ម៉ាឡេស៊ី-អ៊ុយក្រែន-រុស្ស៊ី

យន្តហោះ​ម៉ាឡេស៊ី​មាន​សៀវភៅ​បច្ចេកទេស​ត្រឹមត្រូវ​

សៀវភៅកត់ត្រា ​​​និង​ផ្កាឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំង​២៩៧​នាក់ នៃ​យន្តហោះ​ម៉ាឡេស៊ីMH17។
សៀវភៅកត់ត្រា ​​​និង​ផ្កាឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំង​២៩៧​នាក់ នៃ​យន្តហោះ​ម៉ាឡេស៊ីMH17។ REUTERS/Michael Kooren

សាខា​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ នៅ​អឺរ៉ុប​បាន​ផ្តល់​ព័ត៌មាន​ថ្ងៃ​សុក្រ​នេះ​ថា យន្តហោះ​បូអ៊ីង​​ម៉ាឡេស៊ី៧៧៧ ដែល​​​ធ្លាក់ឆេះ​នៅ​​ភាគ​ខាងកើត​អ៊ុយក្រែន​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សៀវភៅ​កត់ត្រា​​​​បច្ចេកទេស​​​​ត្រឹមត្រូវ។ ​​ប្រទេស​​ទាំង​១៥​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​​ទាមទារ​​អោយ​មាន​ការ​ស៊ើបអង្កេត​​អន្តរជាតិ ​​​មានភាព​​ល្អិតល្អន់ និង​​​​ឯករាជ្យ ចំពោះ​ហេតុការណ៍​​នេះ។ ប៉ូលិស​អាំងទែរប៉ូលក៏​បាន​សុំខ្លួន​​​ជួយ​ស៊ើបអង្កេត​​​​ផងដែរ។​ ការ​ប្រមូល​​សាកសព​​អាច​ជួបភាព​យឺតយ៉ាវ​ ដោយសារ​តែ​​​ក្រុង​ដូណេត​​​​អ៊ុយក្រែន​ខ្វះ​​​ទីតាំង​ត្រជាក់​ដើម្បី​រក្សា​​សាកសព​ ខណៈ​ ​​ក្រុម​ផ្តាច់ទឹកដី​និយម​និង​​កងទ័ព​អ៊ុយក្រែន​នៅ តែ​បន្ត​​ប្រយុទ្ធគ្នា​​ទៀត​នោះ។ ​​​​ទូរទស្សន៍​រុស្ស៊ី​បានចោទ​អ៊ុយក្រែន​រហូត​ដល់ថ្នាក់​ថា ឃុបខិត​​បាញ់​មីស៊ី​លនេះ​ឡើង​​ដើម្បី​​សម្លាប់​​លោក​ពូទីន។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​​សាខា​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ នៅ​អឺរ៉ុប​​ ​​ យន្តហោះ​បូអ៊ីង​​ម៉ាឡេស៊ី៧៧៧ ដែលប្រហែល​ជា​​បាន​​ត្រូវគ្រាប់​មីស៊ីល​ ​​​​​បាញ់​ធ្លាក់ឆេះ​នៅ​ភាគខាងកើតអ៊ុយក្រែន​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​មាន​សៀវភៅ​កត់ត្រា​​​ផ្នែកបច្ចេកទេស​របស់​ខ្លួន​​ត្រឹមត្រូវ។ ​​ ​យន្តហោះ​នេះ ​បាន​​ទទួល​ការ​ពិនិត្យ​បច្ចេកទេស​​ចុងក្រោយ​​​​នៅ​ថ្ងៃ​១១កក្កដា​កន្លងទៅ​។ យន្តហោះ​មួយ​នេះ ​​មានបទពិសោធន៍​​​​ហោះហើរ​១៧ឆ្នាំ​មកហើយ។ ​​ មុន​​នឹង​​​បាត់​ទំនាក់​ទំនង​​ជាមួយ​​ផ្នែក​ត្រួត​ពិនិត្យ​​ហោះហើរ​នៅ​អ៊ុយក្រែន រាល់​​ប្រព័ន្ធ​ទំនាក់ទំនង​​​របស់​យន្តហោះ​​​​មាន​​ដំណើរការ​​​​ដូច ធម្មតា​​។ ​

គួរបញ្ជាក់​ឡើងវិញ​ថា យន្តហោះ​បូអ៊ីង​​ម៉ាឡេស៊ី ជើងហោះហើរ ​MH17  បាន​ដឹក​​មនុស្ស​​២៩៨នាក់ ចេញ​ពី​ក្រុង​អាំស្ទែរដាំ ប្រទេស​ហូឡង់​ ​ឆ្ពោះ​ទៅ​ក្រុង​កូឡាឡាំពួរ។ ​តែ​​ត្រូវបាន​​ធ្លាក់​មកដី ពេល​ឆ្លង​កាត់​ដែនអាកាស​ភាគខាងកើត​អ៊ុយក្រែន។ គ្មាន​មនុស្ស​​​ណាម្នាក់ក្នុង​យន្តហោះ​នៅ​​រស់​រាន​មាន​ជីវិត​ទេ។ ​រុស្ស៊ី ក្រុម​ផ្តាច់ទឹកដី​និយម​អ៊ុយក្រែន និង​អាជ្ញាធរ​​អ៊ុយក្រែន បាន​ចោទ​គ្នា​ទៅវិញ​ទៅមក​ថា បាន​បង្ក​ហេតុការណ៍​នេះឡើង។ ​​​នៅថ្ងៃសុក្រ​នេះ ទូរទស្សន៍​ផ្លូវការ​​រុស្ស៊ី បាន​​សន្និដ្ឋាន​​​​រហូត​ដល់​​ថ្នាក់​ថា គ្រោះថ្នាក់​​យន្តហោះ​ម៉ាឡេស៊ី​នេះ​​ ​​អាច​​ជា​​ផែនការ​ឃុបខិត​របស់​អ៊ុយក្រែន ដើម្បី​សម្លាប់​លោក​ពូទីន​។ ​យោងតាម​ទូរទស្សន៍​រុស្ស៊ី​ ​មីស៊ីល​​មិនមែន​ចង់​សំដៅ​យន្តហោះ​ស៊ីវិល​ទេ តែ​គឺ​យន្តហោះ​​ប្រធានាធិបតី​រុស្ស៊ី​តែម្តង​ ​ព្រោះថា ​លោក​ពូទីន​​​ធ្វើ​ដំណើរ​​ចូល​មក​រុស្ស៊ី វិញ ក្រោយ​បាន​ទស្សនកិច្ច​៦ថ្ងៃ​នៅ​​មក​ពី​​​អាមេរិក​ឡាទីនមក។ ​

ទូរទស្សន៍រុស្ស៊ី​មួយទៀត ថែមទាំង​​លើកឡើង​ថា ​ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​ក៏​មាន​យន្តហោះ​មួយគ្រឿង​ទៀត​​ ​ក្នុង​ដែន​អាកាសដែរ ហើយ​ពេល​យន្តហោះ​ទី១​​ធ្លាក់ យន្តហោះ​ទី​២​ក៏ហោះ​​ចេញ​​ទៅ​​ក្រុង​​ញេប្រូពេត្រូវ ​Dniepropetrovsk ភាគ​ខាងកើត​អ៊ុយក្រែន​បាត់ទៅ។​ កន្លង មក​ ក្រុម​ផ្តាច់ទឹកដី​និយម​ធ្លាប់​បាន​លើកឡើង​ដែរ​ថា យន្តហោះ​អ៊ុយក្រែន ​​​បាន​ហោះ​​ទៅ​កំទេច​​យន្តហោះ​​ម៉ាឡេស៊ី នៅ​កំពស់​១០គីឡូម៉ែត្រ​ពី​ដី​នេះ។ ​

អង្គការ​​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ​បាន​​ពិភាក្សា​ជាមួយ​ក្រុម​ផ្តាច់ទឹកដី​និយម​​អ៊ុយក្រែន​ដើម្បី​​ជួយ​បើកផ្លូវ​អោយ​​អ្នកស៊ើបអង្កេត​អន្តរជាតិ ​​បាន​ចូលទៅដល់​ទីកន្លែង​កើតហេតុ​ផ្ទាល់។ ​មេដឹកនាំ​ក្រុម​ផ្តាច់ទឹកដី​និយម​​​តំបន់​ដូណេត​ ដែល​កើតហេតុការណ៍​ធ្លាក់​យន្តហោះ​​នេះ​​​ ​បាន​ទាត់ចោល​​បទ​​ឈប់បាញ់​​​ តែ​ព្រម​អោយ​​អ្នកស៊ើបអង្កេត​បានចូល​ទៅ​​ទីកន្លែង​កើតហេតុ។ ​​​

​តួលេខ​អ្នកដំណើរ​​បរទេស​ ក្នុង​យន្តហោះ​ចុងក្រោយ​មាន​ ​ជនជាតិ​ហូឡង់​មាន​ចំនួន​១៨៩នាក់ ម៉ាឡេស៊ី​២៩នាក់ ​អូស្ត្រាលី​​២៧នាក់ ​ឥណ្ឌូណេស៊ី​១២នាក់ ​អង់គ្លេស​៩នាក់ ​អាល្លឺម៉ង់​៤នាក់ ​បែលហ្ស៊ិក ​៤នាក់ ​ហ្វីលីពីន​​៣នាក់ កាណាដា​ម្នាក់ និង​នូវេលសេឡង់​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI