ្តល់ព័ត៌មានអ្វីជាក់លាក់ ល្អិតល្អន់ទេ។
ក្នុងពីរថ្ងៃ ដំបូងដែលយន្តហោះនៅតែមិនទាន់ត្រូវបានគេរកឃើញ ហើយដែលគ្រប់គ្នាគិតថា អ្នកដំណើរទាំងនោះប្រហែលជាអាចនៅរស់រានមានអាយុជីវិតនោះ ប្រសិនបើចិនបង្ហាញរូបភាពផ្កាយរណប ទាក់ទងបំណែកវត្ថុទាំងនេះ អោយសាច់ញាតិអ្នកដំណើរ អាចនឹងខឹងសម្បារកាន់តែខ្លាំង អាចបង្កភាពច្របូកច្របល់អ្វីមួយក៏ថាបាន។
ម្យ៉ាងទៀត តាំងតែពីថ្ងៃសៅរ៍ ពេលយន្តហោះបាត់ខ្លួនដំបូងមក ក្រៅពីម៉ាឡេស៊ី អាមេរិក វៀតណាម រឺក៏បារាំង សុទ្ធតែបានបង្ហាញបំណងចូលរួមស៊ើបអង្កេតរុករកយន្តហោះ ហើយអាមេរិកថែមទាំងបានបញ្ជូននាវាពិឃាតខ្លួនមកជួយរកទៀតផង។ ទង្វើនេះជាការជំរុញអោយសាច់ញាតិជនរងគ្រោះ នៅតែមានទឹកចិត្តិ និងសង្ឃឹមថា អ្នកដំណើរអាចនៅមានជីវិត។
ចិនមិនអាចបង្ហាញរូបភាពផ្កាយរណបថតបាននៅថ្ងៃអាទិត្យ ភ្លាមៗនោះទេ ព្រោះជារូបភាពអាចអោយគេផ្តោតចិត្តខ្លាំង លើការសន្និដ្ឋានថា យន្តហោះបូអ៊ីងអាចផ្ទុះឆេះ។ ចិនត្រូវទុកពេលអោយសាច់ញាតិជនរងគ្រោះស្ងប់ចិត្តបន្តិចសិន។
គ្រប់គ្នានាំគ្នារិះគន់ម៉ាឡេស៊ីអាជ្ញាធរម៉ាឡេស៊ីយ៉ាងខ្លាំង ថាផ្តល់ព័ត៌មានច្របូកច្របល់ បញ្ច្រាសទិសគ្នា ហើយនៅតែគ្មានលទ្ធភាពដឹងថា យន្តហោះស្ថិតនៅកន្លែងណាអោយពិតប្រាកដ។ ដោយរងការរិះគន់នេះខ្លាំងពេក នៅថ្ងៃពុធ ម្សិលមិញ អាជ្ញាធរម៉ាឡេស៊ីបានចេញមុខការពារខ្លួន ប្រឈមនឹងការរិះគន់។ ប្រហែលដោយសារមូលហេតុនេះហើយ ទើបចិនទប់ចិត្តមិនបាន ហើយបញ្ចេញរូបភាពផ្កាយរណបទាំងនេះមក ព្រោះថា ហេតុអ្វីបានជាអាជ្ញាធរម៉ាឡេស៊ីដែលជាអ្នកទទួលបន្ទុកដឹកអ្នកដំណើរ ហើយគ្មានសមត្ថភាពរកឃើញយន្តហោះដែលបាត់ខ្លួនផងនោះ បែរជាមិនបង្ហាញជំហរទទួលខុសត្រូវខ្ពស់ បែរជាធ្វើការការពារខ្លួននៅចំពោះមុខការរិះគន់ទៅវិញ។
ដូច្នេះ ចិនប្រហែលបញ្ចេញរូបភាពផ្កាយរណបនេះ ដើម្បីអោយអាជ្ញាធរម៉ាឡេស៊ីបើកភ្នែកមើលថា ប្រសិនបើវត្ថុទាំង៣ដុំដែលផ្កាយរណបចាប់រូបភាពបាននោះ ជាបំណែកយន្តហោះបូអ៊ីងមែននោះ គឺមានន័យថា យន្តហោះនោះបានផ្ទុះឆេះសម្លាប់ជីវិតមនុស្ស២៣៩នាក់រួចទៅហើយ។ ដូច្នេះ អាជ្ញាធរម៉ាឡេស៊ីគ្មានហេតុផលអ្វីត្រូវការពារខ្លួន ចំពោះការរិះគន់នោះទេ។
ក្នុងពេលការរុករកយន្តហោះនៅតែបន្តធ្វើបែបនេះ រឿងរ៉ាវខឹងគ្នានេះ ប្រហែលជាមិនអាចបញ្ចប់បានស្រួលឡើយ ព្រោះថា ថ្ងៃព្រហស្បតិ៍នេះ ម៉ាឡេស៊ីបានបដិសេធព័ត៌មានរបស់អាមេរិក ដែលថា យន្តហោះបូអ៊ីង៧៧៧ អាចនឹងបន្តហោះហើរច្រើនម៉ោងទៀត ក្រោយពេលអាជ្ញាធរទទួលបានដំណឹងចុងក្រោយបំផុតនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ