ប្រឈមវិបត្តិ ក្រុមហ៊ុនប៊ូអ៊ីងបញ្ចប់តំណែងអគ្គនាយក ហើយតែងតាំងអគ្គនាយកថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីសហរដ្ឋអាមេរិកថ្ងៃច័ន្ទ ទី២៣ធ្នូ ក្រុមហ៊ុនប៊ូអ៊ីង បានប្រកាសបញ្ចប់តំណែងអគ្គនាយក លោក Dennis Muilenburg។ ការបញ្ឈប់តំណែងអគ្គនាយក ដែលធ្លាប់បានធ្វើការឱ្យក្រុមប៊ូអ៊ីងអស់ពេលជិត២៥ឆ្នាំនេះ គឺដោយសារតែក្រុមហ៊ុនជួបបញ្ហាវិបត្តិផ្ទួនៗ កាលពីឆ្នាំមុននិងបន្តមកឆ្នាំនេះ សម្លាប់មនុស្សជាង៣៤០នាក់។ យន្តហោះប្រភេទ៧៣៧Max របស់ ក្រុមហ៊ុនប៊ូអ៊ីងនេះ ត្រូវអាជ្ញាធរហាមឃាត់មិនឱ្យហោះហើរ រហូតត្រូវបង្ខំចិត្តប្រកាសឈប់ផលិតយន្តហោះប្រភេទ៧៣៧Max ទៀតផង។
មានសញ្ញាបត្រវិស្វករ លោក Dennis Muilenburg ចូលធ្វើការឱ្យក្រុមហ៊ុនប៊ូអ៊ីងនៅក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន តាំងពីឆ្នាំ ១៩៨៥ ដោយផ្តើមដំបូង ពីបុគ្គលិកកម្មសិក្សា ហើយបានឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជាមនុស្សទី១ របស់ក្រុមហ៊ុនប៊ូអ៊ីង នៅឆ្នាំ២០១៦។
នៅខែតុលា២០១៨ យន្តហោះប្រភេទ៧៣៧Max របស់ក្រុមហ៊ុនប៊ូអ៊ីង បានជួបគ្រោះថ្នាក់ធ្លាក់ បណ្តាលឱ្យស្លាប់អ្នកដំណើរ១៨៩នាក់។ មិនបានប៉ុន្មានខែផង ក្នុងមីនាឆ្នាំ២០១៩នេះ គឺយន្តហោះប្រភេទ៧៣៧Maxបានធ្លាក់មួយទៀត សម្លាប់មនុស្ស ចំនួន១៥៧នាក់។ សរុបទាំងពីរលើកគឺបាត់បង់ជីវិតមនុស្ស ចំនួន ៣៤៦ នាក់។ យន្តហោះប្រភេទនេះ ក៏ត្រូវរងបម្រាម លែងឱ្យហោះហើរសោះ។ ក្រោយមក ក្រុមហ៊ុនប៊ូអ៊ីង ត្រូវសម្រេចចិត្ត កាត់បន្ថយការផលិត៧៣៧Max និងបន្ទាប់មកទៀត ក៏ប្រកាសឈប់ផលិតតែម្តង កាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៣ធ្នូ ក្រុមហ៊ុនប៊ូអ៊ីង បញ្ជាក់ថា «ការបញ្ចប់មុខតំណែងលោកអគ្គនាយកក្រុមហ៊ុន និងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី គឺដើម្បីស្តារទំនុកចិត្តឡើងវិញ នៅក្នុងក្រុមហ៊ុន ហើយក៏ដើម្បីពង្រឹងទំនាក់ទំនងជាថ្មី ឱ្យល្អ ជាមួយអតិថិជន ដៃគូសហការ និងជាមួយអាជ្ញាធរមានសមត្ថកិច្ច»។
ក្បាលម៉ាស៊ីនដឹកនាំថ្មី របស់ក្រុមហ៊ុនយន្តហោះប៊ូអ៊ីង គឺលោក David Calhoun។ លោកនេះ អាយុ៦២ឆ្នាំ មានជំនាញឯកទេសខាងគ្របគ្រងហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រទីផ្សារ ច្រើនជាងជំនាញខាងបច្ចេកទេសយន្តហោះ។ អ្នកវិភាគ និងអ្នកជំនាញ មួយចំនួន យល់ឃើញថា «នៅក្នុងដំណាកកាលខ្លី និងដើម្បីដោះស្រាយវិបត្តិលុយកាក់ ការដាក់លោក ដេវីដ ខាលហូន ឱ្យដោះស្រាយ គឺជារឿងល្អ ប៉ុន្តែបើសម្រាប់ការដឹកនាំក្រុមហ៊ុនប៊ូអ៊ីងវែងឆ្ងាយទៅមុខ គេមិនប្រាកដថាល្អឡើយ»។
លោក David Calhoun មានបទពិសោធចាស់វស្សានៅក្រុមហ៊ុនអគ្គិសនី General Electric និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងចាត់ចែងទៅទូនៅក្រុមហ៊ុនឯកជនខាងវិនិយោគ Blackstone។ លោក នឹងចូលកាន់តំណែងដឹកនាំក្រុមហ៊ុនយន្តហោះប៊ូអ៊ីង នៅថ្ងៃទី១៣មករា ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ